(ម៉ានីល, ហ្វីលីពីន)៖ បន្ទាប់ពីអញ្ជើញដល់ប្រទេសហ្វីលីពីន នៅរសៀលថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន ដែលជាវេទិកាដ៏មានសារៈសំខាន់ជំរុញការធ្វើធុរកិច្ចរវាងកម្ពុជា និងហ្វីលីពីន។
ក្នុងវេទិកានេះ មានវិនិយោគិនចូលរួមសរុបចំនួន ២០៩នាក់ ដែលមកពីបណ្តាក្រុមហ៊ុនចំនួន ១៥១ក្រុមហ៊ុន ។
រាជរដ្ឋាភិបាលនីតិកាលទី៧ បាន និងកំពុងបន្តការទាក់ទាញវិនិយោគិនបរទេស និយាយជារួម និងវិនិយោគិនហ្វីលីពីន និយាយដោយឡែក តាមរយៈការរៀបចំវេទិកាធុរកិច្ច ក្នុងគោលដៅផ្សព្វផ្សាយ អំពីសក្តានុពលវិនិយោគនៅកម្ពុជា ក៏ដូចជាយន្តការលើកទឹកចិត្តដល់វិនិយោគិន រួមទាំងច្បាប់នៃការវិនិយោគរបស់កម្ពុជា។ វេទិកានេះ ក៏ដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែមអំពីកម្ពុជា ដល់វិនិយោគិនគ្រប់រូប ក្នុងការសិក្សា ឈ្វេងយល់បន្ថែមអំពីឱកាសវិនិយោគ និងវិស័យសក្តានុពលដែលទីផ្សារកម្ពុជាកំពុងត្រូវការ។
ក្នុងវេទិកាធុរកិច្ចនេះ ក៏មានការចុះអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន២ផងដែរ។ ឯកសារទាំងពីរនោះរួមមាន៖
១) អនុស្សរណៈយោគយល់រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មហ្វីលីពីន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
២) អនុស្សរណៈយោគយល់រវាងសាកលវិទ្យាល័យអាស៊ីអឺរ៉ុប និង World Citi College ដើម្បីរួមគា្នអភិវឌ្ឍវិស័យអប់រំ ជាពិសេសបង្កើតវគ្គបណ្តុះបណ្តាលលើជំនាញគិលានុបដ្ឋាយិកា៕