(ហ្វីលីពីន)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើដល់វិនិយោគិនហ្វីលីពីន សិក្សានាំចូលអង្ករក្រអូបប្រណិតរបស់កម្ពុជា ដើម្បីមកធ្វើពាណិជ្ជកម្មនៅក្នុងប្រទេស គ្រាដែលអង្គរប្រណិតក្រអូបរបស់កម្ពុជានេះ បានបន្ដឈ្នះពានរង្វាន់អង្ករល្អបំផុតក្នុងពិភពលោក។
តាមរយៈសុន្ទរកថាគន្លឹះពិសេសក្នុង «វេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន» នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រាប់ទៅកាន់ធុរកិច្ចជនហ្វីលីពីនថា អង្ករក្រអូបប្រណិតកម្ពុជា បានឈ្នះពានរង្វាន់អង្ករល្អប្រណិតដាច់គេ ចំនួន៦លើកមកហើយ រាប់ចាប់តាំងពីឆ្នាំ២០១២មក។
សម្ដេចមហាបវរធិបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា «អង្ករក្រអូប និងមានគុណភាពរបស់កម្ពុជា បានឈ្នះពានរង្វាន់អង្ករល្អបំផុតក្នុងពិភពលោក ចំនួន៦លើក ចាប់តាំងពីឆ្នាំ២០១២ រួមបញ្ចូលទាំងពានរង្វាន់សន្និសីទស្រូវអង្ករពិភពលោក ឆ្នាំ២០២៤ នាទីក្រុងម៉ានីឡា។ ក្នុងន័យនេះ សូមអញ្ជើញធុរកិច្ចជនហ្វីលីពីន ដើម្បីនាំចូលអង្ករផ្ទាល់ពីកម្ពុជា សម្រាប់ធ្វើពាណិជ្ជកម្ម»។
សូមរំលឹកថា អង្ករក្រអូបប្រណិតកម្ពុជា បានឈ្នះពានរង្វាន់អង្ករល្អប្រណិតផ្តាច់គេ លើពិភពលោកជាលើកទី៦ ក្នុងការប្រកួតអង្ករល្អផ្តាច់គេលើពិភពលោក (World Best Rice) នៅក្នុងកម្មវិធី «សន្និសីទស្រូវអង្ករពិភពលោកឆ្នាំ២០២៤» នាទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយវិទ្យាស្ថានគ្រាប់ធុញ្ញជាតិអន្តរជាតិ International Commodity Institute (ICI) និង The Rice Trader (TRT) របស់សហរដ្ឋអាមេរិក៕