(ភ្នំពេញ)៖ អ្នកប្រើប្រាស់បណ្ដាញសង្គមដែលមានប្រជាប្រិយភាពម្នាក់ឈ្មោះ «អាចារ្យធំ នគររាជ» នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានភ្ញាក់ខ្លួនដឹងកំហុស និងចេញមុខមកសុំទោសជាសាធារណៈទៅកាន់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចំពោះការចែកចាយនូវព័ត៌មានបំភ្លៃ ករណីប្រឌិតចោរប្លន់នៅខណ្ឌសែនសុខ ខណៈម្ចាស់ម៉ូតូជាអ្នកយកទៅលក់ដោយខ្លួនឯង។
ម្ចាស់គណនីអាចារ្យធំ នគររាជ រូបនេះ បានបង្ហោះសារយ៉ាងដូច្នេះថា «ខ្ញុំបាទម្ចាស់ អាខោនហ្វេសប៊ុក @អាចារ្យធំនគររាជ សូមធ្វេីការសុំទោសជាសាធារណ:គោរពជូនចំពោះ ឯកឧត្តម ស្នងការរាជធានីភ្នំពេញ ជួន ណារិន្ទ ចំពោះករណីដែលខ្ញុំបានស៊ែរបង្ហោះនូវព័ត៌មានមិនពិត អំពីករណីជនជាម្ចាស់ម៉ូតូ យកម៉ូតូទៅលក់ដោយខ្លួនឯង ហេីយក្លែងប្រឌិតព័ត៌មានថាមានរឿងចោរប្លន់ទៅវិញ ក្នុងភូមិសាស្ត្រ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្នុងរឿងហេតុដែលនាំឲ្យខ្ញុំបាទថ្លោះធ្លោយ បង្កនូវកំហុសបង្ហោះព័ត៌មានមិនពិតនេះ សូមឯកឧត្តមស្នងការ រាជធានីភ្នំពេញ មេត្តាសន្ដោសយោគយល់ និងផ្ដល់ការអនុគ្រោះដល់រូបប្អូន»។
ការចេញមុខមកសុំទោសជាសាធារណៈពីសំណាក់ម្ចាស់គណនីហ្វេសបុកឈ្មោះ អាចារ្យធំ នគររាជ ក្រោយលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហាញនូវការហួសចិត្តជាខ្លាំង ចំពោះព័ត៌មានដែលតាមបង្ហោះនៅតាមបណ្ដាញសង្គម រហូតនាំឲ្យមានការតិះតៀនមកលើសមត្ថកិច្ច ពាក់ព័ន្ធករណីចោរប្លន់ម៉ូតូអ្នកសិល្បៈនៅមូលដ្ឋានខណ្ឌសែនសុខ ក្រោយស្រាវជ្រារកឃើញថា ម៉ូតូម្ចាស់ជាអ្នកយកទៅលក់ខ្លួនឯងបានលុយ៩៣០ដុល្លារ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក្រៅពីការហួសចិត្តហើយនោះ ក៏ចង់បាននូវការយល់ឃើញបន្ថែមពីផងដែរ ពីអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ចំពោះអ្នកប្រឌិតព័ត៌មានបំពុលសង្គមបែបនេះ តើគួរឲ្យសមត្ថកិច្ចហៅកោះមកធ្វើការអប់រំណែនាំ ឬត្រូវចេញមកបកស្រាយជូនមហាជន ដើម្បីជៀសវាងការភ័យខ្លាចដែលខ្លួនបានបំភ្លៃព័ត៌មានយ៉ាងដូច្នេះ។
សារដែលបានបង្ហោះថា មានករណីអ្នកសិល្បៈត្រូវចោរប្លន់ម៉ូតូនោះ គឺចេញពីគណនីរបស់អ្នកនាង ខាត់ សុឃីម ដែលត្រូវបានគេស្គាល់ថា ជាអ្នកសិល្បៈមួយរូបដ៏មានប្រជាប្រិយភាព។ ក្រៅពីអ្នកនាង ខាត់ សុឃីម ដែលផ្ដើមបង្ហោះព័ត៌មានមិនពិតកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ហើយនោះ ក៏មានសិល្បករ សិល្បការិនីដែលមានប្រជាប្រិយភាពជាច្រើនទៀត នាំគ្នាចែកចាយព្រោងព្រាតនៅតាមបណ្ដាញសង្គមរបស់ពួកគេរៀងៗខ្លួន។
ភ្លាមៗក្រោយឃើញការបង្ហោះនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាឲ្យអ្នកនាំពាក្យធ្វើការឆ្លើយតបភ្លាមៗ តាមវិជ្ជាជីវៈរបស់នគរបាល ដោយអ្នកនាំពាក្យបានបញ្ជាក់ដោយស្នើឲ្យសាមីខ្លួនដែលជាជនរងគ្រោះ មកដាក់ពាក្យបណ្ដឹងនៅកន្លែងរបស់សមត្ថកិច្ច ដើម្បីមានមូលដ្ឋានក្នុងការស្រាវជ្រាវ។ ប៉ុន្ដែបន្ទាប់ពីការឆ្លើយតបរបស់អ្នកនាំពាក្យហើយនោះ ស្រាប់តែមហាជននៅលើបណ្ដាញសង្គម បានសើចចំអក និងតិះតៀនការពន្យល់របស់សមត្ថកិច្ចទៅវិញ។
រហូតនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានចេញមកបញ្ជាក់ជាថ្មី ក្រោយទទួលបានលទ្ធផលនៃការស្រាវជ្រាវថា សារដែលបង្ហោះដោយអ្នកនាង ខាត់ សុឃីម នោះគឺជាព័ត៌មានបំភ្លៃការពិតទាំងស្រុង ខណៈដែលរឿងពិតគឺសាមីខ្លួនម្ចាស់ម៉ូតូជាអ្នកយកទៅលក់ដោយខ្លួនឯង៕