(ក្រចេះ)៖ នៅព្រឹកថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ លោក គង់ គឹមនី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទខេត្ត (PWG ) តំណាងលោក វ៉ា ថន អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ស្រុកសំបូរ ទទួលបានជយ័លាភីបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF)។

លោក គង់ គឹមនី អភិបាលរងខេត្ត បានថ្លែងអំណរគុណរដ្ឋបាលស្រុកសំបូរ រដ្ឋបាលឃុំទាំងអស់នៃស្រុកសំបូរ មន្ទីរជំនាញពាក់ព័ន្ធ និងអង្គការដៃគូរអភិវឌ្ឍន៍ ព្រមទាំងប្រជាពលរដ្ឋ ដែលបានចូលរួមសហការគ្នា លើកកម្ពស់អនាម័យបរិស្ថានតាមរយៈការប្រើប្រាស់បង្គន់អនាម័យ និងការប្រើប្រាស់ទឹកស្អាតនៅតាមមូលដ្ឋាន រហូតទទួល បានជោគជ័យ និងបិទបញ្ចប់ (ODF)។

លោកបានថ្លែងថា សមិទ្ធផលនៃការបញ្ចប់បន្ទោរបង់ពាសវាលពាសកាលនៅស្រុកសំបូរ នាពេលនេះ ពិតជាបានចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍជាតិ ជាពិសេសប្រជាពលរដ្ឋនៅក្នុងស្រុក បានបង្កើនលទ្ធភាព ក្នុងការទទួលបាននូវប្រាក់ចំណូល មានសុខុមាលភាពល្អ ជីវភាពសមរម្យ អនាម័យបរិស្ថានស្អាត ដែលជាភាពសុខសាន្ត របស់បងប្អូនប្រជាពលរដ្ឋ។ ព្រោះថាបើការរស់នៅមិនមានអនាម័យ មិនមានទឹកស្អាតប្រើប្រាស់ ជាប្រភពនាំឱ្យកើតជំងឺឆ្លង ដែលជាហេតុនាំឱ្យប៉ះពាល់ដល់សុខភាពទាំងរូបរាងកាយ និងសតិបញ្ញាស្មារតី ជាពិសេសធ្វើឱ្យខាតបង់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិផងដែរ។

លោកបន្តថា ការសម្រេចបានសមិទ្ធផលនេះ គឺពិតជាកើតឡើងដោយសារការចូលរួមសហការគ្នាគ្រប់ភាគីពាក់ព័ន្ធក្នុងការតាំងចិត្ត ការប្តេជ្ញាចិត្ត រួមគំនិតគ្នាធ្វើ ដើម្បីទទួលបាននូវជោគជ័យ នៃការបញ្ចប់បន្ទោបង់ពាសវាលពាសកាល (ODF) នាពេលនេះ ក្នុងនាមរដ្ឋបាលខេត្ត ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់បានប្តេជ្ញាចិត្តដាក់ចិត្ត ដាក់កាយមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងបានលះបង់ពេលវេលា ដូចជាការគាំទ្រសម្ភារថវិកាចុះផ្ទៀងផ្ទាត់ (ODF) ការសាងសង់បង្គន់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ និងបានត្រួតពិនិត្យតាមដានជំរុញដល់រដ្ឋបាលក្រុង-ស្រុក តាមរយៈកិច្ចប្រជុំប្រចាំខែរបស់គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ក៏ដូចវេទិកានានានៅថ្នាក់ក្រុង-ស្រុក ឃុំ-សង្កាត់ និងអនុវត្តន៍តាមគោលនយោបាយ ផែនការយុទ្ធសាស្រ្តជាតិរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយមានការចូលរួមសហការពីថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ជាពិសេសការចូលរួមសហការរបស់ប្រជាពលរដ្ឋដែល មិនអាចខ្វះបាន ពីព្រោះថាការរស់នៅរបស់ពលរដ្ឋសព្វថ្ងៃមានភាពស៊ីវិល័យទៅតាមការរីកចម្រើននៃប្រទេសជាតិ ដែលត្រូវការភាពស្អាត និងអនាម័យល្អ៕