(កំពង់ឆ្នាំង)៖ លោក ឈុន សុខកុម្ភៈ អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសូរិយោដី ខេត្តកំពង់ឆ្នាំង បានអំនាវដល់ម្ចាស់ក្បាលដីមកពិនិត្យផ្ទៀងផ្ទាត់រកភាពត្រឹមត្រូវរយៈពេល១៥ថ្ងៃ នៃការបិទផ្សាយជាសាធារណនូវឯកសារនៃការវិ និច្ឆ័យដីធ្លីមានលក្ខណជាប្រព័ន្ធ នៅក្នុងឃុំដារ ស្រុកកំពង់លែង។

ការអំពាវនាវនេះ បានធ្វើឡើងនៅក្នុងពិធីបិទផ្សាយជាសាធារណនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសម្រាប់ភូមិថ្មល់ ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការចូលរួមពីមន្ទីរពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋជាម្ចាស់ក្បាលដីប្រមាណ ៣០០នាក់។

លោក ឈុន សុខកុម្ភៈ បានបន្តថា ការបិទផ្សាយនេះ គឺជាដំណាក់កាលទី៣ ដែលមានសារៈសំខាន់ណាស់សម្រាប់បងប្អូនជាម្ចាស់ក្បាលដីមកពិនិត្យនូវទំហំរូបរាងក្បាលដី អក្ខរាវិរុទ្ធថាតើត្រឹមត្រូវហើយ ឬនៅករណីមិនត្រឹមត្រូវដោយប្រការណាមួយប្រជាពលរដ្ឋជាម្ចាស់ដីអាចប្តឹងជំទាស់តវ៉ាក្នុងរយៈពេល១៥ថ្ងៃ ជាមួយមន្រ្តីបច្ចេកទេសដែលរងចាំកែតម្រូវជូនប្រជាពលរដ្ឋ។

លោកអនុប្រធានបានបន្តថា ដើម្បីពិនិត្យបានលឿនសូមបងប្អូនភ្ជាប់នូវឯកសារមាន បង្កាន់ដៃក្បាលដីចេញដោយមន្រ្តីបច្ចេកទេស អត្តសញ្ញាណបណ្ណ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងសៀវភៅគ្រួសារមកផ្ទៀងផ្ទាត់ក្នុងពេលបិទផ្សាយរយៈពេល១៥ថ្ងៃ ដោយគិតចាប់ពីពេលបិទផ្សាយ គឺចាប់ពីថ្ងៃទី១០ដ ល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ គិតទាំងថ្ងៃឈប់សម្រាកផងដែរ។លោកក៏បានស្នើដល់អាជ្ញាធរជួយផ្សព្វផ្សាយបន្តដល់បងប្អូនម្ចាស់ក្បាលដី ដើម្បីមកចូលរួមពិនិត្យអោយបានគ្រប់គ្នា មុននិងចេញបណ្ណជាផ្លូវការជូនបងប្អូន។

តាមរបាយការណ៍របស់លោក ឈិន ព្រួញ ប្រធានក្រុមការងារចុះបញ្ជីក្រុមទី៨ បានឱ្យដឹងថា សម្រាប់ឃុំដារ ក្នុងស្រុកកំពង់លែងនេះ មាន៥ភូមិ ដោយឡែកភូមិថ្នល់ គឺជាភូមិទី១ ដែលក្រុមការងារបានអនុវត្តតាមនិតិវិធីនៃដំណាក់កាលនីមួយៗរហូតដល់ការបិទផ្សាយជាសាធារណៈ នៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធដោយកំណត់ព្រំ និងវិនិច្ឆ័យបានចំនួន ២,២២៧ក្បាលដី ក្នុងនោះមានដីកសិកម្ម ដីលំនៅដ្ឋាន ដីទូលកប់សព ដីសាលាឆទាន និងដីសាលារៀន៕