(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការសហភាពការពារពូជថ្មីនៃដំណាំ (UPOV) រៀបចំធ្វើវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ ដើម្បីឱ្យដំណើរការការពារពូជថ្មីនៃដំណាំ មានប្រសិទ្ធភាពតាមស្តង់ដាអន្តរជាតិ និងឱ្យស្របតាមអនុសញ្ញា UPOV។
ថ្លែងក្នុងពិធីបើកសិក្ខាសាលា ស្តីពីការធ្វើវិសោធនកម្មច្បាប់ស្តីពីការធ្វើគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំស្របតាមអនុសញ្ញា UPOV និងអត្ថប្រយោជន៍នៃការចូលជាសមាជិកភាព UPOV សម្រាប់គោលដៅអភិវឌ្ឍន៍ជាតិ
នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅសណ្ឋាគារកាំបូឌីយ៉ាណា លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថា ក្នុងបរិបទសាកលភាវូបនីយកម្ម ជាមួយការប្រកួតប្រជែងដណ្តើមទីផ្សារ និងការជំរុញបង្កើតផលិតផលដែលមានគុណភាព ដោយប្រើប្រាស់បច្ចេកវិទ្យា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំប្រឹងប្រែងអភិវឌ្ឍលើគ្រប់វិស័យ ដែលក្នុងនោះវិស័យកម្មសិទ្ធិបញ្ញា ក៏ជាផ្នែកមួយដ៏មានសារៈសំខាន់សម្រាប់ជំរុញការធ្វើពាណិជ្ជកម្ម ជំរុញឱ្យមានការសិក្សាស្រាវជ្រាវបង្កាត់ពូជដំណាំថ្មីៗ យកមកចុះបញ្ជីការពារសិទិ្ធអ្នកបង្កាត់ពូជដំណាំ ដើម្បីធ្វើអាជីវកម្មលើទីផ្សារក្នុងប្រទេស និងពង្រីកទីផ្សារនាំចេញផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ។
លោកបន្ថែមថាការការពារពូជថ្មីនៃដំណាំមិនត្រឹមតែជាបែបបទផ្លូវច្បាប់ប៉ុណ្ណោះទេ តែមានគោលដៅអភិវឌ្ឍវិស័យកសិកម្មឱ្យមានការរីកចម្រើន និងបង្ហាញពីសារៈសំខាន់ ចំពោះខ្សែច្រវាក់ផ្គត់ផ្គង់អាហារ និងជីវភាពរស់នៅរបស់កសិករ និងអ្នកបង្កាត់ពូជដំណាំថ្មីៗ និងមានគោលបំណងការពារទ្រព្យកម្មសិទិ្ធបញ្ញា និងធានានូវការគ្រប់គ្រង ការលើកទឹកចិត្ត និងការអភិវឌ្ឍន៍ពូជដំណាំឱ្យមាននិរន្តភាព ដើម្បីផលប្រយោជន៍សង្គម សេដ្ឋកិច្ច និងបរិស្ថាននៅកម្ពុជា។
លោកបន្តថា ប្រព័ន្ធការពារពូជថ្មីនៃដំណាំ គឺជាឧបករណ៍យុទ្ធសាស្ត្រដែលជំរុញការរីកចម្រើនសេដ្ឋកិច្ចជាតិ បង្កើនសន្តិសុខស្បៀង និងលើកកម្ពស់ការរីកចម្រើនបច្ចេកវិទ្យា។ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នៅតែប្រកាន់យកការលើកស្ទួយវិស័យកសិកម្មជាឆ្អឹងខ្នងដ៏រឹងមាំ។ ការលើកស្ទួយវិស័យ កសិកម្ម គឺជាជ្រុងមួយនៃយុទ្ធសាស្រ្តបញ្ចកោណ ដើម្បីរួមចំណែកធានានិរន្តរភាព នៃការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការបង្កើតការងារប្រកបដោយសមធម៌ និងប្រសិទ្ធភាព។ ជាការពិតណាស់ វិស័យកសិកម្ម ជាប្រភពដ៏សំខាន់មួយក្នុងការបង្កើនចំណូលដល់កសិករ ហើយបានផ្តល់ឱកាសការងារសម្រាប់កម្លំាងពលកម្មក្នុងប្រទេស ជាពិសេសវិស័យនេះ អាចធានាស្បៀងអាហារគ្រប់គ្រាន់ សម្រាប់ប្រជាពលរដ្ឋកម្ពុជាជាង១៧លាននាក់។
កម្ពុជាបានអនុម័តច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទិ្ធអ្នកបង្កាត់ពូជដំណាំ នៅឆ្នាំ២០០៨ ដែលមាន៨៤មាត្រា និងមានពីរផ្នែក ដែលផ្នែកទី១ ចែងអំពីសិទិ្ធអ្នកបង្កាត់ពូជដំណាំ មានក្រសួងចំនួនពីរ ទទួលខុសត្រូវក្នុងការអនុវត្តន៍ គឺក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទទួលបន្ទុកក្នុងការចុះបញ្ជី ផ្តល់វិញ្ញាបនបត្រសិទ្ធិការពារពូជថ្មីនៃដំណាំ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកផ្នែកពិនិត្យបច្ចេកទេសធ្វើតេស្តពិសោធន៍(DUS) លើពូជថ្មីនៃដំណាំ ហើយផ្នែកទី២ ចែងអំពីការគ្រប់គ្រងពូជដំណាំ។ ច្បាប់នេះ រៀបចំឡើងក្នុងគោលបំណងធានានូវការគ្រប់គ្រង ការលើកទឹកចិត្ត និងការអភិវឌ្ឍន៍ពូជដំណាំដោយនិរន្តរភាព ដើម្បីផ្តល់ប្រយោជន៍សង្គម សេដ្ឋកិច្ច និងបរិស្ថាន។ ច្បាប់នេះនឹងត្រូវធ្វើវិសោធនកម្មចំនួន៤៣មាត្រា ឱ្យស្របតាមអនុសញ្ញាអង្គការ UPOV ដើម្បីកម្ពុជាបានចូលជាសមាជិកអង្គការ UPOV នាពេលខាងមុខ៕