(ភ្នំពេញ)៖ ក្នុងនាមជាប្រទេសជិតខាង និងជាមិត្តដ៏ល្អកម្ពុជា-ថៃ នៅតែបន្ដការប្ដេជ្ញាចិត្តរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ ផ្លាស់ប្ដូរព័ត៌មានឲ្យគ្នាទៅវិញទៅមក ដើម្បីបង្ការ ទប់ស្កាត់ និងឈានទៅបង្ក្រាបបទល្មើសគ្រឿងញៀន ខុសច្បាប់។

ការឯកភាពនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្នុងឱកាសជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាង លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន ជាមួយលោកឧត្តមសេនីយ៍ឯក ផានុរ៉ាត់ លក្ខណ៍បុណ្យ អគ្គលេខាធិការ នៃការិយាល័យក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ។ ជំនួបនេះត្រូវបានធ្វើឡើងនៅការិយាល័យរបស់លោកសន្ដិបណ្ឌិត នេត សាវឿន។

ក្រៅពីជំនួបនោះ លោកសន្ដិបណ្ឌិត នេត សាវឿន ក៏បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលរថយន្ដ និងឧបករណ៍តេស្ដរកសារធាតុញៀនតាមទឹកមូត្រ ដែលធ្វើឡើងដោយនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកឧត្តមសេនីយ៍ឯក ផានុរ៉ាត់ លក្ខណ៍បុណ្យ អគ្គលេខាធិការ នៃការិយាល័យក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ផានុរ៉ាត់ លក្ខណ៍បុណ្យ បានសម្ដែងនូវការកោតសរសើរ និងសមិទ្ធផលលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់កម្ពុជានាពេលកន្លងមក ពិសេសភាពជោគជ័យលើយុទ្ធនាការប្រយុទ្ធ ប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ឆ្នាំ២០២៤ ក្នុងនោះបានបង្ក្រាបបទល្មើសគ្រឿងញៀន រឹបអូសសារធាតុញៀន និងសារធាតុគីមីផ្សំ ព្រមទាំងអនុវត្តវិធានការបង្ការ ទប់ស្កាត់ និងផ្សព្វផ្សាយអប់រំយ៉ាងមានប្រសិទ្ធភាព។

ភាគីថៃ បានលើកឡើងអំពីការចាប់អារម្មណ៍ចំពោះវិធីសាស្ដ្ររបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមការដឹកនាំរបស់លោកសន្ដិបណ្ឌិត នេត សាវឿន ដែលទទួលបាននូវប្រសិទ្ធភាពជាច្រើន រួមទាំងការបង្កើត App NoDrug ជាដើម។ កម្មវិធី ឬ App NoDrug បានប្រមូលផ្ដុំទៅដោយការអប់រំតាមប្រព័ន្ធឌីជីថល និងជាមធ្យោបាយមួយដ៏មានប្រសិទ្ធភាពដើម្បីឲ្យប្រជាពលរដ្ឋរាយការណ៍ ដើម្បីលុបបំបាត់ករណីគ្រឿងញៀននៅក្នុងសហគមន៍។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក ផានុរ៉ាត់ លក្ខណ៍បុណ្យ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ថៃ នាពេលកន្លងមកលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីទប់ស្កាត់ការលួចឆ្លងដែនគ្រឿងញៀន ខុសច្បាប់ និងការផ្លាស់ប្ដូរព័ត៌មានឲ្យគ្នាទៅវិញទៅមក។

ជាការឆ្លើយតប លោកសន្ដិបណ្ឌិត នេត សាវឿន បានថ្លែងអំណរគុណដល់ភាគីថៃ ដែលជាមិត្តដ៏ល្អ និងបានជួយគ្នាលើគ្រប់វិស័យ។ ដោយឡែក ចំពោះការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ភាគីថៃបានដើរតួនាទីយ៉ាងសំខាន់ក្នុងការដល់កម្ពុជា ទាំងការងារជំនាញ ការផ្លាស់ប្ដូរព័ត៌មាន ការងារជំនួយសម្ភារៈបច្ចេកទេស។ ជាក់ស្ដែងជំនួយសម្ភារៈឧបករណ៍បច្ចេកទេសនៅថ្ងៃនេះ គឺជាសក្ខីភាពបង្ហាញអំពីការគិតគូររបស់ភាគីថៃ មកលើកម្ពុជា ហើយជំនួយទាំងអស់នេះប្រៀបដូចភាគីថៃ ចូលរួមជាមួយកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅប្រទេសកម្ពុជាផងដែរ។

លោកសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី បានរំលេចអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចាត់ទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាវិស័យអាទិភាពមួយ ក្នុងនោះមានក្បាលម៉ាស៉ីនដឹកនាំដ៏រឹងមាំ និងមានការចូលរួមពីគ្រប់វិស័យ គ្រប់ក្រសួងស្ថាប័នទាំងអស់ ដើម្បីធ្វើឲ្យការងារនេះកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងបញ្ហាក្នុងសហគមន៍ បានទាន់ពេលវេលា។

លោកសន្ដិបណ្ឌិត នេត សាវឿន បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រួចការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ទៅជាទិសដៅរួមមួយ ដែលមានការចូលរួមពីគ្រប់វិស័យទាំងអស់ ក្នុងនោះមានទាំងវិស័យអនុវត្តច្បាប់ និងវិស័យពាក់ព័ន្ធទាំងអស់ រហូតដល់សមាជិកគ្រប់ក្រុមគ្រួសារនីមួយៗ ត្រូវមានតួនាទីទាំងអស់គ្នាដើម្បីចូលរួមចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាចលនាជាតិដ៏មុតស្រួច។

ភាគីទាំងពីរកម្ពុជា-ថៃ ក៏បានឯកភាពគ្នាលើការបំពេញការងារួម ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលត្រូវបន្ដរួមគ្នារយៈពេលវែង ព្រោះបញ្ហាគ្រឿងញៀនជាបញ្ហាមួយដ៏ស្មុគស្មាញ់ និងមិនអាចបញ្ចប់នៅពេលខ្លីបានឡើយ។ ក្នុងន័យនេះ កិច្ចសហប្រតិបត្តិការួមគ្នា ក្នុងនាមជាប្រទេសជិតខាង និងក្នុងតំបន់ គឺមានសារៈសំខាន់បំផុត។

ឆ្លៀតក្នុងឱកាសនោះ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានអញ្ជើញបំពាក់នូវគ្រឿងឥស្សរិយសលំដាប់សហមេត្រី ថ្នាក់មហាសេនា ជូនលោកឧត្តមសេនីយ៍ឯក ផានុរ៉ាត់ លក្ខណ៍បុណ្យ អគ្គលេខាធិការ នៃការិយាល័យក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ ផងដែរ។

លោកឧត្តមសេនីយ៍ឯក ផានុរ៉ាត់ លក្ខណ៍បុណ្យ បានបង្ហាញនូវក្ដីគោរព និងរំភើបចិត្ត មិនត្រឹមតែខ្លួនលោកផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែក៏មានមន្ត្រីថៃទាំងអស់ដែលបានលះបង់ខិតខំបំពេញតួនាទីរបស់ខ្លួន ដើម្បីធ្វើការងារជាមួយកម្ពុជា ក្នុងគោលដៅប្រយុទ្ធប្រឆាំងនឹងបញ្ហាគ្រឿងញៀនយ៉ាងសកម្មកន្លងមក ហើយគ្រឿងឥស្សរិយសលំដាប់សហមេត្រីនេះ គឺជានិមិត្តសញ្ញា នៃកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំរវាងប្រទេសទាំងពីរ ក្នុងការប្រឈមមុខ និងដោះស្រាយ បញ្ហាដ៏លំបាក និងស្មុគស្មាញរបស់គ្រឿងញៀន។

សូមជម្រាបថា ជំនួយដែលអគ្គលេខាធិការ នៃការិយាល័យក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ ប្រគល់ជូនអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាពេលនេះ រួមមាន រថយន្ដចំនួន២គ្រឿង និងឧបករណ៍តេស្ដរកសារធាតុញៀន ចំនួន១ម៉ឺនឈុត៕