(ស្វាយរៀង)៖ លោកបណ្ឌិត សម តារា សមាជិកគណៈកម្មាធិការកណ្តាល សមាជិកសភាមណ្ឌលស្វាយរៀង និងជាអនុប្រធានគណៈកម្មការទី១ រដ្ឋសភា បានថ្លែងថាពលរដ្ឋគួរតែចាប់អារម្មណ៍ពីមុខរបរចិញ្ចិមមាន់ស្រែលក្ខណៈគ្រួសារនិងភ្ញាស់កូនមាន់លក់ ដើម្បីរកប្រាក់ចំណូលក្នុងគ្រួសារ ព្រោះថាការចិញ្ចឹមមាន់គឺមានភាពងាយស្រួលក្នុងការចិញ្ចឹម និងអាចរកប្រាក់ចំណូលបានច្រើន ។ ម្យ៉ាងវិញទៀត មុខរបរនេះ វាជួយលើកស្ទួយដល់វិស័យកសិកម្ម ក្នុងប្រទេសកម្ពុជាយើងផងដែរ។

ការថ្លែងបែបនេះរបស់លោកបណ្ឌិតសម តារា ក្នុងឱកាសដែលលោកបណ្ឌិត បានចុះជួបសំណេះសំណាល សួរសុខទុក្ខ ពលរដ្ឋដែលមានជីវភាពខ្វះខាត នៅឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀងនាព្រឹកថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០២៥។

លោកបណ្ឌិត សម តារា បានកោតសរសើរ និងអរគុណអាជ្ញាធរដែនដី នៅក្នុងមូលដ្ឋានស្រុកស្វាយទាប ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈម និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ឬបក្ខពួកក៏ដូចជាការរក្សាស្ថិរភាព នយោបាយ ធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ។

ជាមួយគ្នានេះ លោកបណ្ឌិតសម តារា បានណែនាំបន្ថែមឱ្យប្រជាពលរដ្ឋខិតខំចិញ្ចឹមសត្វ និងដាំដុះបន្លែបង្ការសិរីរាង្គ តាមបែបធម្មជាតិ និងតម្រូវតាមទីផ្សារ ដើម្បីលើកកម្ពស់ជីវភាពឲ្យបានសមរម្យ ហើយត្រូវអប់រំកូនចៅឲ្យខិតខំរៀនសូត្រ និងត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ  គោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ព្រមទាំងកុំប្រព្រឹត្តិអំពើទាំងឡាយណាដែលខុសច្បាប់នាំឱ្យមានទោសទណ្ឌដល់ខ្លួនផងដែរ។

សូមបញ្ជាក់ថា ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅស្រុកស្វាយទាបនេះដែរ លោកបណ្ឌិតសម តារា ក៏បានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ និងថវិការមួយចំនួនដែលសរុបថវិកាអស់២,៤០០០០០រៀល៕