(ភ្នំពេញ)៖ នគរបាលប៉ុស្តិ៍ចោមចៅទី១ បានឃាត់ខ្លួនបុរសម្នាក់ និងម្នាក់ទៀតរត់គេចខ្លួន បន្ទាប់ពីពួកគេបានណាត់នារីម្នាក់ ដែលទើបស្គាល់គ្នាតាម Telegram នៅម្តុំស្ទឹងមានជ័យ រួចក៏ឌុបនាងទៅកន្លែងស្ងាត់ ដើម្បីរួមសង្វាស តែត្រូវបាននាងមិនយល់ព្រមទើបមានការប្រតាយប្រតប់។ សំណាងល្អ នាងបានរត់ចូលដីឡូតិ៍ក្បែរនោះរួចខ្លួន និងបានខលឲ្យបងប្អូនមកយកនាងទៅវិញ ក៏ស្រាប់តែជួបជនសង្ស័យនៅតាមផ្លូវវេងស្រេង ក៏ចាប់ឃាតខ្លួនជូនសមត្ថកិច្ច ចាត់ការតាមផ្លូវច្បាប់។

សមត្ថកិច្ច បានឲ្យដឹងថាហេតុការខាងលើបានកើតឡើងនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ០២៖៣០នាទីរសៀល នៅចំណុច ស្ថិតនៅភូមិស្នោរកើត សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនសង្ស័យមានឈ្មោះ ហ៊ុយ សក្កា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរអ្នកលក់អនឡាញ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ភូមិបឹងខ្នំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ភ្នំពេញ ឃាត់ខ្លួន និងជនសង្ស័យម្នាក់ទៀត មិនស្គាល់ឈ្មោះ ហៅក្រៅអាអូន គេចខ្លួន។

ចំណែកជនរងគ្រោះ អាយុ២២ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលលេខ២ ភូមិឫស្សីស្រស់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ភ្នំពេញ។

សមត្ថកិច្ចបានដកហូតសម្ភារៈវត្ថុតាង ម៉ូតូ ០១គ្រឿងម៉ាក HONDA SCOOPY ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1KC-7614 ទូរសព្ទ៣គ្រឿង ម៉ាកIPHONE XS MAX ពណ៌ស ម៉ាកTECON ពណ៌ខ្មៅ និង ម៉ាកOPPO ពណ៌ខៀវ។

សមត្ថកិច្ចបានបន្តថា នៅមុនពេលកើតហេតុ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ ២០២៥ ម៉ោង ២៖៣០នាទី ជនសង្ស័យ ឈ្មោះ ហ៊ុយ សក្តា បានឆាតតាមតេឡេក្រាម ទៅជនរងគ្រោះ ឈ្មោះ ស្រេង គឹមហុង ដែលជាមនុស្សទើបស្គាល់គ្នា ណាត់ជួបគ្នានៅម្ដុំស្ទឹងមានជ័យ។ បន្ទាប់មកជនសង្ស័យ បានជិះម៉ូតូ ១គ្រឿង ម៉ាកស្កុបពី មានគ្នា ២នាក់ ទៅដឹកជនរងគ្រោះ ដើម្បីយកមករួមសង្វាស។

លុះដល់ចំណុចខាងលើ ក៏កើតជាជម្លោះ ដោយខាងស្រីមិនព្រម ហើយរត់ចូលដីឡូតិ៍ ដែលនៅក្បែរនោះ ស្រែកឲ្យគេជួយ។ ភ្លាមៗនោះ ជនសង្ស័យបានជិះម៉ូតូគេចទៅបាត់ ចំណែកជនរងគ្រោះ បានទាក់ទងទៅបងប្អូនមកយក ត្រឡប់ទៅផ្ទះវិញ។ លុះជិះដល់ចំណុចផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែជួបជនសង្ស័យខាងលើ ក៏ឃាត់ខ្លួននាំទៅប៉ុស្តិ៍ ចោមចៅទី១ ម្ដង។ ក្រោយពីសាកសួររួច ប៉ុស្តិ៍ចោមចៅបានប្រគល់មកប៉ុស្តិ៍រដ្ឋបាលស្នោរ ចាត់ការបន្ត។

បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាលនៃអធិការដ្ឋានខណ្ឌកំបូល កំពុងកសាងតាមនីតិវិធី៕