(ភ្នំពេញ)៖ នៅវេលាម៉ោង​ ១០៖៤០នាទី ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីអគ្គីភ័យមួយ​កន្លែង កើតឡើងនៅចំណុច យេស-ខេធីវី ផ្លូវ១៣៩ ភូមិ០៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ មូលហេតុឆ្លងចរន្តអគ្គីសនី។ ខារ៉ាអូខេ យេស-ខេធីវី មានម្ចាស់ទីតាំងឈ្មោះ ហូ សំបូរ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ ជាប្រភេទសំណង់ ថ្ម​បេតុង ទំហំ៣៥ម៉ែត្រ គុណនឹង៦៥ម៉ែត្រ។

អគ្គីភ័យ បានឆេះបន្ទប់ខារ៉ាអូខេចំនួន ០១បន្ទប់ ទំហំ០៨ម៉ែត្រ គុណនឹង០៨ម៉ែត្រ រួមទាំងសម្ភារអស់ទាំងស្រុង និងពុំបានបណ្ដាលឲ្យឆេះរាលដាល ដល់អ្នកក្បែរខាងឡើយ។

​ក្នុងនោះ សមត្ថកិច្ចបានប្រើរថយន្តការិយាល័យអគ្គិភ័យ​ ចំនួន ១៨គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៥៤ឡាន ស្មើនឹង ២១៦ម៉ែត្រគូប និងរថយន្តជំនួយ៖

* រថយន្តក្រសួងមហាផ្ទៃ ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៦ឡាន ស្មើនឹង ២៥ម៉ែត្រគូប
* រថយន្តទីក្រុងកោះពេជ្រ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤ឡាន ស្មើនឹង ២៤ម៉ែត្រគូប
* រថយន្តទីក្រុងអូឡាំព្យា ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤ឡាន ស្មើនឹង ២៤ម៉ែត្រគូប
* រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ចំនួន ០២ឡាន ស្មើនឹង ១២ម៉ែត្រគូប។

ការពន្លត់ចប់​នៅម៉ោង១២៖២០នាទី នាថ្ងៃខែ ឆ្នាំដដែល៕