(ត្បូងឃ្មុំ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តែងនូវការសោកស្តាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយគ្រួសារសព និងរបួសដោយឃាតកម្មបាញ់សម្លាប់នៅខេត្តត្បូងឃ្មុំ ដែលឃាតកម្មនេះមិនគួរកើតមានសោះ បែរជាការគិតខ្លីមួយពេល ធ្វើឲ្យកើតនូវសោកដកម្មដ៏សាហាវបែបនេះ។
ដូច្នេះនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់តាំងលោកវេជ្ជ. អ៊ុយ សំអាត ជំនួយការអគ្គលេខាធិការដ្ឋាន និងសហការី អញ្ជើញនាំយកសម្ភារៈរួមនិងថវិកាចំនួន៥លានរៀលជូនក្រុមគ្រួសារសព និងថវិកាចំនួន៣លានរៀលជូនគ្រួសារអ្នករងរបួសពីឃាតកម្មបាញ់ប្រហារនៅភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
សូមបញ្ជាក់ឲ្យដឹងថាជនរងគ្រោះដែលបាត់បង់ជីវិត និងរងរបួសរួមមាន៖
* ទី១៖ ឈ្មោះ ឈឿង ប៊ុនធឿន ភេទប្រុស អាយុ៦៤ឆ្នាំ មុខរបរកសិករ ត្រូវជាឪពុកក្មេក (ស្លាប់កន្លែងកើតហេតុ)
* ទី២៖ ឈ្មោះ អោក ចាន់សាទ ភេទស្រី អាយុ៦៥ឆ្នាំ មុខរបរកសិករ ត្រូវជាម្តាយក្មេក (ស្លាប់កន្លែងកើតហេតុ)
* ទី៣៖ ឈ្មោះ ប៊ុន រតនា ភេទប្រុស អាយុ៣៨ឆ្នាំ ត្រូវជាបងថ្លៃ (របួសស្រាល)
* ទី៤៖ ឈ្មោះ ប៊ុន លក្ខណា ភេទស្រី អាយុ៣២ឆ្នាំ ត្រូវជាប្រពន្ធ (របួសធ្ងន់)។
* ទី៥៖ ឈ្មោះ សេង ហន ភេទប្រុស អាយុ៥៤ឆ្នាំ ប្រជាការពារ (បានស្លាប់ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យ) អ្នកទាំងអស់គ្នារស់នៅភូមិ-ឃុំកើតហេតុខាងលើ។
ក្នុងនាមកាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពជនរងគ្រោះខាងលើសូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ និងជូនពរអ្នករងរបួសសូមឆាប់បានជាសះស្បើយឡើងវិញ៕