(ក្រចេះ)៖ ក្រុមគ្រូពេទ្យរបស់សមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA) ចំនួន២៥៨នាក់ សហការជាមួយក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្ត ចុះពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋដោយឥតគិតថ្លៃរយៈពេល៦ថ្ងៃ  នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។

លោកវេជ្ជបណ្ឌិត តាន់សុង ប្រធានក្រុមការងារនៃសមាគម បានលើកទ្បើងថា ទោះបីជាលោករស់លើទឹកដីអាមេរិក ក៏លោកនៅនឹករលឹក និងស្រឡាញ់ទឹកដីកំណើតដែលធ្លាប់រស់នៅ ពិសេសប្រជាពលរដ្ឋដែលជួបការលំបាក ពីរឿងសុខភាព ទើបលោកធ្វើការប្រកាសដល់សប្បុរសជន និងក្រុមគ្រូពេទ្យខ្មែរនៅអាមេរិកឲ្យជួយជាថវិកា ថ្នាំពេទ្យ វ៉ែនតា ពិសេសទៅទៀត គឺវេជ្ជបណ្ឌិតសមាគមសុខាភិបាលខ្មែរនៅអាមេរិក ចុះមកខេត្តក្រចេះជួយព្យាបាលជំងឺ ជូនប្រជាពលរដ្ឋស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

លោក សួស សេរីសួរស្ដី អភិបាលរងខេត្តក្រចេះ បានថ្លែងអំណរគុណក្រុមវេជ្ជបណ្ឌិត នៃសមាគមសុខាភិបាលខ្មែរនៅអាមេរិកទាំងអស់ ដែលបានចុះមកពិនិត្យ និងព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋ ក្នុងខេត្តក្រចេះ នាពេលនេះ សុទ្ធតែបានបង្ហាញនូវភាពសប្បាយរីករាយ គឺជាការរួមចំណែកកាត់បន្ថយលើការចំណាយ របស់ប្រជាពលរដ្ឋបានច្រើន សម្រាប់ការថែទាំសុខភាពបន្ថែមប្រចាំថ្ងៃ។

ជាពិសេសនៅទីជនបទ ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា វណ្ណៈ ក្នុងបំណងរួមចំណែកបន្ថែមក្នុងការបំប៉នលើកកម្ពស់សុខុមាលភាព កាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋតែប៉ុណ្ណោះ ដែលជួយជាមនុស្សធម៌សុខភាព សាធាំរណៈ និងសូមឲ្យសកម្មភាពនេះនៅតែបន្តមានសម្រាប់ប្រជាពលរដ្ឋគ្រប់រូបនៅក្នុងខេ្តតក្រចេះ។

សូមបញ្ជាក់ថា ចុះពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋដោយឥតគិតថ្លៃ ធ្វើឡើងរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយពិនិត្យទៅលើ-ជំងឺទូទៅ វះកាត់រោគស្ត្រី វះកាត់ភ្នែក ព្យាបាលមាត់ធ្មេញ ចាក់ម្ជុលវិទ្យាសាស្ត្រ និងចែកវ៉ែនតាជូនចាស់ៗ រួមនិងវ៉ែនតាការពារកម្ដៅថ្ងៃជាដើម៕