(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោកស្រី ជុន បូរ៉ានី នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង» ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៅក្រុងព្រៃវែង ខេត្តព្រៃវែង។

កិច្ចប្រជុំនេះមានការចូលរួមពីតំណាងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តព្រៃវែង, អភិបាលរងខេត្ត នាយក នាយករង រដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ ប្រធានអង្គភាព និងប្រធានផ្នែកចំណុះរដ្ឋបាលសាលាខេត្តព្រៃវែង តំណាងក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី និងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ។

ក្នុងកិច្ចប្រជុំនោះផងដែរក៏មានការ ពិភាក្សា បែងចែកទៅតាមផ្នែក នៃអនុគណៈកម្មការ ទទួលបន្ទុកតាមផែននីមួយៗ ដើម្បីពង្រឹងតួនាទីភារកិច្ចរបស់ខ្លួន រៀបចំនៅ ទីកន្លែងដែលខ្លួនទទួលខុសត្រូវឱ្យបានល្អស្អាតសម្រាប់ត្រៀមទទួលស្វាគមន៍ដល់ប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុស ស្រី អញ្ជើញចូលរួមលេងកំសាន្តនៅក្នុងព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង» ឆ្នាំ២០២៥ ដែលនឹងចូលមកដល់នៅពេលខាងមុខនេះ។

សូមបញ្ជាក់ថា ចំពោះការរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង» ឆ្នាំ ២០២៥ នេះរដ្ឋបាលខេត្តបានរៀបចំធ្វើឡើងធំជាងឆ្នាំកន្លងទៅ ដើម្បីបង្កភាពសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋមកលេងកម្សាន្តនៅក្នុង ព្រឹត្តិការណ៍មួយនេះ។ ក្នុងព្រឹត្តិការណ៍នេះផងដែរ ក៏មានការប្រគំតន្ត្រីខ្នាតធំ ដោយមានតារាចម្រៀងល្បីៗនៅប្រទេសកម្ពុជាចូលរួម  ព្រមទាំងមានល្បែងប្រជាប្រិយ, តំបន់ត្រជាក់ចិត្ត, ប្រដាល់គុនខ្មែរ, ដាក់ស្តង់តាំងពិព័រណ៍នៅផលិតផលផ្សេងៗជាច្រើនទៀតផងដែរ៕