(ពោធិ៍សាត់)៖ ប្រតិភូសមាគមកាយឫទ្ធិនារីកម្ពុជា ថ្នាក់កណ្តាល ដឹកនាំដោយលោកស្រី ខាន់ ម៉ានីដា ម៉ៅហាវណ្ណាល់ ប្រធានគម្រោងវប្បធម៌ សិល្បៈ ប្រពៃណី និងហត្ថកម្ម នាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ ចុះបណ្តុះបណ្តាល និងបង្ហាត់បង្រៀន ពីរបៀបកាត់ប្រវែងក្រម៉ា វិធីបត់ក្បាច់ក្រម៉ា របៀបធ្វើកន្លាស់អាវពែក្ស័ របៀបរុំធ្វើស្នូល និងរបៀបបត់ផ្កាភ្ញីគ្រប់ប្រភេទ ជូនដល់សមាជិកសកម្ម គ្រូបង្គោល សិស្សានុសិស្ស និងកុមារី នៃសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តពោធិ៍សាត់ ចំនួន៤៥នាក់។
ពិធីនេះត្រូវបានធ្វើឡើងនៅស្នាក់ការផ្សារទំនើបពោធិ៍សាត់ ដោយបានការចូលរួម និងសហការយ៉ាងល្អ ពីសំណាក់លោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយសគណៈកម្មការ នៃសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តពោធិ៍សាត់ និងបានការចូលរួមបង្ហាត់បង្រៀនដោយ លោកគ្រូ អ្នកគ្រូ មកពីហាងផ្កា Bophakiri, ហាងលីនដា ហ្គោលគ្រូស៊ីប៊ល ព្រមទាំងយុវតីសកម្ម មកពីខេត្តកំពតផងដែរ។
លោកស្រី ខាន់ ម៉ានីដា ម៉ៅហាវណ្ណាល់ ប្រធានគម្រោងវប្បធម៌ សិល្បៈ ប្រពៃណី និងហត្ថកម្ម បានឱ្យដឹងថា ប្រតិភូសមាគមកាយឫទ្ធិនារីកម្ពុជា មានឱកាសបានចុះបណ្តុះបណ្តាល និងបង្ហាត់បង្រៀន ពីរបៀបកាត់ប្រវែងក្រម៉ា វិធីបត់ក្បាច់ក្រម៉ា របៀបធ្វើកន្លាស់អាវពែក្ស័ របៀបរុំធ្វើស្នូល និងរបៀបបត់ផ្កាភ្ញីគ្រប់ប្រភេទ ជូនដល់សមាជិកាសកម្ម គ្រូបង្គោល សិស្សានុសិស្ស និងកុមារី នៃសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តពោធិ៍សាត់ គឺដោយទទួលបានការណែនាំ និងយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការ នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងគោលបំណង ដើម្បីបំផុសបំនិនដល់ពួកគេឱ្យចេះច្នៃប្រឌិត សម្ភារៈនានាដោយខ្លួនឯង និងមានឱកាសបង្ហាត់បង្រៀនបន្ត ដល់សិស្សានុសិស្ស កុមារីផ្សេងទៀត ឆ្លើយតបទៅនឹងគម្រោងវប្បធម៌ សិល្បៈ ប្រពៃណី និងហត្ថកម្ម។
លោកស្រីក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយសគណៈកម្មការ នៃសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តពោធិ៍សាត់ ដែលសហការគាំទ្រយ៉ាងល្អ ដល់ក្រុមការងារ ឱ្យដំណើរការទៅដោយរលូន ហើយក៏សង្ឃឹមថាសមាជិកាសកម្មទាំងអស់នឹងទទួលបានចំណេះដឹង រួមទាំងបទពិសោធន៍ល្អៗបន្ថែមទៀត នៅថ្ងៃខាងមុខ។
សូមបញ្ជាក់ថា ចក្ខុវិស័យរបស់សមាគមកាយឫទ្ធិនារីកម្ពុជា គឺដើម្បីខិតខំរួមគ្នាពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពកុមារី និងយុវតីកម្ពុជា ឱ្យក្លាយជាពលរដ្ឋល្អ ដែលមានការទទួលខុសត្រូវ ចំពោះខ្លួនឯង គ្រួសារ សហគមន៍ និងប្រទេសជាតិ តាមរយៈការជួយបណ្តុះបណ្តាល ការផ្តល់ឱកាសឱ្យចូលរួមក្នុងការងារសង្គម ការប្រជុំ ការបោះជំរំ ការចូលរួមពិធីបុណ្យជាតិ និងព្រឹត្តិការណ៍ធំៗទាំងក្នុង និងក្រៅប្រទេសជាដើម៕