(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានរៀបចំពិធីបិទវគ្គឆ្នាំ០២៤ និងបើកវគ្គឆ្នាំ ២០២៥ នៃ«កម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេស កម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង» ដែលមានការចូលរួមពីសិក្ខាកាមជ័យលាភីឆ្នាំ២០២៤ និងសិក្ខាកាមគោលដៅឆ្នាំ ២០២៥ ជាមន្រ្តីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ មកពីក្រសួងស្ថាប័ន, មន្ទីរជំនាញនៃក្រសួងចំនួន៩, គ្រឹះស្ថានសាធារណៈរដ្ឋបាល និង រដ្ឋបាលរាជធានី-ខេត្តទាំង ២៥។

ពិធីនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយរដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន មន្ទីរជំនាញនៃក្រសួងចំនួន៩, គ្រឹះស្ថានសាធារណៈរដ្ឋបាល, រដ្ឋបាលរាជធានីខេត្ត ព្រមទាំងឧទ្ទេសាចារ្យ និងសិក្ខាកាមសរុបប្រមាណជាង ៨០០ នាក់។

ថ្លែងក្នុងពិធីនោះ លោកបណ្ឌិតសភាចារ្យបានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និង ប៉ិនប្រសប់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, រាជរដ្ឋាភិបាល ក្នុងនីតិកាលទី ៧នៃរដ្ឋសភា បានបន្តផ្តល់អាទិភាពខ្ពស់ ដល់ការកសាង និងការអភិវឌ្ឍធនធានមនុស្ស ដោយបានចាត់ទុក «ការអភិវឌ្ឍមូលធនមនុស្ស គឺជាអាទិភាពទី១» ក្នុងរបៀបវារៈនៃ «យុទ្ធសាស្ត្របញ្ចកោណ» ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយប្រកាន់ខ្ជាប់នូវអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» សំដៅលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាមូលដ្ឋាន និង ជាមធ្យោបាយនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, ការកាត់បន្ថយភាពក្រីក្រ និង ការឈានទៅសម្រេចចក្ខុវិស័យ «ប្រែក្លាយកម្ពុជាទៅជាប្រទេសចំណូលខ្ពស់ឆ្នាំ ២០៥០»។

ការបណ្ដុះបណ្ដាល និងវិក្រឹតការលើជំនាញពាក់ព័ន្ធការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានក្លាយជាកាតព្វកិច្ចចំពោះមន្ត្រីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ ក្នុងការកសាងគុណវុឌ្ឍិ ដើម្បីបំពេញមុខងារភារកិច្ច សំដៅចូលរួមចំណែកលើកកម្ពស់ផលិតភាព និង ប្រសិទ្ធភាពការងារ នៃអង្គភាពថវិកានីមួយៗរបស់ក្រសួងស្ថាប័ន និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ, ទាំងនៅថ្នាក់ជាតិ និង នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមស្មារតីច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ឆ្នាំ ២០២៣ ត្រង់មាត្រា ១៤ ដែលបានកំណត់ថា «មន្ត្រីរាជការជំនាញហិរញ្ញវត្ថុសាធារណៈ នៃក្រសួងស្ថាប័ន, អង្គភាពសាធារណៈប្រហាក់ប្រហែល, រដ្ឋបាលថ្នាក់ក្រោមជាតិ និង គ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលមានភារកិច្ចអនុវត្តការងារហិរញ្ញវត្ថុ ត្រូវមានគុណវុឌ្ឍិវិជ្ជាជីវៈតាមប្រភេទមុខតំណែងការងារនីមួយៗ» និង ស្របតាមស្មារតី អនុក្រឹត្យស្តីពីគុណវុឌ្ឍិវិជ្ជាជីវៈ ជំនាញហិរញ្ញវត្ថុសាធារណៈ ត្រូវបានរាជរដ្ឋាភិបាលដាក់អនុវត្តជាផ្លូវការ កាលពីថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០២៤ កន្លងទៅ។

បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តែងចាត់ទុកការកសាង និងការអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ លើជំនាញសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាកត្តាចាំបាច់ សម្រាប់ចូលរួមគាំទ្រ និងអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល សំដៅរួមចំណែកលើកកម្ពស់កម្រិតជីវភាព និងបង្កើនប្រសិទ្ធភាពនិងភាពស័ក្តិសិទ្ធ នៃការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។

បណ្ឌិតសភាចារ្យរដ្ឋលេខាធិការក៏បានរំឭកថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាកម្មវិធីកែទម្រង់គន្លឹះមួយ ក្នុងចំណោមកម្មវិធីកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល ក្នុងគោលដៅ ប្រែក្លាយប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ពីប្រព័ន្ធផ្ដោតលើធាតុចូល និង មានលក្ខណៈមជ្ឈការ ឆ្ពោះទៅជាប្រព័ន្ធដែលផ្ដោតលើសមិទ្ធកម្ម និង មានលក្ខណៈវិមជ្ឈការ ស្របតាមស្ដង់ដា និង ឧត្តមានុវត្តន៍អន្តរជាតិ។

បច្ចុប្បន្ន, ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកំពុងស្ថិតក្នុងដំណាក់កាលទី ៤ ជាដំណាក់កាលចុងក្រោយ ក្នុងគោលបំណងគឺ «គណនេយ្យភាពសមិទ្ធកម្ម»។
នៅក្នុងដំណាក់កាលនេះ, សិទ្ធអំណាច, ភាពជាម្ចាស់ និង ការទទួលខុសត្រូវ កាន់តែច្រើនទ្បើង ត្រូវបានផ្ទេរឱ្យក្រសួង ស្ថាប័ន និង មន្ទីរអង្គភាពជំនាញក្រោមឱវាទ រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការរៀបចំ និង ការអនុវត្តថវិកាកម្មវិធី និង អង្គភាពថវិកា ។ លើសពីនេះ, ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈឆ្នាំ ២០២៣ បានកំណត់ក្របខ័ណ្ឌពេលសម្រាប់អនុវត្តជាមូលដ្ឋាននូវ «ប្រព័ន្ធថវិកាសមិទ្ធកម្ម» ចាប់ពីឆ្នាំ ២០២៦ និង តម្រូវឱ្យមន្ត្រីហិរញ្ញវត្ថុសាធារណៈ នៃក្រសួងស្ថាប័ន, អង្គភាពសាធារណៈប្រហាក់ប្រហែល, រដ្ឋបាលថ្នាក់ក្រោមជាតិ និង គ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលមានភារកិច្ចអនុវត្តការងារហិរញ្ញវត្ថុ ត្រូវមានគុណវុឌ្ឍិវិជ្ជាជីវៈតាមប្រភេទមុខតំណែងការងារនីមួយៗ។

ក្នុងន័យនេះ, ជំនាញបច្ចេកទេសហិរញ្ញវត្ថុចាំបាច់ត្រូវពង្រីកពី «ការអនុវត្តថវិកាកម្មវិធីឆ្ពោះទៅការអនុវត្តថវិកាសមិទ្ធកម្ម»។ ការណ៍នេះ នឹងតម្រូវឱ្យមានកម្មវិធីបណ្ដុះបណ្តាល ប្រមូលផ្តុំជាប្រព័ន្ធ និង គ្រប់ជ្រុងជ្រោយ សម្រាប់កសាងគុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុជូនដល់ក្រសួងស្ថាប័ន ដើម្បីអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសមិទ្ធកម្ម ក្រោមឆ័ត្រនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី ៤ ។ តាមរយៈនេះ, កម្មវិធីបណ្ដុះបណ្តាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង (Certificate Programs) លើជំនាញសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានបង្កើតឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង កំពុងអនុវត្តយ៉ាងសកម្ម ។ ជាមួយនេះ, វគ្គបណ្តុះបណ្តាលស្តីពី «ទស្សនាទានថវិកាព័ត៌មានសមិទ្ធកម្ម និង កិច្ចព្រមព្រៀងសមិទ្ធកម្ម, ក្របខ័ណ្ឌតាមដាន និង វាយតម្លៃ និង ជំនាញពាក់ព័ន្ធ» ក៏ត្រូវបានរៀបចំជូនដល់មន្រ្តីរាជការក្រសួងស្ថាប័ន សំដៅបង្កើនចំណេះដឹង និង បញ្ជ្រាបការយល់ដឹងជាបណ្ដើរៗអំពី ថវិកាព័ត៌មានសមិទ្ធកម្ម និង ការតាមដានសមិទ្ធកម្ម នៃកម្មវិធីនីមួយៗ។

បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ទៀតថា កម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង ដែលរៀបចំឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នាពេលនេះ, ពិតជាមានសារៈសំខាន់ និង ឆ្លើយតបទៅនឹងតម្រូវការចំាបាច់របស់ក្រសួងស្ថាប័ន និង មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ, ទាំងនៅថ្នាក់ជាតិ និង នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការពង្រឹង ពង្រីកសមត្ថភាព និង ជំនាញវិជ្ជាជីវៈជូនដល់មន្ត្រីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ, ទាំងលើចំណេះដឹង, ជំនាញវិជ្ជាជីវៈ, បច្ចេកទេស និង ឥរិយាបថបំពេញការងារ សំដៅចូលរួមគាំទ្រ និង អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ -ដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាល ឱ្យសម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព៕