Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា រៀបចំពិធីការពារនិក្ខេបបទ និងប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី៦

10-02-2025 14:29

(ភ្នំពេញ)៖ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានរៀបចំពិធីការពារនិក្ខេបបទ និងប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់របស់សាមណនិស្សិត និស្សិត លើឯកទេសចំនួន៥ រួមមាន រដ្ឋបាលសាធារណៈ ជំនាន់ទី១៥ នីតិឯកជន ជំនាន់ទី២ វិទ្យាសាស្រ្ដអប់រំ ជំនាន់ទី១៧ អក្សរសាស្ដ្រខ្មែរ ជំនាន់ទី១ និងភាសាអង់គ្លេស ជំនាន់ទី៦។

ពិធីនេះដែរ បានធ្វើឡើងនានាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក មាស សំណាង រដ្ឋលេខាធិការតំណាងលោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងព្រះសុមេធវង្សបណ្ឌិត សុខ ប៊ុនធឿន ព្រះប្រធានផ្នែកពុទ្ធិកឧត្តមសិក្សា នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងមានការចូលរួម​ពីលោក ងួន ស្ដេចភក្តី រដ្ឋលេខាធិការទទួលបន្ទុកនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា លោកស្រី ប៉ែន ចរិយ៉ា សាកលវិទ្យាធិការង លោក តាន់ សុខុម សាកលវិទ្យាធិការង នៃពុទ្ធិសាកលវិទ្យាល័យព្រះសីហមុនីរាជា រួមទាំសមណ និស្សិត និស្សិតនៅពុទ្ធិសាកលវិទ្យាល័យព្រះសីហមុនីរាជា សរុប២៥០អង្គ/នាក់។

នាឱកាសនោះលោ តាន់ សុខុម បានថ្លែងអំណរគុណចំពោះលោកបណ្ឌិត រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដែលបានចាត់តំណាង និងតែងតែយកចិត្តទុកដាក់ ខ្វល់ខ្វាយ គាំទ្រ ទំនុកបម្រុង និងលើកទឹកចិត្ត​ដល់ថ្នាក់ដឹកនាំ​ក្រសួងធម្មការ និងសាសនា ក៏ដូចជាថ្នាក់ដឹកនាំពុទ្ធិកសាកល វិទ្យាល័យព្រះសីហមុនីរាជាដើម្បីបំពេញភារកិច្ច និងសម្រេចបាននូវបេសកកម្ម ស្របតាមគោលនយោបាយផែនការយុទ្ធសាស្ត្រ​របស់ក្រសួង និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាអាណត្តិទី៧នេះ៕