(ម៉ានីល, ហ្វីលីពីន)៖ បន្ទាប់ពីធ្វើដំណើរតាមយន្តហោះជាងពីរម៉ោង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងគណៈប្រតិភូ បានអញ្ជើញដល់អាកាសយានដ្ឋានយោធា Maharlika, Villamor Air Base ក្នុងប្រទេសហ្វីលីពីន ដោយសុខសុវត្ថិភាពហើយ។

ដំណើរអញ្ជើញដល់របស់សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងគណៈប្រតិភូ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់​លោក Ralph G. Recto រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ របស់ហ្វីលីពីន ក៏ដូចជាឯកអគ្គរាជទូត និងមន្ត្រីស្ថានទូតខ្មែរនៅហ្វីលីពីន។

សូមបញ្ជាក់ថា នៅវេលាម៉ោងប្រមាណជា៨ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសហ្វីលីពីន ដើម្បីពូនជ្រំ​ចំណង​ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហ្វីលីពីន​ឱ្យកាន់តែល្អប្រសើរ។

យោងតាមក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថា តបតាមការអញ្ជើញរបស់លោក Ferdinand R. Marcos Jr. ប្រធានាធិបតីហ្វីលីពីន, សម្តេចមហាបវរធិបតី នឹងបំពេញទស្សន​កិច្ច​ផ្លូវ​ការ នៅហ្វីលីពីនរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់១១ ខែកុម្ភៈ ឆ្នាំ២០២៥។

អញ្ជើញអមដំណើរសម្ដេចមហាបវរធិបតី និងលោក​ជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងរដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗ​នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំវិស័យឯកជន នៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។

ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយលោក Ferdinand R. Marcos Jr. ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី តំបន់ និងអន្តរជាតិ។ បន្ទាប់ពីជំនួបពិភាក្សានេះ ថ្នាក់ដឹកនាំទាំងពីរ នឹងអញ្ជើញជាអធិបតីក្នុងពិធីផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការ ដែលបានចុះហត្ថលេខាមួយចំនួន។

ក្នុងឱកាសនៃទស្សនកិច្ចនេះ សម្តេចបវរធិបតី នឹងជួបពិភាក្សាការងារដាច់ដោយឡែក​ជាមួយលោក Francis «Chiz» G. Escudero ប្រធានព្រឹទ្ធសភា និងលោក Ferdinand Martin Gomez Romualdez ប្រធានរដ្ឋសភាហ្វីលីពីន។

សម្ដេចនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញផ្តល់កិត្តិយសថ្លែងសុន្ទរកថា បើកក្នុងវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន ព្រមទាំងជួបជាមួយបណ្តាក្រុម​ហ៊ុនហ្វី​លី​ពីនផងដែរ។

កម្ពុជា និងហ្វីលីពីនមានទំនាក់ទំនងជាមួយគ្នាជិត៧០ឆ្នាំហើយ។ ដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅកាន់ហ្វីលីពីននាពេលនេះ នឹងផ្តល់សន្ទុះថ្មីក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់រវាងប្រទេសទាំងពីរ៕