(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញរៀបចំពិធីក្រុងពាលីបើកការដ្ឋានសាងសង់សួនច្បារ និងពង្រីកផ្លូវចូលរមណីយដ្ឋានភ្នំសំពៅ មានទីតាំងស្ថិតនៅក្នុងភូមិសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ សំដៅលើកកម្ពស់សោភ័ណភាពបរិស្ថាន បង្កើនការទាក់ទាញភ្ញៀវទេសចរ។
ក្នុងឱកាសនោះលោក សុខ លូ បានថ្លែងថា ដោយមានការចង្អុលបង្ហាញពីសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌល ខេត្តបាត់ដំបង, អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង រដ្ឋបាលខេត្តបានរៀបចំពិធីក្រុងពាលី ដើម្បីធ្វើការសាងសង់ក្លោងទ្វារ រៀបចំសួន
ច្បារជើងភ្នំសំពៅ ផ្លូវថ្នល់ ដាំដើមឈើ ដើមផ្កា រៀបចំផ្លូវដើរក្នុងតំបន់តំបន់រមណីដ្ឋានភ្នំសំពៅ ដើម្បីកែលម្អតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តនេះឱ្យក្លាយជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញបង្កើនការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាហើយចង់មកម្ដងទៀត។
លោកអភិបាលខេត្ត បានបន្ថែមថា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងអនាម័យបរិស្ថាននៅតំបន់រមណីយដ្ឋានភ្នំសំពៅឱ្យបានស្អាត ក៏ដើម្បីបង្កើនសេដ្ឋកិច្ចជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់នេះផង។ លោកបានថ្លែងអំណរគុណដល់រដ្ឋបាលស្រុក ក៏ដូចជាអាជ្ញាធរភូមិ ឃុំ ភូមិ សមត្ថកិច្ចពាក់ព័ន្ធ ព្រះគ្រូចៅអធិការវត្តភ្នំសំពៅ ព្រមទាំងប្រជាពលរដ្ឋ ដែលបានចូលរួមសហការជាមួយរដ្ឋបាលស្រុក ដើម្បីជួយរៀបចំក្នុងតំបន់ជុំវិញភ្នំសំពៅ។
សូមរម្លឹកថា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ញ៉ែម សាខន បានផ្ដួចផ្ដើម និងដឹកនាំប្រារព្ធពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដើម្បីប្រមូលបច្ច័យរៀបចំកសាងបង្ហើយព្រះពុទ្ធរូបអង្គធំ និងកសាងខឿនសួនច្បារជើងភ្នំសំពៅ ដែលស្ថិតនៅភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
សូមបញ្ជាក់ថា ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីនេះត្រូវបានប្រារព្ធធ្វើឡើងកាលពីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ នៅភូមិគ្រឹះសម្ដេចក្រឡាហោម ស ខេង ស្ថិតនៅផ្លូវលេខ៥០១ កែងផ្លូវ៥២៤ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងកន្លងទៅ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល អាជ្ញាធរខេត្ត ក្រុង ស្រុក មន្ទីរអង្គភាព និងសប្បុរសជននានា។
ភ្នំសំពៅ ជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រមួយ ស្ថិតនៅតាមដងផ្លូវជាតិលេខ៥៧ (អតីតផ្លូវជាតិលេខ១០) ស្ថិតក្នុងឃុំភ្នំសំពៅ ស្រុកបាណន់។ ភ្នំនេះមានកំពស់ប្រមាណ១០០ម៉ែត្រ កាំជណ្តើរឡើងចំនួន១,០៣០កាំ មានចំងាយ១២គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង។ អ្វីដែលពិសេសនោះ គឺទស្សនីយភាពហ្វូងសត្វប្រចៀវរាប់លានក្បាលដែលហោះចេញពីល្អាង។ ជារៀងរាល់ថ្ងៃនៅមុនពេលថ្ងៃរៀបអស្តង្គត នៅចន្លោះម៉ោង៥៖៣០នាទីដល់ម៉ោង៦៖៣០នាទីល្ងាច គឺជាពេលវេលាដែលហ្វូងសត្វប្រចៀវ ចាប់ផ្តើមហោះហើរបណ្តែតខ្លួនចេញពីរូងភ្នំខ្មៅដាស់ពេញមេឃ និងតម្រង់ជួរគ្នាចេញពីរូងធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវជាតិ និងអន្តរជាតិ មកពីគ្រប់ទិសទីមកមើលកម្សាន្តរាល់ថ្ងៃផងដែរ៕