Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរនឹងសាងសង់ប្រាសាទមួយនៅចំកណ្ដាលផ្ទៃបឹងតាកែវ ដោយចំណាយថវិកាប្រមាណ២លានដុល្លារ

10-02-2025 14:38

(តាកែវ)៖ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានឱ្យដឹងថា អាជ្ញាធរក្រុងដូនកែវ នឹងសាងសង់ប្រាសាទមួយនៅចំកណ្ដាល ផ្ទៃបឹងតាកែវ ដើម្បីជាទីសក្ការៈគោរពបូជា និងទាក់ទាញភ្ញៀវទេសចរផងដែរ។

អភិបាលខេត្តតាកែវ បានថ្លែងថា គម្រោងរៀបចំសាងសង់ប្រាសាទមួយកន្លែងនៅកណ្ដាលបឹងតាកែវ គ្រោងចំណាយថវិកាប្រមាណ២លានដុល្លារ ដោយមិនប្រើប្រាស់ថវិកាជាតិឡើយ ពោលគឺជាថវិកាដែលបានមកពីការចូលរួមពី សប្បុរសជនជិតឆ្ងាយក្នុង និងក្រៅប្រទេសហើយការកសាងប្រាសាទនេះ គឺដើម្បីទុកជាទីសកា្ករៈគោរពបូជា ពិសេសទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ មកលេងកម្សាន្តខេត្តតាកែវកាន់តែច្រើន ក៏ទុកជាកេរ្ដិ៍ដំណែលតកូនចៅរាប់សិបជំនាន់ទៀត។

លោក វ៉ី សំណាង បានបញ្ជាក់ថា ក្រៅតែពីគម្រោងសាងសង់ប្រាសាទនៅកណ្ដាលបឹងតាកែវ អាជ្ញាធរខេត្តក៏នឹងរៀបចំផ្លូវក្រវាត់បឹងតាកែវមួយទៀតរួមជាមួយសួនច្បារ និងដើមឈើអមសងខាងផ្លូវ ដែលមានប្រវែងសរុបប្រមាណ ១០គីឡូម៉ែត្រ សម្រាប់ប្រជាពលរដ្ឋហាត់ប្រាណកន្លែងជិះកង់កម្សាន្តសម្រាកលំហែរក្រោយទំនេរពីការងារផ្សេងៗ។

អភិបាលខេត្តតាកែវ ជឿជាក់ថា ក្រោយសាងសង់គម្រោងទាំងអស់នេះរួច ក្រុងដូនកែវ ដែលជាបេះដូងនៃខេត្តតាកែវ នឹងប្រែមុខមាត់ថ្មីក្រោមដំបូលនៃសុខសន្ដិភាពនឹងទាក់ទាញប្រជាពលរដ្ឋក្នុងខេត្តទេសចរជាតិ អន្តរជាតិ និងមកលេងកម្សាន្តកាន់តែច្រើនឡើងថែមទៀត ដើម្បីចូលរួមលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើងឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលកម្រិតខ្ពស់៕