(រតនគិរី)៖ លោកគួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី អមដំណើរដោយលោកញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ បានអញ្ជើញចុះពិនិត្យស្ពានដែកបាឡេមួយកន្លែង ជាចំណងដៃដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋស្រុកលំផាត់ និងស្រុកកូនមុំ ដែលកងកម្លាំងវិស្វកម្មសម្រេចការសាងសង់រួចរាល់ជាស្ថាពរ។
ថ្លែងក្នុងឱកាសនេះ លោក គួច វែងស្រ៊ុន បានលើកឡើងថា ឆ្លើយតបទៅនឹងសំណូមពរនិងសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងស្រុកលំផាត់ និងស្រុកកូនមុំខេត្តរតនគិរី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅក្នុងឱកាស អញ្ជើញ សម្ពោធ ទំនប់អូរតេធិបតីនៅខេត្តមណ្ឌលគរី កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២៤ សម្រេចឲ្យកងវិស្វកម្ម និងក្រសួងអភិវឌ្ឍន៍ជនបទចុះសិក្សាសាងសង់ស្ពានដែក បាឡេជូនប្រជាពលរដ្ឋ ទាំងពីរស្រុកទុកជាចំណងដៃតែម្តងដែលមានបណ្តោយ ២៧ម៉ែត្រ ទទឹង៤.០២ម៉ែត្រ។ ពោលគឺ ទីណាដែលមានប្រជាពលរដ្ឋជួបការលំបាក ទីនោះគឺត្រូវបានគិតគូយកចិត្តដោះស្រាយពីសំណាក់រាជរដ្ឋាភិបាលជាជានិច្ច។
បច្ចុប្បន្ន ស្ពាននៅចំណុចអូរទទឹង ស្ថិតក្នុងភូមិសាស្រ្ត ភូមិសាមខា ឃុំជ័យឧត្តម ស្រុកលំផាត់ និងភូមិនាងដី ឃុំសិរីមង្គលស្រុកកូនមុំ ខេត្តរតនគិរី នេះត្រូវបានកងវិស្វកម្មបានសាងសង់រួចរាល់ជាស្ថាពរ ដោយប្រើរយៈ ពេលនៃការសាងសង់ ត្រឹម៤៦ថ្ងៃ គិតចាប់ពីថ្ងៃទី១២ធ្នូ ឆ្នាំ២០២៤ ចាប់ផ្តើមសាងសង់រហូតដល់បញ្ចប់ជាស្ថាពរថ្ងៃនេះ។ ក្រៅពីការងារសាងសង់ស្ពានដែកបាឡេនេះ ក្រុមការងារកងវិស្វកម្ម នូវបានធ្វើការជួសជុលផ្លវចំនួន០១ខ្សែ មានប្រវែង៦,២០០ម៉ែត្រ ទទឹងខ្នងលើ៥ម៉ែត្រផងដែរ។
លោក គួច វែងស្រ៊ុន បញ្ជាក់បន្ថែមថា នៅឆ្នាំក្រោយរាជរដ្ឋាភិបាលនឹងស្ថាបនាផ្លូវកៅស៊ូប្រភេទ DBSP ប្រវែង៤៦គីឡូម៉ែត្រ ពីចំណុចស្ពានស្រែពកផ្លូវជាតិលេខ៧៦ក្នុងស្រុកលំផាត់ ឆ្ពោះមក ផ្លូវជាតិលេខ៧៨ ក្នុងស្រុកកូនមុំហើយនឹងត្រូវធ្វើស្ពានបេតុងមួយខ្សែដែលឆ្លងកាត់ដងអូរទទឹងនេះផងដែរ។ ដូច្នេះ នាពេលអនាគត ផ្លូវ និងស្ពាននេះវាគឺជាសមិទ្ធិផលថ្មីមួយទៀត សម្រាប់ខេត្តរតនគិរី និយាយរួម និងនិយាយដោយឡែក សម្រាប់ប្រជាពលរដ្ឋស្រុក លំផាត់ និងស្រុកកូនមុំ។
ក្នុងឱកាសនេះផងដែរលោក ញ៉ែម សំអឿន បានលើកឡើងថា ផ្លូវនេះមានសារសំខាន់ខ្លាំងណាស់ សម្រាប់បម្រើដល់វិស័យសាធារណៈ និងបម្រើសេចក្តីត្រូវការរបស់ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផ្ទាល់ ក្នុងការធ្វើដំណើរឆ្លងកាត់ ចេញចូល ការប្រកបរបរកសិកម្ម ការដឹកជញ្ជូនទំនិញ និងកសិផលនានា ពីទីជនបទដាច់ស្រយាល ទៅកាន់ទីប្រជុំជន។ អភិបាលខេត្តបានគារពថ្លែងអំណរគុណយ៉ាងជ្រៅបំផុត ចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានផ្តល់ចំណងដៃដ៏ថ្លៃថ្លាជូនប្រជាពលរដ្ឋក្នុងស្រុកទាំងពីបានតភ្ជាប់គ្នាសម្រាប់ឆ្លងកាត់ និងដឹកជញ្ជូនភោគផលដំណាំ ជាពិសេស សម្រាប់ សិស្សានុសិស្សធ្វើដំណើរទៅសាលារៀន ស្ត្រីមានផ្ទៃពោះ និងអ្នកជំងឺទៅកាន់មណ្ឌលសុខភាព បានយ៉ាងឆាប់ រហ័ស ជាដើម៕