Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញវិនិយោគិនពីគ្រប់ទិសទី មកស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា រាជរដ្ឋាភិបាលប្តេជ្ញាជួយសម្រួលធ្វើឱ្យការវិនិយោគដោយរលូន និងជោគជ័យ (Video inside)

10-02-2025 16:49

(ហ្វីលីពីន)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់វិនិយោគិនគ្រប់ទិសទីទាំងអស់ សូមអញ្ជើញមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដោយរាជរដ្ឋាភិបាល​ប្តេជ្ញាចិត្តជួយសម្របសម្រួល ធ្វើឱ្យការវិនិយោគទាំងនោះរលូន និងជោគជ័យ។

ការអំពាវនាវរបស់សម្តេចបវរធិបតីធ្វើឡើងក្នុងអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន នៅប្រទេសហ្វីលីពីន នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានវិនិយោគិនចូលរួមសរុបចំនួន ២០៩នាក់ ដែលមកពីបណ្តាក្រុមហ៊ុនចំនួន ១៥១ក្រុមហ៊ុន។

សម្តេចបានថ្លែងដូច្នេះថា «ខ្ញុំសូមអញ្ជើញវិនិយោគិនពីគ្រប់ទិសទីទាំងអស់ មកស្វែងយល់អំពីកាលានុវត្តភាពដ៏សំបូរបែប នៅក្នុងទីផ្សារដែលកំពុងរីកលូតលាស់យ៉ាងឆាប់ ប្រកបដោយចីរភាព តាមរយៈយន្តការគាំទ្រ និងគន្លិះដ៏គ្រប់ជ្រុងជ្រោយ។ រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាសម្របសម្រួល និងធ្វើឱ្យការវិនិយោគរបស់អ្នក ទទួលបាននូវបទពិសោធន៍ដ៏រលូន និងជោគជ័យ»

នៅចំពោះមុខអ្នកវិនិយោគ និងពាណិជ្ជករហ្វីលីពីន សម្តេចបវរធិបតីបានថ្លែងអញ្ជើញអ្នកទាំងនោះមកកម្ពុជា ទាំងអ្នកដែលមិនធ្លាប់អញ្ជើញមកកម្ពុជា និងអ្នកធ្លាប់អញ្ជើញ សូមបន្តអញ្ជើញទៅកម្ពុជាបន្តទៀត។ សម្តេចថ្លែងថា អាស៊ីអាគ្នេយ៍មិនធំពេកទេ ប៉ុន្តែយើងមានទីផ្សារធំ យើងមានបេះដូងធំ។

សូមជម្រាបថា កម្ពុជា ជាប្រទេសដែលពោរពេញទៅដោយសក្តានុពល សម្រាប់វិនិយោគជាច្រើនឥតគណនា សម្រាប់វិនិយោគិនធ្វើការបោះទុនវិនិយោគ ដោយហេតុថា កម្ពុជាបានរក្សាបាននូវស្ថិរភាពកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយក្នុងមួយឆ្នាំ ដែលសម្រេចបាននូវវឌ្ឍនភាពលើគ្រប់វិស័យ ដោយទំហំផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង ១០ដង ពី ៣.១១ពាន់លានដុល្លារក្នុងឆ្នាំ១៩៩៨ ដល់ ២៩.៦០ពាន់លានដុល្លារនៅឆ្នាំ២០២២។

សន្ទុះនៃការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) បានកើនឡើង ១៥ដងក្នុងចន្លោះឆ្នាំ២០០៧-២០២២ យោងតាមតារាង​ FDI Standouts Watchlist 2024, កម្ពុជាបានឈរលើលេខរៀងទី១ នៃប្រទេសដែលមានសន្ទុះការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ដោយទទួលបានពិន្ទុ Index Score ៩៦.១១ លើ១០០។ លើសពីនេះ កម្ពុជាសម្បូរដោយកម្លាំងពលកម្ម ដែលមានវ័យក្មេង ប្រកបដោយសក្តានុពល និងជាកាតាលីករដ៏សំខាន់នៅក្នុងចរន្តសេដ្ឋកិច្ចជាតិ។

កម្ពុជាក៏បានធ្វើទំនើបកម្មហេដ្ឋារចនសម្ព័ន្ធរូបវន្តបានយ៉ាងល្អប្រសើរ រាប់ចាប់ពីអាកាសយានដ្ឋានអន្តរជាតិ កំពង់ផែទឹកជ្រៅ ផ្លូវគោក ផ្លូវទឹក ក៏ដូចជាប្រព័ន្ធឡូជីស្ទីក បូកផ្សំនឹងទីតាំងដ៏មានសក្តានុពលដែលផ្តល់នូវកាលានុវត្តភាពប្លែកពីគេសម្រាប់វិនិយោគ។ ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល​ នីតិកាលទី៧ ក៏បានបន្ថែមនូវមុំយុទ្ធសាស្ត្រថ្មីបន្ថែម លើបច្ចេកវិទ្យា ដែលកំពុងតែសាយភាយលូតលាស់ពេញ ស្រទាប់យុវជនវ័យក្មេងរបស់កម្ពុជា ដោយអភិវឌ្ឍបាននូវប្រព័ន្ធឌីជីថល សម្រាប់ប្រើប្រាស់បានដ៏ល្អប្រសើរ៕