(ភ្នំពេញ)៖ អ្នកស្រី ព្រំ រើន អាយុ៥៣ឆ្នាំ ជាកម្មករសំណង់ បានរងគ្រោះ​ចាញ់​បោកជនឆបោកតាមបណ្តាញសង្គមហ្វេសប៊ុកអស់លុយ ១លាន ៦៥ម៉ឺនរៀល ក្រោមរូបភាពឆបោកលក់ម៉ូតូតម្លៃថោកជួយជនក្រីក្រ ដោយប្រើរូបភាព និងឈ្មោះរបស់លោកស្រី ទ្រី ដាណា។

អ្នកស្រី ព្រំ រើន មានស្រុកកំណើតនៅស្រុកស្ទោង ខេត្តកំពង់ធំ ជាស្ត្រី​មេ​ម៉ាយ ចិញ្ចឹមម្តាយអាយុ៩០ឆ្នាំ និងកូនស្រីមានបញ្ហាស្មារតីវ័យ១៨ឆ្នាំ។ អ្នកស្រីបានចាកឆ្ងាយស្រុកមកធ្វើការនៅព្រំដែនកម្ពុជា-វៀតណាម ក្នុងក្រុងសំពៅពូន ខេត្តកណ្តាល។

នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ អ្នកស្រី បានស្កាត់មកកាន់ការិយា​ល័យអង្គភាពសារព័ត៌មាន Fresh News ជាមួយដំណក់ទឹកភ្នែកយ៉ាង​សស្រាក់ បង្ហាញពីការរងគ្រោះរបស់អ្នកស្រី ក៏ដូចជាលាតត្រដាងល្បិច​កិច្ច​ក​លរបស់ជនឆបោក ការរងគ្រោះរបស់អ្នកស្រី។

អ្នកស្រី ព្រំ រើន បានរៀបរាប់ឱ្យដឹងថា អ្នកស្រីបានមើលលើបណ្តាញសង្គម​ហ្វេស​ប៊ុក ហើយឃើញទំព័រហ្វេសប៊ុកមួយមានគណនីឈ្មោះ «ចែដា​ណា» និងប្រើរូបភាពរបស់លោកស្រី ទ្រី ដាណា ប្រកាសពីការលក់​ម៉ូតូតម្លៃ១លាន ៦៥ម៉ឺនរៀល ជូនដល់ជនក្រីក្រ។

ដោយបំណងចង់បានម៉ូតូ ដើម្បីត្រឡប់ទៅរកស៊ីនៅស្រុកកំណើតក្បែរផ្ទះ ដើម្បីមើលថែម្តាយចាស់ជរា និងកូនស្រីមានបញ្ហាស្មារតីនោះ អ្នកស្រី ព្រំ រើន បានទាក់ទំនងតាមទំព័រហ្វេសប៊ុក និងទម្លាក់ឯកសារជាច្រើន ដែល​ជន​ឆបោកតម្រូវ រួមមានបណ្ណបញ្ជាក់ជាជនក្រីក្រផងដែរ។

បន្ទាប់ពីបានទម្លាក់ឯកសារពាក់ព័ន្ធហើយនោះ ជនឆបោកបានតម្រូវឱ្យ​អ្នកស្រី ព្រំ រើន ផ្ញើលុយឱ្យគេ១លាន ៦៥ម៉ឺនរៀល ដើម្បីគេដឹកម៉៉ូតូនោះ​ជូន។ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ អ្នកស្រី ព្រំ រើន បានវេរលុយ​ជូន​គេតាមរយៈលេខទូរស័ព្ទ ០៩៦ ៩២ ៥៤ ៦១៦។ បន្ទាប់ពីបានវេរលុយរួចហើយ គណនីហ្វេសប៊ុក បានបិទលែងឱ្យអ្នកស្រីទាក់ទងតែម្តង។

អ្នកស្រី ព្រំ រើន បានបញ្ជាក់ថា លុយ ១លាន ៦៥ម៉ឺនរៀលនេះ អ្នកស្រី បានធ្វើការសំណង់ផង រើសអេតចាយផង ហើយខ្ចីគេបន្ថែម ៣០ម៉ឺន​រៀល​ទៀត។

និយាយបណ្តើរទឹកហូររហាមបណ្តើរៗស្ត្រីម៉េមាយចិញ្ចឹមម្តាយចាស់ជរា និង​កូនមានបញ្ហាស្មារតី បានទទូចឱ្យអាជ្ញាធរជួយស្វះស្វែងរកជនឆបោក ដើម្បីអ្នកស្រីទទួលបានប្រាក់ដែលរកបានយ៉ាងលំបាកនោះត្រឡប់មកវិញ។

អ្នកស្រី ព្រំ រើន ក៏បានទទូច ដល់ប្រជាពលរដ្ឋខ្មែរដទៃទៀត មានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ កុំឱ្យរងគ្រោះដូចអ្នកស្រីបន្តទៀត៕