(កំពត)៖ ក្រោយអភិបាលខេត្តកំពត បានជួបសំណេះសំណាល និងបានបង្ហាញអំពីយន្តការដោះស្រាយដែលបានដាក់ចុះដោយរាជរដ្ឋាភិបាល ក្រសួងយុត្តិធម៌ និងប្រព័ន្ធតុលាការ កាលពីពេលថ្មីៗកន្លងទៅនេះ ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការទិញដី តូប ពីក្រុមហ៊ុន ជា សារ៉ន, នៅថ្ងៃចន្ទនេះពលរដ្ឋជាង២ពាន់នាក់ បានមកដាក់ពាក្យស្នើសុំទទួលយកតាមដំណោះស្រាយរបស់អាជ្ញាធរខេត្ត។
អភិបាលខេត្តកំពត លោក ម៉ៅ ធនិន បានជំរុញឱ្យពលរដ្ឋមកកាន់សាលាខេត្តដោយផ្ទាល់ ដើម្បីទទួលបានព័ត៌មានច្បាស់លាស់ ចៀសវាងជឿតាមការបំផុសរបស់ជនឆ្លៀតឱកាសមួយចំនួនផ្សព្វផ្សាយព័ត៌មានមិនពិត។
នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលជាថ្ងៃបើកទទួលពាក្យស្នើសុំការដោះស្រាយដំបូង, លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានជួបសំណេះសំណាល និងបង្ហាញអំពីយន្តការការដោះស្រាយជំហានទី១ ដល់ប្រជាពលរដ្ឋដែលពាក់ព័ន្ធនិងក្រុមហ៊ុន ជា សារ៉ន នៅសាលមហាជនសាលាខេត្តកំពត ដែលមានប្រជាពលរដ្ឋជាង២ពាន់នាក់ បានមកដាក់ពាក្យស្នើសុំទទួលយកតាមដំណោះស្រាយរបស់អាជ្ញាធរខេត្ត។
មានមតិសំណេះសំណាលនាឱកាសនោះលោក ម៉ៅ ធនិន បានលើកឡើងថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តេចតែងតែគិតគូរជានិច្ចចំពោះសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។
ដោយឡែកខេត្តកំពត បញ្ហាដែលប្រជាពលរដ្ឋជាច្រើនគ្រួសារ បានរងគ្រោះដោយសារការភូតកុហកពីសំណាក់ក្រុមហ៊ុន ជា សារ៉ន សម្តេចបានគិតគូរជានិច្ច រហូតមានកិច្ចចង្អុលការដល់ក្រសួងយុត្តិធម៌ ឱ្យធ្វើការស្រាវជ្រាវកិច្ចការងារនេះ រហូតឈានដល់ដាក់ចេញនូវយន្តការដោះស្រាយជំហានទី១នេះ។
អភិបាលខេត្តបានបន្តថា សម្រាប់យន្តការជំហានទី១នេះ គឺសំដៅទៅលើបងប្អូនប្រជាពលរដ្ឋដែលបានទិញដីបង់លុយរួច ទិញតូបបង់លុយរួច ត្រូវធ្វើសំណើ និងសុំកាត់ប្លងកម្មសិទ្ធិ ចំពោះអ្នកមិនទាន់បង់គ្រប់បន្តការបង់លុយ ចូលគណនីសាលាដំបូងខេត្តកំពត។
អភិបាលខេត្តបានបញ្ជាក់ថា កន្លងមកមុនថ្ងៃនៃការទទួលពាក្យស្នើសុំការដោះស្រាយពីប្រជាពលរដ្ឋ ក៏មានជនឆ្លៀតឱកាសមួយចំនួនបានផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធនឹងយន្តការដោះស្រាយនេះ ដែលធ្វើឱ្យបងប្អូន ប្រជាពលរដ្ឋមួយចំនួនមានភាពមិនច្បាស់លាស់ ដូច្នេះអភិបាលខេត្តក៏បានធ្វើការជំរុញ និងស្នើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមកសាលាខេត្តជួបក្រុមការងារដោយផ្ទាល់ ដើម្បីទទួលបានព័ត៌មានច្បាស់លាស់និងពិតប្រាកដ។
គួររំលឹកថា កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះលោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធជាមួយក្រុមហ៊ុន ជា សារ៉ន និងបង្ហាញពីយន្តការដោះស្រាយ ជំហានទី១ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ក្រសួងយុត្តិធម៌ និងប្រព័ន្ធតុលាការ នៅក្នុងបរិវេណវត្តអង្គចន្ទចរិយា (វត្តអង្គល្បើក) ភូមិស្រែជ្រៅ ឃុំល្បើក ស្រុកឈូក ហើយបានធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋ ដែលរងគ្រោះពាក់ព័ន្ធនិងក្រុមហ៊ុន ជា សារ៉ន មកដាក់ពាក្យស្នើសុំការដោះស្រាយចំពោះករណីទិញដី ទិញតូប នៅសាលមហាជនសាលាខេត្តកំពត។
ក្រោយពីទទួលបានកិច្ចចង្អុលការណ៍ នៃការដោះស្រាយជំហាន១នេះ ពលរដ្ឋទទួលអបអរសាទរ និងគោរពដឹងគុណសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែគិតគូសុខទុក្ខចំពោះពួកគាត់់៕