(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានកៀរគរបានជាង ១២លានរៀល ដើម្បីចូលរួមបុណ្យផ្កាប្រាក់សាមគ្គី និងទេសនាមហាវេស្សន្តរជាតក នៅវត្តប្រាសាទគោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

ពិធូនេះ ក្រោមវត្តមានរបស់លោក លី សំរិទ្ឋ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ ថុល អភិបាលរងខេត្ត ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត និងលោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តចូលរួមផងដែរ។

វត្តប្រាសាទគោកចក បានរៀបចំពិធីបុណ្យផ្កាប្រាក់សាមគ្គី និងបុណ្យទេសនាមហាវេស្សន្តរជាតក ទៅតាមប្រពៃណីព្រះពុទ្ធសាសនា ព្រមទាំងរាប់បាត្រប្រគេនព្រះសង្ឃចំនួន ១០៨អង្គ នៅទួលប្រាសាទគោកចក ដើម្បីយកបច្ច័យទៅកសាងផ្លូវបេតុងមួយខ្សែមានប្រវែង ២០០ម៉ែត្រ ទទឹង ៦ម៉ែត្រ និងដាក់លូបង្ហូរទឹក។

ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការ វត្តប្រាសាទគោកចក មានថេរដីកាថា បច្ច័យដែលទទួលបានពីសប្បុរសជនជិតឆ្ងាយ នឹងយកទៅស្ថាបនាផ្លូវបេតុង ១ខ្សែបណ្តោយ ២០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ដែលគ្រោងចំណាយថវិកាសរុប ៣៩ ២២១ដុល្លារ។

គ្រូវិចិត្រវង្សា ហែម គឹមសាន ក៏បានថ្លែងអំណរគុណ និងកោតសរសើរនូវសទ្ឋាជ្រះថ្លារបស់ថ្នាក់ដឹកនាំខេត្ត និងប្រជាពុទ្ឋបរិស័ទ ក្នុងខេត្តសៀមរាប ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់វិស័យពុទ្ឋសាសនា ជាដរាបរៀងមក មិនថាតែបុណ្យផ្កាប្រាក់ ពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌឬពិធីបុណ្យដទៃៗទៀត។

គ្រូវិចិត្រវង្សា បន្ថែមថា នេះបានបង្ហាញឱ្យឃើញពីស្មារតី គោរពព្រះពុទ្ឋសាសនាដែលជាសាសនារបស់រដ្ឋ ដែលញ៉ាំងឱ្យវិស័យពុទ្ឋចក្រនៅកម្ពុជា កាន់តែរឹងមាំ និងរីកចម្រើនឡើងថែមទៀត។

ជាមួយនេះដែរ ព្រះគ្រូចៅអធិការ ក៏បានអំពាវនាវដល់សប្បុរសជនជិតឆ្ងាយ សូមជួយបរិច្ចាគ ធនធាន និងថវិកាទៅតាមលទ្ឋភាព ដើម្បីរួមចំណែកបំពេញនូវសេចក្តីត្រូវការចាំបាច់របស់វត្តអារាមមួយនេះ៕