(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អតីតមេដឹកនាំដែលបានសាងស្នាដៃមហាសាលសម្រាប់ជាតិកម្ពុជា ជាពិសេសការបញ្ចប់សង្គ្រាមហែកហួរនោះ ត្រូវបានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា មានមូលដ្ឋាននៅប្រទេសឥណ្ឌូនេស៊ី អញ្ជើញចែករំលែកបទពិសោធន៍ពាក់ព័ន្ធការដឹកនាំ និងការបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា។
ដំណឹងពាក់ព័ន្ធកម្មវិធីចែករំលែកបទពិសោធន៍នៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានលើកមកជជែកក្នុងជំនួបរវាងសម្តេចតេជោ ជាមួយលោកសាស្រ្តាចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) និងសហការី នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
សម្តេចតេជោ ហ៊ុន សែន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការអញ្ជើញជួបសម្តែងការគួរសមរបស់លោកសាស្រ្តាចារ្យ Tetsuya Watanabe និងសហការី ដែលបានចូលជួបសម្តែងការគួរសម និងពិភាក្សា អំពីការរៀបចំដំណើរទស្សនកិច្ចរបស់សម្តេចនៅឥណ្ឌូនេស៊ី ជាពិសេសរៀបចំការធ្វើបាឋកថាគន្លឹះស្តីពីភាពជាអ្នកដឹកនាំនៅវិទ្យាស្ថាន ERIA។
ក្នុងដំណើរទស្សនកិច្ចនៅឥណ្ឌូនេស៊ីនាពេលខាងមុខនេះ សម្តេចតេជោ បានសម្តែងក្តីរីករាយនឹងជួបប្រធានាធិបតីឥណ្ឌូនេស៊ី Prabowo Subianto ដែលជាមិត្តចាស់ និងទស្សនាអគ្គលេខាធិការដ្ឋានអាស៊ានផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរសាលាសិក្សាស្តីពីរដ្ឋាភិបាលនៃវិទ្យាស្ថាន ERIA ដែលទើបសម្ពោធកាលពីពេលថ្មីៗ ក្នុងឆ្នាំ២០២៤ នៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី និងសង្ឃឹមថា សាលាសិក្សាស្តីពីរដ្ឋាភិបាលនេះ នឹងសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ដើម្បីជំរុញភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ នៅក្នុងតំបន់អាស៊ាន។
ក្នុងជំនួបនោះ លោកសាស្រ្តាចារ្យ Tetsuya Watanabe បានសម្តែងនូវក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃទទួលជួបជាមួយលោក និងសហការី ជាពិសេសការទទួលយកការអញ្ជើញរបស់វិទ្យាស្ថាន ERIA ក្នុងការថ្លែងបាឋកថាពិសេស ស្តីពីបទពិសោធន៍របស់សម្តេចផ្ទាល់ អំពីដំណើរស្វែងរកសន្តិភាព ការឯកភាពទឹកដី និងការអភិវឌ្ឍកម្ពុជា។
លោកសាស្រ្តាចារ្យ Tetsuya Watanabe បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសពីពេលសម្តេចតេជោនៅជានាយករដ្ឋមន្ត្រី ចាប់តាំងពីដំណាក់កាលផ្តួចផ្តើមបង្កើតវិទ្យាស្ថាននៅឆ្នាំ២០០៧ និងដំណើរការរហូតមកដល់ពេលនេះ។
លោកសាស្រ្តាចារ្យ Tetsuya Watanabe បានបន្តថា ក្នុងនាមជាអ្នកបន្តវេនពីលោកសាស្រ្តាចារ្យ Hidetoshi Nishimura, លោកកំពុងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងបានពិភាក្សាភាពជាដៃគូរវាងវិទ្យាស្ថាន ERIA និងកម្ពុជា លើកិច្ចការស្រាវជ្រាវ និងសហប្រតិបត្តិការលើវិស័យនានា រួមមាន ធនធានមនុស្ស សេដ្ឋកិច្ច ឧស្សហកម្ម ថាមពល បច្ចេកវិទ្យា និងនវានុវត្តន៍...។
លោកសាស្រ្តាចា្យ ក៏បានសហការជាមួយលោកបណ្ឌិត កៅ គឹមហ៊ួន អគ្គលេខាធិការអាស៊ាន ដើម្បីជំរុញសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ជាពិសេសតួនាទីរបស់សាលាសិក្សាអំពីរដ្ឋាភិបាលនៃវិទ្យាស្ថាន ERIA ដើម្បីជំរុញ និងចែករំលែកភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចឱ្យបានល្អប្រសើរនៅក្នុងអាស៊ាន និងតំបន់អាស៊ីអាគ្នេយ៍ ដល់ថ្នាក់ដឹកនាំវ័យក្មេង។
លោកសាស្រ្តាចារ្យ Nobuhiro Aizawa ព្រឹទ្ធបុរស និងជាប្រធានសាលាសិក្សាអំពីរដ្ឋាភិបាលនៃវិទ្យាស្ថាន ERIA បានសង្កត់ធ្ងន់អំពីភាពចាំបាច់មិនអាចខ្វះបាន ដែលពិភពលោកគួររៀនសូត្រពីតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចតេជោ ដែលត្រូវបានអនុវត្តជាក់ស្តែងនៅកម្ពុជា និងតំបន់ផងដែរ។ លោកសាស្រ្តាចារ្យ ក៏បានគូសបញ្ជាក់ថា កិច្ចការជាច្រើនដែលសម្តេចតេជោបានធ្វើ និងសម្រេចបាន មិនទាន់ត្រូវបានសិក្សាស្រាវជ្រាវ វាយតម្លៃ និងទាញយកបទពិសោធន៍ដ៏មានតម្លៃនេះ គ្រប់គ្រាន់នៅឡើយទេ។
លោកសាស្រ្តាចារ្យ បានបន្តថា លោកចង់ឱ្យអាស៊ាន និងតំបន់អាស៊ីអាគ្នេយ៍ បានស្តាប់អំពីកិច្ចការដែលសម្តេចតេជោសម្រេចបាននៅកម្ពុជា និងជាមួយដៃគូនានា រួមទាំងប្រទេសជិតខាង ក្នុងការកសាងមូលដ្ឋានគ្រឹះសេដ្ឋកិច្ច និងអនាគតរបស់កម្ពុជា និងតំបន់។ លោកសាស្រ្តាចារ្យ បានវាយតម្លៃខ្ពស់ចំពោះបាឋកថាគន្លឹះរបស់សម្តេចតេជាថា នឹងជួយឱ្យអ្នកជំនាន់ក្រោយ សិក្សារៀនសូត្រកាន់តែស៊ីជម្រៅអំពីអាស៊ាន និងថ្នាក់ដឹកនាំកំពូលរបស់អាស៊ាន ជាពិសេសសម្តេចតេជោ។
សម្តេចតេជោ ហ៊ុន សែន បានអរគុណលោកសាស្រ្តាចារ្យ Tetsuya Watanabe និងលោកសាស្រ្តាចារ្យ Nobuhiro Aizawa ចំពោះពាក្យពេចន៍ និងការវាយតម្លៃខ្ពស់ចំពោះបទពិសោធន៍ និងតួនាទីសម្តេចតេជោ ក្នុងការកសាងសន្តិភាពនៅកម្ពុជា និងតំបន់។ សម្តេចតេជោ បានកត់សម្គាល់អំពីតួនាទី និងសារៈសំខាន់នៃវិទ្យាស្ថាន ERIA ក្នុងការសិក្សាស្រាវជ្រាវ និងការរៀបចំវេទិកាសេដ្ឋកិច្ចតំបន់ ដោយមានការចូលរួមពីប្រទេសអាស៊ីបូព៌ា ប្រទេសសេដ្ឋកិច្ចធំៗ និងប្រទេសនានាលើពិភពលោកផងដែរ។ សម្តេចតេជោ បានបន្តថា ការរៀបចំវេទិកាក្នុងទម្រង់ពីតូចទៅធំរបៀបនេះ ជាជំហានយុទ្ធសាស្រ្តដែលវិទ្យាស្ថាន ERIA គួរគិតគូរ។
សម្តេចតេជោ បានបញ្ជាក់ថា សម្តេចរីករាយនឹងចែករំលែក បទពិសោធគន្លឹះជាច្រើន ដែលសម្តេចមិនមានពេលគ្រប់គ្រាន់ក្នុងការចែករំលែកក្នុងវេទិកានានាកាលពីពេលកន្លងទៅ។ សម្តេចតេជោ បានលើកឡើងថា បទពិសោធរបស់សម្តេច ក្នុងការបញ្ចប់សង្គ្រាមនៅកម្ពុជា តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ ដោយមិនប្រើគ្រាប់កាំភ្លើង សូម្បីមួយគ្រាប់ ប្រហែលជាគ្មានទេនៅលើពិភពលោក។ សម្តេចតេជោ ក៏បានរំឭកអំពីការយកជីវិតទៅប្តូរនឹងការទទួលបានសន្តិភាពទាំងមូលនៅកម្ពុជាសម្រាប់រយៈពេលវែងនេះ។
សម្តេចតេជោអតីតមេដឹកនាំដែលបានប្រឹងប្រែងបញ្ចប់សោកនាដកម្មនៃការបែកបាក់នៅកម្ពុជា បានគូសបញ្ជាក់ថា រយៈកាល ២៦ឆ្នាំកន្លងមកនេះ កម្ពុជាកសាង និងរក្សាបានសន្តិភាព ដែលជាសន្តិភាពវែងជាងគេ ក្នុងប្រវត្តិសាស្រ្ត៥០០ឆ្នាំចុងក្រោយរបស់កម្ពុជា។ សម្តេចតេជោ បានបន្ថែមថា ក្រោយពីបញ្ចប់សង្រ្គាមផ្ទៃក្នុងទាំងស្រុង សម្តេចបានដាក់ចេញនូវគោលដៅយុទ្ធសាស្រ្ត ប្រែក្លាយតំបន់អតីតសមរភូមិ ឱ្យទៅជាទីផ្សារ និងតំបន់អភិវឌ្ឍ និងការប្រែក្លាយតំបន់តាមព្រំដែនជាតំបន់កិច្ចសហប្រតិបត្តិការល្អ។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងថា គោលដៅយុទ្ធសាស្រ្តទាំងពីរនេះ សម្តេចតេជោ សម្រេចបានជាង ៩០ភាគរយ រួចហើយមកទល់នឹងពេលនេះ ហើយទំហំពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសជិតខាង ក៏បានកើនឡើងជាលំដាប់។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា ទាំងនេះ គឺជាទ្រឹស្តី និងយុទ្ធសាស្រ្តរបស់សម្តេចផ្ទាល់ ដែលនៅកម្ពុជា គេស្គាល់ថាជា «ទ្រឹស្តី និងយុទ្ធសាស្រ្ត ហ៊ុន សែន»។
សម្តេចតេជោ បានរំឭកផងដែរពីមូលហេតុដែលសម្តេច ត្រូវតែដឹកនាំកម្ពុជាចូលជាសមាជិកអាស៊ាន។ សម្តេចតេជោ បន្តបញ្ជាក់ថា ប្រទេសសមាជិកអាស៊ានមានវប្បធម៌ប្រហាក់ប្រហែលគ្នា ដែលនេះជាកាលានុវត្តភាពក្នុងការផ្លាស់ប្តូរពាណិជ្ជកម្មរវាងគ្នា និងរវាងអាស៊ានជាមួយដៃគូផ្សេងៗទៀត តាមរយៈកិច្ចព្រមព្រៀងផ្លាស់ប្តូរពាណិជ្ជកម្មសេរី កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាដើម។
សម្តេចតេជោ ក៏បានគូសរំលេចថា អាស៊ានមិនអាចធៀបខ្លួនជាមួយតំបន់ណាមួយទេ គួរសំលឹងមើលអាស៊ានខ្លួនឯង តាមបែបប្រាកដនិយម និងសិក្សាពីខ្លួនឯង និងអ្នកជិតខាងឱ្យបានម៉ត់ចត់ដោយ «យើងមិនអាចរត់រកឡានទឹកឆ្ងាយ នៅពេលភ្លើងឆេះផ្ទះនោះទេ»។
លោកសាស្រ្តាចារ្យ Tetsuya Watanabe បានសម្តែងនូវក្តីសោមនស្សរីករាយជាទីបំផុតដោយបានសិក្សារៀនសូត្របានច្រើននាឱកាសជំនួបនេះ និងថ្លែងថា បាឋកថារបស់សម្តេចតេជោ នៅវិទ្យាស្ថាន ERIA នាពេលខាងមុខនេះ គឺជាប្រវត្តិសាស្រ្ត ដើម្បីអាចឱ្យតំបន់បានសិក្សារៀនសូត្របន្ថែម។ តាមរយៈបាឋកថានេះ លោកសាស្រ្តាចារ្យ យល់ថា ប្រទេសជាសមាជិកអាស៊ាន ប្រទេសនានានៅក្នុងតំបន់ និងក្រៅតំបន់ នឹងបានស្តាប់ឮអំពីកិច្ចខិតខំប្រឹងប្រែង និងកិច្ចផ្តួចផ្តើម របស់កម្ពុជាក្នុងការកសាង និងរក្សាបានសន្តិភាពក្នុងប្រទេស ក៏ដូចជាតំបន់ និងពិភពលោក៕