(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា ប្រធានវេទិកាសន្តិភាពកម្ពុជា នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានថ្លែងថា មកដល់ពេលនេះ ក្រុមអ្នកដែលចោទប្រកាន់មកលើរដ្ឋាភិបាលកម្ពុជា និងមេដឹកនាំកម្ពុជា ថាជាអ្នកនៅពីក្រោយការបញ្ជាឲ្យបាញ់សម្លាប់លោក លិម គិមយ៉ា អតីតអ្នកតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិនោះ ពួកនេះនៅតែចិញ្ចឹមចិត្តព្រួសឈាម មកលើមេដឹកនាំកម្ពុជាដដែល បើទោះបីជា នគបាលព្រហ្មទណ្ឌថៃ និងអាជ្ញាធរក្រុងបាងកក បានបង្ហាញលទ្ធផលស៊ើបអង្កេតច្បាស់លាស់ជាច្រើនហើយក៏ដោយ។

លោក សួន សេរីរដ្ឋា បានបន្តថា ពួកគេមិនពេញចិត្តលទ្ធផលដែលប្រកាសដោយនគបាលថៃ ដោយសារលទ្ធផល និងការពិតដែលអាជ្ញាធរនគបាលព្រហ្មទណ្ឌថៃ ចេញមកវាមិនដូចនឹងការចង់បានដែលពួកគេបានធ្វើការចោទប្រកាន់តាំងពីកើតហេតុភ្លាមៗ… បើទោះបីកាលពីពេលកើតហេតុភ្លាមៗ ពួកគេបង្ហាញការសប្បាយចិត្ត និងទុកចិត្តលើនគបាលថៃ ១០០% ក៏ដោយ។

បើតាមលោក សួន សេរីរដ្ឋា មកដល់ពេលនេះពួកគេ និងក្រុមសារព័ត៌មានក្នុងក្រុមពួកគេ នៅតែបន្តការលើកមកនិយាយចោទរដ្ឋាភិបាលកម្ពុជា និងទាមទារឲ្យកម្ពុជា ចាប់មនុស្សពីរនាក់គឺ ពេជ្រ គីមស្រ៊ុន និង លី រតនៈរស្មី បញ្ជូនឲ្យភាគីថៃ ទាំងភាគីថៃ មិនដែល ឬតុលារព្រហ្មទណ្ឌថៃ មិនដែលស្នើមកភាគីកម្ពុជា សុំកិច្ចសហការចាប់នរណាម្នាក់ទាល់តែសោះ។ លើសពីនេះ ពួកគេបានបង្ខំ និងកំពុងសង្ឃឹមថា តុលាការបារាំង នឹងប្រើយុត្តាធិការអន្តរជាតិ អនុវត្តអន្តរាគមករណីនេះ ពីព្រោះលោក លិម គិមយ៉ា មានសញ្ជាត្តិជាបារាំង។

ក្នុងរឿងនេះ លោក សួន សេរីរដ្ឋា ចង់ធ្វើបទអន្តរាគមន៍ខ្លះ ដើម្បីបកស្រាយឲ្យប្រជាពលរដ្ឋខ្មែរបានយល់ខ្លះៗ ដើម្បីកុំឲ្យពួកមនុស្ស និងអ្នកសារព័ត៌មានមួយចំនួន យកករណីនេះមកនិយាយដដែលៗ ដុតបញ្ឆេះបញ្ហាធ្វើអាជីវកម្មនយោបាយទៅទៀត៖

* ១- រដ្ឋាភិបាលកម្ពុជា បានបំពេញកិច្ចសហប្រតិបត្តិការណ៍យ៉ាងពេញលេញ ចាប់ខ្លួន និងបញ្ជូនឃាតកដៃដល់ដែលជាជនជាតិថៃ បញ្ជូនឲ្យភាគីថៃភ្លាមៗ ដោយអនុវត្តនូវនីតិវិធីកាត់ខ្លីបំផុត មិនទុកយូរឡើយ… សូមបញ្ជាក់ថា បើធ្វើតាមនីតិវិធីពេញលេញ ករណីបញ្ជូនឃាតកដៃដល់រូបនេះឲ្យភាគីថៃ យ៉ាងតិចណាស់ក៏ត្រូវប្រើពេលដល់ទៅ ២០ ថ្ងៃដែរ។

* ២- ពេជ្រ គីមស្រ៊ុន និង លីរតនៈរស្មី ជាជនជាតិខ្មែរ ដែលត្រូវការពារពេញលេញដោយច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា ជំពូក៣ មាត្រា៣៣ ដែលបានចែងថា «ប្រជាពលរដ្ឋខ្មែរ មិនត្រូវបានដកសញ្ជាត្តិ និរទេស ឬចាប់បញ្ជូនខ្លួនទៅឲ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀង ជាមួយគ្នាទៅវិញទៅមក…»

សូមបញ្ជាក់ថា ករណីនេះ មកទល់ថ្ងៃនេះ រដ្ឋាភិបាលកម្ពុជា មិនដែលប្រកាសធ្វើការបដិសេធថា មិនសហសហការណ៍ជាមួយភាគីថៃឡើយ…។ យើងត្រៀមខ្លួនជានិច្ច ដើម្បីសហការណ៍ក្រោមច្បាប់រដ្ឋធម្មនុញ្ញរបស់យើង ដើម្បីបំពេញបន្ថែមតាមតម្រូវការស៊ើបអង្កេតរបស់ភាគីថៃ ។ តែអ្វីដែលកម្ពុជាសោកស្តាយបំផុតនោះគឺ ភាគីថៃបានប្រកាសមុខ និងព័ត៌មានចំហរលើបុគ្គលទាំងពីររូបនេះ ដែលទោះបីបើបុគ្គលទាំងពីររូបនេះ ជាប់ពាក់ព័ន្ធពិតមែន ឬអត់ ក៏ពួកគេត្រូវបង្ខំចិត្តរត់គេចលាក់ខ្លួនលាក់អត្តសញ្ញាណ ធ្វើឲ្យពិបាកតាមរកដែរ។

* ៣- ភាគីថៃ បានចេញដីកាចាប់ខ្លួនពលរដ្ឋខ្មែរទាំងពីរនាក់ (ពេជ្រ គីមស្រ៊ុន និង លី រតនៈរស្មី) ដោយឯកតោភាគី និងស្នើសុំ Police Interpol ចេញនិវេទក្រហមចាប់ខ្លួនជនជាតិខ្មែរទាំងពីរនាក់ តែមកដល់ថ្ងៃនេះ ភាគីថៃបានត្រឹមតែបង្ហាញរូបភាពស៊ីសង្វាក់រវាងជនជាតិខ្មែរទាំងពីរនាក់នោះប៉ុណ្ណោះ (ជិះឡានក្រុងជាមួយគ្នា និងសារឆ្លើយឆ្លងពីឈ្មោះថៃ ស៊ុមវ៉ាង បម្រុងឃីត) តែមិនបាន និងមិនមានភស្តុតាងស៊ីសង្វាក់ជាក់ស្តែងពេញណាមួយទេ ដែលបញ្ជាក់ច្បាស់ថា ពេជ្រ គីមស្រ៊ុន ជាអ្នកចង្អុលបង្ហាញគោលដៅ និងមួយទៀតមិនបានបង្ហាញឯកសារបញ្ជាក់ថាឈ្មោះថៃ ស៊ុមវ៉ាង បម្រុងឃីត ក្នុងបញ្ជីធនាគារនោះ ពិតជាឈ្មោះរបស់ លី រតនៈរស្មី ពិតដែរឬអត់ ? ព្រោះច្បាប់ប្រទេសថៃ អ្នកដែលអាចមានអត្តសញ្ញាណប័ន ឈ្មោះជាថៃ ទៅបើកបញ្ជីធនាគារបាន គឺមានតែជនជាតិថៃ និងជនបរទេស ដែលទទួលបានព្រះរាជក្រិតចូលជាសញ្ជាតិថៃប៉ុណ្ណោះ ។ ជនជាតិខ្មែរ ឬជនបរទេសដែលគ្មានសញ្ជាតិថៃតាមស្របច្បាប់ គ្មានសិទ្ធិទទួលបានអត្តិសញ្ញាណប័នថៃ និងមិនអាចបើកបញ្ជីធនាគា ជាឈ្មោះថៃផ្តេសផ្តាសបានទេ ។

* ៤- ចំណែកអំពីយុត្តាធិការអន្តរជាតិ តាមរយៈតុលាការបារាំង ឬតាមរយៈ Police Interpol មិនអាចប្រើប្រាស់ពេលនេះបានទេ ដោយហេតុថា សំណុំរឿងឃាតកម្មនេះកំពុងស្ថិតនៅក្នុងដៃប្រទេសថៃ ជាម្ចាស់ប្រទេសដែលកើតឃាតកម្ម មិនទាន់ប្រកាសបិទសំណុំរឿងស៊ើបអង្កេត មិនទាន់កាត់ក្តី និងមិនទាន់ដល់តុការកំពូលបិទផ្លូវតវ៉ា។ ប្រទេសមួយ អាចប្រើយុត្តាធិការអន្តរជា​​​​តិបានល្គិកណា សំណុំរឿងស៊ើបអង្កេតក្នុងប្រទេសសាម៉ី ត្រូវបានបិទការស៊ើបអង្កេត ប្រកាសសាលក្រមបិទផ្លូវតវ៉ា ជាមុនសិន ទើបយុត្តាធិការអន្តរជាតិអាចប្រើមកតវ៉ាបាន ក្នុងករណីដែលខ្លួនមិនពេញចិត្ត ឬមិនទទួលយកលទ្ធផល ។

លោក សួន សេរីរដ្ឋា បានទទួលស្គាល់ថា គ្រួសារជនរងគ្រោះ ញាត្តិជនរងគ្រោះអន្ទះសារចង់ដឹងការពិត និងចង់បានយុត្តិធម៌លឿនបំផុតតាមចិត្តក្តៅ ចិត្តខឹង និងចិត្តសោកស្តាយ… តែនៅលើពិភពលោកនេះ មានករណីឃាតកម្មខ្លះ ឆ្លងជំនាន់មនុស្សទើបអាចរកការពិតឃើញ… ដូច្នោះគ្រួសារជនរងគ្រោះ គួរតែបន្តសហការណ៍ជាមួយស្ថាប័នច្បាប់ដើម្បីស្វែងរកការពិត និងយុត្តិធម៌ ជាជាងឆេះកំហឹងតាមការដុតសំណួររបស់អ្នកសារព័ត៌មាន និងអ្នកនយោបាយដែលរកប្រយោជន៍លើករណីឃាតកម្មលើក្រុមគ្រួសារខ្លួន៕