(ភ្នំពេញ)៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ បានស្នើឱ្យឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ពិនិត្យលទ្ធភាពក្នុងការភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទំាងពីរ ដើម្បីពង្រីកវិស័យទេសចរណ៍។
សំណើនេះ បានធ្វើឡើងនាឱកាសដែលសម្ដេច បានទទួលជួបពិភាក្សាការងារជាមួយ លោក អាណាតូលី បូរ៉ូវីក (Anatoly BOROVIK) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា។
ឆ្លៀតឱកាសនោះ លោក អាណាតូលី បូរ៉ូវីក បានគូសបញ្ជាក់ថាទំនាក់ទំនងការទូតកម្ពុជានិងរុស្ស៊ី បានឈានដល់ខួបលើកទី៦៩នៅឆ្នាំ២០២៥នេះ ជាទំនាក់ទំនាក់ឈរលើមិត្តភាព ភាពស្មោះត្រង់ ការជឿទុកចិត្តគ្នា និងមានការយោគយល់គ្នាទៅវិញទៅមក ដោយបាននាំមកនូវផលប្រយោជន៍ដល់ប្រទេសនិងប្រជាជនទំាងសងខាង។
នៅជំនួបពិភាក្សាការងារនេះ មានការលើកឡើងពីការពង្រឹងពង្រីកទំនាក់ទំនងសភាប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើង ជាពិសេសជំរុញឱ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមកនៃថ្នាក់ដឹកនាំ ក្រុមមិត្តភាព និងគណៈកម្មការជំនាញ។ ជំនួបក៏បានពិភាក្សាពីការបន្តពង្រឹងពង្រីកទំនាក់ទំនងប្រជាជននិងប្រជាជន ពង្រីកវិស័យពាណិជ្ជកម្ម ទេសចរណ៍ អប់រំនិងកសិកម្ម ជាដើម។
លោក អាណាតូលី បូរ៉ូវីក បានជម្រាបជូនសម្តេចប្រធានរដ្ឋសភាថា ក្រោយជំងឺកូវីដ-១៩ បានធូរស្រាលកម្ពុជានិងរុស្ស៊ី គួរភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ជាមួយគ្នាឡើងវិញ នៅលើគ្រប់វិស័យ នៅក្នុងការភ្ជាប់ទំនាក់ទំនងសភានិងសភា ឯកឧត្តមប្រធានសភាឌូម៉ារុស្ស៊ី គ្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងពេលខាងមុខ។
ចំណែកទំនាក់ទំនងពាណិជ្ជកម្មវិញ គណៈកម្មការចម្រុះលើការងារពាណិជ្ជកម្ម គ្រោងជួបប្រជុំគ្នានៅក្នុងឆ្នាំនេះ ដើម្បីលើកកម្ពស់ទំហំពាណិជ្ជកម្មកម្ពុជា-រុស្ស៊ី។ លើវិស័យអប់រំវិញ នៅឆ្នាំ២០២៥នេះ រុស្ស៊ីបានផ្តល់អាហារូបករណ៍៥៥កន្លែងដល់និស្សិតកម្ពុជាដើម្បីបានទៅសិក្សានៅប្រទេសរុស្ស៊ី។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគំាទ្រការលើកឡើងរបស់ លោកឯកអគ្គរដ្ឋទូត និងបានចាត់ទុកថា បេសកកម្មការទូតរបស់លោកនៅកម្ពុជា ពិតជាមានសារសំខាន់ មិនត្រឹមតែរួមចំណែកដល់ការពង្រឹងពង្រីកទំនាក់ទំនង ចំណងមិត្ដភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសយើងទាំងពីរប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកដល់សុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍក្នុងតំបន់ និងសកលលោកថែមទៀតផង។
សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណប្រទេសរុស្ស៊ី ដែលតែងតែជួយគំាទ្រដល់ការអភិវឌ្ឍនៅកម្ពុជា តាំងពីសម័យអតីតសហភាពសូវៀតមក រុស្ស៊ីបានឈានមុខគេជួយកម្ពុជាលើការបណ្តុះបណ្តាលធនធានមនុស្ស។
សូមជម្រាបថា មកដល់ពេលនេះ មាននិស្សិតកម្ពុជាប្រមាណ ៨ពាន់នាក់ បានទៅសិក្សានៅប្រទេសរុស្ស៊ី ហើយអតីតនិស្សិតខ្មែរដែលបានសិក្សានៅរុស្ស៊ី បានក្លាយជាធនធានដ៏សំខាន់ និងមួយចំនួនជាឥស្សរជន ជាថ្នាក់ដឹកនាំ ក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល នៅក្នុងការរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ ស្របតាមចក្ខុវិស័យមោះមុត វែងឆ្ងាយ ច្បាស់លាស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបន្តវេនដឹកនាំពី សម្តេចតេជោ ហ៊ុន សែន ក្នុងការនាំកម្ពុជា ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោកប្រធានសភាឌូម៉ា រុស្ស៊ី ដែលគ្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅក្នុងការពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរ ឱ្យកាន់តែសកម្មនិងគ្រប់ជ្រុងជ្រោយឡើង ពិសេសក្នុងការដែលអាចឈានទៅការចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងរដ្ឋសភាប្រទេសទំាងពីរ ដើម្បីពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការនៅគ្រប់កម្រិត ដោយយកប្រជាពលរដ្ឋជាស្នូល។
ជាមួយគ្នានេះ សម្តេច ក៏បានស្នើដល់ «ប្រទេសរុស្ស៊ី ពិនិត្យលទ្ធភាពនៅក្នុងការភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទំាងពីរ ដើម្បីភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ជាពិសេសការពង្រីកវិស័យទេសចរណ៍ ដែលប្រទេសទំាងពីរមានសក្តានុពលដូចៗគ្នា»។
បន្ថែមពីនេះ សម្តេចបានស្នើឯកអគ្គរដ្ឋទូត ជួយផ្តល់ការបណ្តុះបណ្តាល ឬផ្តល់អាហារូបករណ៍ដល់មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងការកសាងធនធានមនុស្ស ចូលរួមលើកកម្ពស់ស្ថាប័នរដ្ឋសភា ក្លាយជាសភាឌីជីថលផងដែរ៕