(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញកំពុងធ្វើការជាមួយគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដើម្បីនាំយកផលិតផលខ្មែរមួយចំនួនមកតាំងបង្ហាញ និងលក់ដូរនៅលើផ្លូវថ្មើរជើង (Walk Street) ក្រោយសង្កេតឃើញថា ក្នុងសប្តាហ៍ទី២ មានភ្ញៀវអន្តរជាតិ និងប្រជាពលរដ្ឋកើនឡើងជាងសប្តាហ៍មុនទៅទៀត។ នេះបើតាមការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈលោកនិងលោកស្រីចុះពិនិត្យវឌ្ឍភាពនៃផ្លូវថ្មើរជើង (Walk Street) នារាត្រីថ្ងៃទី៩ កុម្ភៈនេះ។

លោក ឃួង ស្រេង បានបញ្ជាក់ទៀតថា ការដាក់ដំណើរផ្លូវថ្មើរជើង (Walk Street) បានចាប់ផ្តើមតាំងពីថ្ងៃទី១ កុម្ភៈមកម្ល៉េះ តែមនុស្សម្នាចាប់ផ្តើមកើនឡើងនៅថ្ងៃទី២ ក្នុងសប្តាហ៍ទី១ ដោយឡែកសម្រាប់ថ្ងៃទី២ ក្នុងសប្តាហ៍ទី២ តាមការសង្កេតរបស់លោក ពលរដ្ឋបន្តកើនឡើងជាងសប្តាហ៍មុនទៅទៀត។

លោក ឃួង ស្រេង ថា «ពីមួយថ្ងៃទៅមួយថ្ងៃពលរដ្ឋពេញចិត្តមកកម្សាន្តផ្លូវថ្មើរជើង ដែលជាការសាកល្បងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលទាំងអស់នេះជាការគាំទ្រនិងលើកទឹកចិត្តដល់រដ្ឋបាលរាជធានីភ្នំពេញ»

លោកអភិបាល ឃួង ស្រេង សង្ឃឹមថា ដំណើរការសាកល្បងនេះនឹងទទួលបានជោគជ័យ ហើយរដ្ឋបាលរាជធានីនឹងបន្តរៀបចំឱ្យមានរបៀបរៀបរយជាងនេះទៅទៀត ដើម្បីទាកទាញភ្ញៀវជាតិនិងអន្តរជាតិឱ្យចូលរួមកម្សាន្តសប្បាយ។ ជាមួយគ្នានេះ លោក ឃួង ស្រេង បានមើលឃើញថា ការរៀបចំក្នុងដំណាក់កាលសាល្បងនេះនៅមានចំណុចខ្វះខាតកន្លែងខ្លះ ខណៈរដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងកែសម្រួលជូនពលរដ្ឋឱ្យកាន់តែប្រសើរផងដែរ។

ជុំវិញបញ្ហាសន្តិសុខសណ្តាប់ធ្នាប់វិញ លោក ឃួង ស្រេង បានបញ្ជាក់ថា រៀបចំបានល្អ ចំណុចពិសេសជាងគេមិនខ្លាចប៉ះពាល់លើគ្រោះថ្នាក់ចរាចរណ៍។

លោក ឃួង ស្រេង ថា «ជុំវិញបញ្ហាសន្តិសុខ គឺល្អ១០០% ដោយសារពួកយើងដាក់កម្លាំងយ៉ាងច្រើន ដើម្បីធ្វើការងារនេះជូនពួកគាត់កុំឱ្យមានឧបទវហេតុអ្វីកើតឡើងលើបញ្ហាសន្តិសុខ»

ដោយឡែក បញ្ហាចំណតរថយន្តនិងទោចក្រក្រយានយន្តវិញ លោកចង្អុលបង្ហាញឱ្យអ្នកប្រើរថយន្តអាចផ្ញើលើទីតាំងឯកជន នៅអតីតពន្ធនាគារតេ៣ ដោយសាររដ្ឋបាលរាជធានីភ្នំពេញមិនទាន់អាចរកទីតាំងរៀបចំបាននៅឡើយ សម្រាប់ម៉ូតូអាចផ្ញើបាននៅសាលសន្និសីទចតុមុខ ក្នុងតម្លៃត្រឹមតែ១ពាន់រៀលប៉ុណ្ណោះ។

ជាងនេះទៅទៀត លោក ឃួង ស្រេង បានយកចិត្តទុកដាក់លើការថយចុះភ្ញៀវចូលទទួលទានអាហារនៅតាមភោជនីយដ្ឋានដែលស្ថិតលើផ្លូវថ្មើរជើងនេះ ដោយលោកបានពិនិត្យដោយផ្ទាល់ និងបានជួបចំណេះសំណាលជាមួយអ្នកលក់អាហារដ្ឋានតែម្តង ដោយកាលពីសប្តាហ៍ដំបូងបានធ្លាក់ចុះ តែសម្រាប់សប្តាហ៍ទី២នេះវិញបានកើនឡើងរហូតលក់អស់លឿនជាងធម្មតាទៅទៀត។

លោកបញ្ជាក់ដែរថា ចំពោះខ្សែរត់ទាំងអស់របស់រថយន្តក្រុងនៅគ្រប់ផ្លូវ ដែលកំពុងប្រតិបត្តិការត្រូវរត់កន្លែងមានប្រជាជនច្រើន តំបន់មានរោងចក្រ និងតំបន់ផ្សេងៗទៀតរត់បុកមកខាងដើម និងខាងចុងអាចមកកម្សាន្តនៅផ្លូវព្រះស៊ីសុវត្ថិជាផ្លូវថ្មើរជើង ហើយបន្ថែមម៉ោងពី៩ដល់ម៉ោង១១យប់ ដើម្បីដឹកជញ្ជូនពលរដ្ឋទៅកន្លែងដើមវិញ។

លោក ឃួង ស្រេង បានបន្ថែមថា រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការជាមួយភូមិមួយផលិតផលមួយ ដើម្បីនាំយកផលិតផលខ្មែរមួយចំនួនមកតាំងបង្ហាញ និងលក់ដូរ។ ជាងនេះទៅទៀត ក៏មានរៀបចំឱ្យបណ្ណាល័យចល័ត សម្រាប់អ្នកចូលចិត្តអានសៀវភៅផងដែរ។ ដោយឡែក ផ្ទាំងទស្សនីយភាព តន្ត្រីបុរាណ ក៏ចាប៉ីដងវែង អ្នកដេញតាខេ អាយៃ សៀករហ័សកម្ម ជាដើម ហើយមានការចូលរួម រួមទាំងវិចិត្រករសូនរូប គូររូប ដែលសុទ្ធតែជាផ្នែកដល់ការទាក់ទាញភ្ញៀវទេសចរ។

លោកអភិបាលរាជធានីភ្នំពេញបានថ្លែងកោតសរសើរប្រជាពលរដ្ឋដែលកម្សាន្តតាមផ្លូវថ្មើរជើងទាំង២សប្ដាហ៍នេះល្អណាស់ បញ្ហាបរិស្ថានពួកគាត់ជាប្រជាជនស៊ីវិល័យគាត់ទុកដាក់សំរាមបានល្អ មិនបោះចោលសំរាមទេ គាត់នាំគ្នាកាន់សំរាមយកទៅដាក់ធុងដែលយើងរៀបចំឱ្យគាត់ ដូច្នេះយើងអាចនិយាយបានថាប្រជាពលរដ្ឋនៅរាជធានីភ្នំពេញសព្វថ្ងៃមានភាពស៊ីវិល័យក្នុងការរស់នៅ និងដឹងពីសុខមាលភាពរបស់គាត់គ្រប់គ្នា និយាយដោយឡែក ក៏ដូចពលរដ្ឋកម្ពុជាទាំងអស់ផងដែរ៕