(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារបក្សប្រជាជនកម្ពុជា ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខណ្ឌសែនសុខ រួមទាំងលោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង តំណាងរាស្រ្តមណ្ឌលភ្នំពេញ និងអនុប្រធានក្រុមការងារគណបក្ស និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌសែនសុខ បានណែនាំលើកទឹកចិត្ដដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកានៃគណៈកម្មាធិការគណបក្សខណ្ឌសែនសុខ ត្រូវស្រលាញ់សាមគ្គីភាព សហការគ្នាអភិវឌ្ឍមូលដ្ឋាន និងបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើងបន្ថែមទៀត ពិសេសលើបញ្ហាសុខភាព។
ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ត្រាចារ្យ បានធ្វើឡើងក្នុងកិច្ចប្រជុំពិនិត្យសកម្មភាពការងារ និងលទ្ធផលការងារចុះមូលដ្ឋានឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រុមការងារគណបក្សប្រជាជនកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីលោក ម៉ូវ ម៉ានិត ប្រធានគណៈកម្មាធិការគណបក្សខណ្ឌសែនសុខ អនុប្រធានក្រុមការងារ សមាជិគណៈកម្មាធិការគណបក្សខណ្ឌ ប្រធានក្រុមការងារចុះជួយសង្កាត់ ប្រធានគណបក្សសង្កាត់ ប្រធានសាខាបក្សភូមិទាំង៤៧ សរុប ៨៦រូប នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥។
លោកសាស្រ្តាចារ្យ ឈាង រ៉ា និងលោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានបញ្ជាក់រួមគ្នាថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សរបស់ប្រជាជន កើតឡើងស្ថិតស្ថេរ និងរីកចម្រើនដោយសារប្រជាជន និងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រទេសជាតិ និងប្រជាជនកម្ពុជា។ ដូច្នេះហើយសូមឲ្យមន្រី្ត និងសមាជិកគណបក្សយើង ចាំបាច់ត្រូវស្គាល់អំពីបុព្វហេតុជាតិ និងគោលជំហររបស់គណបក្សឲ្យបានច្បាស់ ដើម្បីជាចលករ ក្នុងការចូលរួមពង្រឹងជំហរ ការជឿជាក់លើការដឹកនាំរបស់គណបក្ស ជំហរស្នេហាជាតិ ស្រលាញ់ប្រជាជន ហើយចាំបាច់ត្រូវយល់ដឹងអំពីកម្មវិធីនយោបាយរបស់គណបក្ស ដើម្បីធ្វើជាស្នូលក្នុងការអនុវត្ត។
លើសពីនោះ សូមឱ្យក្រុមការងារគណបក្ស និងគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវតែប្រព្រឹត្តតែអំពើល្អ និងត្រូវផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋ បម្រើប្រជាពលរដ្ឋអស់ពីចិត្តពីថ្លើម។
ជាមួយគ្នានេះត្រូវបន្តជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការបង្ការទប់ស្កាត់បង្ក្រាបបទល្មើសនានាក្នុងសង្គម ជាពិសេសបទល្មើសលួច ឆក់ប្លន់ ល្បែងស៊ីសងខុសច្បាប់ គ្រឿងញៀនខុសច្បាប់ អំពើហិង្សាក្នុងគ្រួសារ និងក្រុមក្មេងទំនើងនៅតាមមូលដ្ឋាន។
ជាងនេះទៅទៀត សូមឱ្យក្រុមការងារទាំងអស់ ធ្វើការងារប្រកបដោយបុរេសកម្ម ដើម្បីត្រៀមខ្លួនជាស្រេចក្នុងការឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋយើង ពិសេសលើបញ្ហាសុខភាព ខណៈដែលកន្លងមកក្រុមការងារបានបំពេញការងារនេះបានយ៉ាងល្អក៏ដោយ។
ជាចុងក្រោយលោកសាស្រ្តាចារ្យ បានកោតសរសើរ និងថ្លែងអរគុណដល់គណៈកម្មាធិការគណបក្សខណ្ឌ និងសាខាគណបក្សទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែងពុះពារ ដើម្បីគណបក្សប្រជាជនកម្ពុជា និងដើម្បីប្រយោជន៍របស់មូលដ្ឋាន៕