(ភ្នំពេញ)៖ សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នៅល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦នេះ បានធ្វើការសម្ពោធ ទីស្នាក់ការកណ្ដាលរបស់ខ្លួន ដែលស្ថិតនៅអគារលេខ៣៦ ផ្លូវលេខ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ពិធីសម្ពោធ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតី លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំ របស់សហភាពសហព័ន្ធ អ្នកសារព័ត៌មាន ទាំងអស់ ព្រមទាំងអ្នកសារព័ត៌មាន ជាច្រើននាក់ផងដែរ។
ក្នុងឱកាសនោះ លោក ហ៊ុយ វណ្ណៈ ប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានថ្លែងថា «នេះជាការចាប់ផ្ដើម នូវសកម្មភាពការងារ របស់សហភាពសហព័ន្ធ ដើម្បីពង្រឹងវិស័យសារព័ត៌មាននៅកម្ពុជា ឲ្យមានការរីកលូតលាស់ កាន់តែល្អប្រសើរជាងនេះទៅទៀត។
សូមបញ្ជាក់ថា សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា ត្រូវបានបង្កើតឡើងដោយ ការរួមដៃគ្នារវាងអ្នកកាសែត និងអតីតអ្នកកាសែត ដែលមានបទពិសោធន៍ បំរើការងារនៅស្ថាប័នជាតិ និងអន្តរជាតិផ្សេងៗគ្នា ដូចជាវិទ្យុ ទូរទស្សន៍ កាសែតបោះពុម្ព និងកាសែតអនឡាញ (Online) ដែលមានមូលដ្ឋាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕