(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបង្ហាញនូវការហួសចិត្តជាខ្លាំង ចំពោះព័ត៌មានដែលតាមបង្ហោះ នៅតាមបណ្ដាញសង្គម រហូតនាំឲ្យមានការតិះតៀនមកលើសមត្ថកិច្ច ពាក់ព័ន្ធករណីចោរប្លន់ម៉ូតូអ្នកសិល្បៈនៅមូលដ្ឋានខណ្ឌសែនសុខ ក្រោយស្រាវជ្រារកឃើញថា ម៉ូតូម្ចាស់ជាអ្នកយកទៅលក់ខ្លួនឯងបានលុយ៩៣០ដុល្លារ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក្រៅពីការហួសចិត្តហើយនោះ ក៏ចង់បាននូវការយល់ឃើញបន្ថែមពីផងដែរ ពីអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ចំពោះអ្នកប្រឌិតព័ត៌មានបំពុលសង្គមបែបនេះ តើគួរឲ្យសមត្ថកិច្ចហៅកោះមកធ្វើការអប់រំណែនាំ ឬត្រូវចេញមកបកស្រាយជូនមហាជន ដើម្បីជៀសវាងការភ័យខ្លាចដែលខ្លួនបានបំភ្លៃព័ត៌មានយ៉ាងដូច្នេះ។
សារដែលបានបង្ហោះថា មានករណីអ្នកសិល្បៈត្រូវចោរប្លន់ម៉ូតូនោះ គឺចេញពីគណនីរបស់អ្នកនាង ខាត់ សុឃីម ដែលត្រូវបានគេស្គាល់ថា ជាអ្នកសិល្បៈមួយរូបដ៏មានប្រជាប្រិយភាព។ ក្រៅពីអ្នកនាង ខាត់ សុឃីម ដែលផ្ដើមបង្ហោះព័ត៌មានមិនពិតកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ហើយនោះ ក៏មានសិល្បករសិល្បការិនី ដែលមានប្រជាប្រិយភាពជាច្រើនទៀត នាំគ្នាចែកចាយព្រោងព្រាតនៅតាមបណ្ដាញសង្គមរបស់ពួកគេរៀងៗខ្លួន។
ភ្លាមៗក្រោយឃើញការបង្ហោះនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាឲ្យអ្នកនាំពាក្យធ្វើការឆ្លើយតបភ្លាមៗ តាមវិជ្ជាជីវៈរបស់នគរបាល ដោយអ្នកនាំពាក្យបានបញ្ជាក់ដោយស្នើឲ្យសាមីខ្លួនដែលជាជនរងគ្រោះ មកដាក់ពាក្យបណ្ដឹងនៅកន្លែងរបស់សមត្ថកិច្ច ដើម្បីមានមូលដ្ឋានក្នុងការស្រាវជ្រាវ។ ប៉ុន្ដែបន្ទាប់ពីការឆ្លើយតបរបស់អ្នកនាំពាក្យហើយនោះ ស្រាប់តែមហាជននៅលើបណ្ដាញសង្គម បានសើចចំអក និងតិះតៀនការពន្យល់របស់សមត្ថកិច្ចទៅវិញ។
រហូតនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានចេញមកបញ្ជាក់ជាថ្មី ក្រោយទទួលបានលទ្ធផលនៃការស្រាវជ្រាវថា សារដែលបង្ហោះដោយអ្នកនាង ខាត់ សុឃីម នោះគឺជាព័ត៌មានបំភ្លៃការពិតទាំងស្រុង ខណៈដែលរឿងពិតគឺសាមីខ្លួនម្ចាស់ម៉ូតូជាអ្នកយកទៅលក់ដោយខ្លួនឯង។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានរៀបរាប់យ៉ាងដូច្នេះថា៖
«កាលពីថ្ងៃអាទិត្យ ទី ០៩ ០២ ២៥ព្រឹក ខ្ញុំឃើញផេកមួយបង្ហោះថា សូមប្រុងប្រយ័ត្ន តាមផ្លូវក្នុងខណ្ឌសែនសុខពេលយប់ អ្នកសីល្បៈត្រូវចោរប្លន់ច្រើន! ខ្ញុំបានឲ្យសមត្ថកិច្ចស្រាវជ្រាវថា មិនមានករណីនេះកើតឡើងទេ។ អ្នកនាំពាក្យស្នងការដ្ឋានបង្ហោះប្រាប់ថា បើមានបញ្ហាសូមឲ្យមកប្ដឹងកន្លែងសមត្ថកិច្ច!
ចំពោះករណីខាងលើ គាត់យកម៉ូតូទៅលក់ខ្លួនឯង (បានលុយ៩៣០ដុល្លារ) ហើយកុហកក្រុមគ្រួសារថាត្រូវចោរប្លន់ បំពុលសង្គម តើត្រូវគិតយ៉ាងម៉េចវិញ? តើត្រូវឲ្យសមត្ថកិច្ចជួយអប់រំគាត់ ឬត្រូវចេញមុខបកស្រាយយ៉ាងណាជូនមហាជន ដើម្បីជៀសវាងការភ័យខ្លាចដែលខ្លួនបានបំភ្លៃការពិតតាមផេកនោះ? សូមចូលរួមសហការណ៍ ជាមួយសមត្ថកិច្ចយើងខ្ញុំ ដើម្បីសុខសុវត្ថិភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន»៕