(កណ្តាល)៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានគណ:អចិន្រ្តៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ក្រុងអរិយក្សត្រ ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម ស្រុកកៀនស្វាយ ស្រុកមុខកំពូល និងស្រុកពញាឮ បានថ្លែងថា មិនថាក្នុងកាលៈទេសៈ និងស្ថានភាពបែបណានោះទេ, គណបក្សប្រជាជនកម្ពុជា តែងតែប្តេជ្ញាថែរក្សាឲ្យខាងតែបាននូវ «សន្តិភាព» ជូនប្រជាពលរដ្ឋ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងបែបនេះ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកល្វាឯម។

ក្នុងឱកាសនោះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ក្នុងរយៈពេលជាង ២៦ ឆ្នាំចុងក្រោយ, បន្ទាប់ពីការសម្រេចបាននូវសុខសន្តិភាព ពេញលេញ, ឯកភាពជាតិ និង ឯកភាពទឹកដីទាំងស្រុង តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោ ប្រធានគណបក្ស, កម្ពុជាធានាបាននូវអធិបតេយ្យជាតិ, សណ្តាប់ធ្នាប់សង្គម, សន្តិសុខ, សុវត្ថិភាព, និង ស្ថិរភាពនយោបាយ, ព្រមទាំងរក្សាបានយ៉ាងគត់មត់នូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និង ហិរញ្ញវត្ថុសាធារណៈ។ ស្នាដៃដ៏ធំធេងនេះ គឺជាសមិទ្ធផលដ៏អស្ចារ្យ មិនអាចកាត់ថ្លៃបាន ដែលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានខិតខំតស៊ូសម្រេចបានដោយលំបាកបំផុត ជូនជាតិ និងប្រជាជនកម្ពុជា និង ជាមូលដ្ឋានមិនអាចខ្វះបាន ក្នុងការពន្លឿនកិច្ចអភិវឌ្ឍជាតិ ប្រកបដោយនិរន្តរភាព។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបន្តថា «មិនថាក្នុងកាលៈទេសៈ និងស្ថានភាពបែបណានោះទេ, គណបក្សប្រជាជនកម្ពុជា តែងតែប្តេជ្ញាថែរក្សាឲ្យខាងតែបាននូវ «សន្តិភាព» ជូនប្រជាពលរដ្ឋ។ ក្នុងស្មារតីនេះ, យើងទាំងអស់គ្នា, ជាថ្នាក់ដឹកនាំ និង សមាជិក-សមាជិកាគណបក្ស គ្រប់ជាន់ថ្នាក់, ប្តេជ្ញាបន្តចូលរួមថែរក្សា និង ការពារ សុខសន្តិភាព ជូនជាតិ និង ប្រជាជនយើងឲ្យបានដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ»

លោកបានបន្តថា ជាការពិត, មូលដ្ឋានគ្រឹះដ៏រឹងមាំដែលកើតចេញពីការដឹកនាំដ៏ត្រឹមត្រូវ និង ឈ្លាសវៃ របស់សម្តេចតេជោ ប្រធានគណបក្ស គឺជាកម្លាំងស្នូល មិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឲ្យឆ្ពោះទៅមុខឥតឈប់ឈរ តាមរយៈការជំរុញការអភិវឌ្ឍវិស័យ ឯកជន និងការលើកកម្ពស់បរិយាកាសធុរកិច្ច និង ការវិនិយោគ ដែលជាប្រភពដ៏សំខាន់ ក្នុងការបង្កើតការងារ ក្នុងគ្រប់វិស័យ ជូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ព្រមទាំងជាកម្លាំង ចលករនៃសេដ្ឋកិច្ចជាតិ។ កំណើនសេដ្ឋកិច្ចដ៏រឹងមាំ ប្រកបដោយចីរភាព ក្នុងរយៈពេលជាងពីរទសវត្សរ៍ មុនការមកដល់នៃវិបត្តិជំងឺកូវីដ-១៩ ជាសកល បានរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្តល់លទ្ធភាពដល់រាជរដ្ឋាភិបាល, ម្យ៉ាង, ក្នុងការបង្កើនការវិនិយោគ សាធារណៈ, ជាពិសេសលើហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ ដូចជា ផ្លូវថ្នល់, ស្ពាន, សាលារៀន, មន្ទីពេទ្យ, ប្រព័ន្ធធារាសាស្ត្រ, ប្រព័ន្ធទឹកស្អាត, បណ្តាញអគ្គិសនី ។ល។; និង ម្យ៉ាងទៀត, ក្នុងការដំឡើងប្រាក់បៀវត្ស, ប្រាក់បំណាច់មុខងារ និង របបសន្តិសុខសង្គម ជូនមន្ត្រីរាជការស៊ីវិល, កងកម្លាំងប្រដាប់អាវុធ, និវត្តជន និងមន្ត្រីបុគ្គលិកគ្រប់ប្រភេទ ព្រមទាំងការបង្កើនប្រាក់សោធនប្រចាំខែ សម្រាប់អតីតមន្ត្រីរាជការស៊ីវិល និង អតីតយុទ្ធ-ជន ទៅតាមលទ្ធភាពនៃថវិកាជាតិ ផងដែរ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបន្ថែមថា លើមូលដ្ឋាននេះ, ក្រោមការដឹកនាំដ៏ត្រឹមត្រូវ, ស្វាហាប់, និង ឈ្លាសវៃ របស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត, នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ជាអនុប្រធានគណបក្ស, ដោយឈរលើអភិក្រម «រក្សាសមិទ្ធផលចាស់, បង្កើតសមិទ្ធផលថ្មី» និង «គិតគូរជាសកល, ប៉ុន្តែ អនុវត្តតាមបរិការណ៍ក្នុងប្រទេស», រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បាននិងកំពុងបន្តបោះជំហានយ៉ាងស្វាហាប់ ប្រកបដោយ ឆន្ទៈយ៉ាងមោះមុត ក្នុងការបន្តអភិវឌ្ឍប្រទេស, ដោយខិតខំចាប់យកនូវកាលានុវត្តភាព ទាំងឡាយដែលផុសឡើង, ក្នុងបរិការណ៍នៃការផ្លាស់ប្តូរយ៉ាងរហ័សនៃស្ថានភាពសង្គម-សេដ្ឋកិច្ចតំបន់ និងសកល ។ ក្នុងគោលដៅនេះ, រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និង ចីរភាព ដោយកំណត់យកនូវ អាទិភាពគន្លឹះ ចំនួន ៥ គឺ ៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និង បច្ចេកវិទ្យា, ជាពិសេស បច្ចេកវិទ្យាឌីជីថល៕

បើតាមលោក គង់ វិបុល រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងអរិយក្សត្រ និងស្រុកល្វាឯម អគារស្នាក់ការថ្មីរបស់គណបក្សប្រជាជនកម្ពុជាប្រចាំស្រុកល្វាឯម ដែលដាក់សម្ពោធឱ្យប្រើប្រាស់នៅពេលនេះ ជាសក្ខីភាពថ្មីមួយបន្ថែមទៀត ដែលសបញ្ជាក់ពីភាពរឹងមាំ និងជានិមិត្តរូបនៃសាមគ្គីភាព និងភាពរុងរឿងរបស់គណបក្សប្រជាជនកម្ពុជា។ ជាមួយគ្នានេះ ការសម្រេចបាននូវសមិទ្ធផលគួរជាទីមោទនភាពថ្មីមួយនេះ គឺជាការឆ្លុះបញ្ចាំងពីការគិតគូរនិងយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក្នុងការឆ្លើយតបនឹងតម្រូវការប្រើប្រាស់ឱ្យបានសមស្របនិងសមរម្យក្នុងការផ្ដល់សេវាជូនសមាជិកគណបក្ស។

លោកបានសង្ខេបអំពីគម្រោងសាងសង់អគារស្នាក់ការថ្មីរបស់គណបក្សប្រជាជនកម្ពុជាប្រចាំស្រុកល្វាឯម ដូចតទៅ៖

* អគារស្នាក់ការគណបក្សត្រូវបានសាងសង់ឡើងដោយមានរចនាបទស្រដៀងគ្នាជាមួយនឹងស្ថាបត្យកម្មសំណង់នៃវិមាន៧មករា (DNA ស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា) ដែលជាការរក្សានូវឯកសណ្ឋានភាពនៃរចនាបទតែមួយ

* អគារស្នាក់ការមានក្រឡាផ្ទៃសរុបប្រមាណ ៣ ០០០ ម៉ែត្រក្រឡា មានបណ្តោយ ៥៨ ម៉ែត្រ ទទឹង ៤៧ ម៉ែត្រ កម្ពស់ ១៤ ម៉ែត្រ និងត្រូវបានរៀបចំឱ្យមានជាមានការរៀបចំជា៖
- សាលប្រជុំធំ ចំនួន ១៖ (បណ្តោយ 40m, ទទឹង 32m, ផ្ទៃក្រឡាប្រមាណ 1,265 m2) ដែលអាចទទួលអ្នកចូលរួមបានរហូតដល់ប្រមាណ ១ ២០០ នាក់
- សាលប្រជុំតូច ចំនួន ១៖ (បណ្តោយ 24m x ទទឹង 8,8m, ផ្ទៃក្រទ្បាប្រមាណ 211 m2) អាចទទួលអ្នកចូលរួមបានរហូតដល់ប្រមាណ ៨០ នាក់
- បន្ទប់ការិយាល័យចំនួន ២៖ បន្ទប់ទី១ (បណ្តោយ 9m x ទទឹង 7,8m), បន្ទប់ទី២ (បណ្តោយ 9m x ទទឹង 6,8m)
- បន្ទប់គណអធិបតី (បន្ទប់ VIP) ចំនួន ១៖ (បណ្តោយ 7.8m x ទទឹង 5,5m)
- ឃ្លាំងសម្ភារចំនួន ២៖ ឃ្លាំងទី១ (បណ្តោយ 9m x ទទឹង 7m), ឃ្លាំងទី២ (បណ្តោយ 2,5m x ទទឹង 2m)
- បន្ទប់គ្រប់គ្រងប្រព័ន្ធអគ្គិសនីចំនួន ១៖ (បណ្តោយ 2m x ទទឹង 1,7m)
- បន្ទប់គ្រប់គ្រងប្រព័ន្ធសោតទស្សចំនួន ១៖ (បណ្តោយ 3m x ទទឹង 2m)
- បន្ទប់ស្នាក់នៅចល័តសម្រាប់បុគ្គលិកប្រចាំការ ចំនួន ២។
- បង្គន់អនាម័យមានចំនួន ៣ ទីតាំង៖ សរុប បង្គន់ចំនួន ២៣ និងបង្គន់បត់ជើងតូច ចំនួន ១០ គឺ បន្ទប់ទឹកទី១៖ បុរសមានបង្គន់ចំនួន ៦ និងបង្គន់នោមចំនួន ៦ , ខាងស្រ្តី បង្គន់ចំនួន ១០ និងបន្ទប់ទឹកសម្រាប់ជនពិការ បង្គន់ចំនួន ១ បន្ទប់ទឹកទី២៖ បុរសមានបង្គន់ ២ និង បង្គន់នោមចំនួន ២, ខាងស្រ្តីមានបង្គន់ចំនួន ៣ ហើយបន្ទប់ទឹកទី៣៖ បង្គន់ចំនួន ១ និងបង្គន់នោមបុរសចំនួន២ ។

* អគារស្នាក់ការគណបក្សមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលត្រូវបានគិតគូររៀបចំសាងសង់ដោយយកចិត្តទុកដាក់គិតចាប់ពី៖
- ផ្នែកខាងមុខអគារឱ្យមានលក្ខណៈធំទូលាយ ប្រមាណ ១ ហិចតា (100mx100m) ដែលផ្ដល់ភាពងាយស្រួលក្នុងការរៀបចំពិធីធំៗ ឬប្រើប្រាស់សម្រាប់រៀបចំក្បួនដង្ហែឃោសនាផ្សេងៗ
- បរិវេណជុំវិញជាសួនធម្មជាតិ និងផ្លូវក្រាលបេតុង ដែលផ្ដល់នូវភាពងាយស្រួលក្នុងការចេញចូល ប្រកបដោយសោភ័ណភាព
- ចំណតយានយន្តធំទូលាយ ដែលចតរថយន្តបានប្រមាណ ៣០០ គ្រឿង និងដោយមានរក្សានូវទីធ្លាធំទូលាយដែលអាចប្រើប្រាស់ជាចំណតបន្ថែមទៀតបានក្នុងករណីចាំបាច់
- ការបំពាក់សម្ភារបរិក្ខារបច្ចេកទេសចាំបាច់ផ្សេងៗ រួមបញ្ចូលទាំងប្រព័ន្ធផលិតថាមពលអគ្គិសនីដោយពន្លឺព្រះអាទិត្យ ដែលនឹងចូលរួមចំណែកកាត់បន្ថយជាអតិបរមានូវការចំណាយថ្លៃអគ្គិសនីសម្រាប់ដំណើរការការងារ ព្រមទាំងមានបន្ទប់គ្រប់គ្រងបច្ចេកទេសលើឧបករណ៍បរិក្ខារបច្ចេកទេសក្នុងអគារ
- មានបំពាក់នូវគ្រឿងសង្ហារិមសមរម្យនិងគ្រប់គ្រាន់សម្រាប់សាលប្រជុំធំ បន្ទប់ប្រជុំ បន្ទប់ការិយាល័យ និងបន្ទប់គណអធិបតី៕