(កំពង់ធំ)៖ លោក អ៊ុង វុទ្ធី អភិបាលរងខេត្តកំពង់ធំ បានដាក់បទបញ្ជាដល់កម្លាំងទីបញ្ជការស្រាលប្រចាំ ឃុំផាត់សណ្តាយ និងឃុំពាមបាងត្រូវតែបង្ក្រាបបទល្មើសនេសាទខុសច្បាប់ឲ្យបានជាដាច់ខាតដោយមិនមានការលើកលែង។

លោក អ៊ុង វុទ្ធី បានថ្លែងបែបនេះ ក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពីជលផលនិងផ្សព្វផ្សាយផែនការរបស់យោធភូមិភាគទី៤ ស្តីពីការប្រើប្រាស់កម្លាំងកងទព័បង្រ្កាបបទល្មើសនេសាទដល់កម្លាំងទីបញ្ជការស្រាលប្រចាំឃុំផាត់សណ្តាយ និងឃុំពាមបាង ថ្ងៃទី៨-៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

លោកបានលើកឡើងថា ការចុះមកអប់រំផ្សព្វផ្សាយផ្សាយអំពីច្បាប់ស្ដីពីជលផល សកម្មភាពសហគម៍នេសាទ គឺគោលបំណងចង់ឱ្យប្រជាពលរដ្ឋ និងប្រជានេសាទឱ្យយល់កាន់តែច្បាស់អំពីច្បាប់ស្តីពីវិស័យជលផលនិងរួមគ្នាអនុវត្តន៍ឱ្យមានប្រសិទ្ធភាពគឺសំដៅរួមគ្នាចូលរួមគ្នាការពារនូវធនធានផល ធនធានមច្ឆាជាតិឱ្យបាន គង់វង្ស។

លោកបានបញ្ជាក់ថា តាមរយៈនៃការផ្សព្វផ្សាយនេះប្រជាពលរដ្ឋក៏ដូចប្រជាសហគមន៍បានដឹង និងយល់នៅច្បាប់និងបានរួមគ្នាគោរពច្បាប់រួមគ្នាទប់ស្កាត់រាល់បទល្មើសនេសាទនៅតាមមូលដ្ឋាន និងដែននេសាទរបស់ខ្លួនពិសេសគ្រប់សកម្មភាពបទល្មើសនេសាទខុសច្បាប់ត្រូវបានហាមឃាត់និងចូលរួមគោរពច្បាប់ទាំងអស់គ្នា ហើយការអនុវត្តបង្ក្រាបបទល្មើសនេសាទចាប់ពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះតទៅ ។

ក្នុងសកម្មភាពផ្សព្វផ្សាយលោក អ៊ុង វុទ្ធី បាននាំយកថវិកា ប្រេងសាំង និងគ្រឿងឧបភោគបរិភោគដល់កម្លាំងទីបញ្ជការស្រាលទាំងពីរ ជាអំណោយរបស់លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដោយមួយកន្លែងទទួលបានថវិកាមួយចំនួន ប្រេងសាំង ១២ កាន ភេជ្ជៈ ៥ កេស ទឹកសុទ្ធ៥ កេស អង្ករ ២ បេ ( ១០០ គីឡូក្រាម ) មីជាតិ៤កេស ទឹកត្រី ២ យួរទឹកស៊ីអ៊ីវ ២ យួរ៕