(ភ្នំពេញ)៖ បើទោះបីធ្លាប់ឆ្លងកាត់សមរភូមិសង្រ្គាមច្រើនរាប់មិនអស់ និងឮស្នូរគ្រាប់កាំភ្លើងឡើងស៊ាំត្រចៀកទៅហើយក្តី តែអតីតកូនទាហានខ្មែរក្រហមថា ពួកគេនឿយណាយឆ្អែតឆ្អន់មិនចង់ឃើញភ្លើងសង្រ្គាមមកគ្របដណ្តប់លើដែនដីកម្ពុជានោះឡើយ។ ពួកគេសូមឲ្យ អ្នកនយោបាយខ្មែរ និងកូនខ្មែរជំនាន់ក្រោយចេះស្រឡាញ់គ្នា ចេះរួមគ្នាដោះស្រាយបញ្ហា ដើម្បីបញ្ចៀសនូវភ្លើងសង្រ្គាម។
ក្នុងដំណើរចុះតាមយកព័ត៌មានរបស់នាយករដ្ឋមន្រ្តី នៃកម្ពុជាសម្តេចតេជោ ហ៊ុន សែន ដែលបានចុះសំណេះសំណាលជាមួយប្រជាពល រដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សលើតំបន់សមរភូមិប្រយុទ្ធដូចជាស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ស្រុកសំពៅលូន ភ្នំព្រឹក កំរៀង ខេត្តបាត់ដំបង និងក្នុងខេត្តប៉ៃលិន កាលពីថ្ងៃពុធ ទី២០ ខែតុលា ឆ្នាំ២០១៦ ចំខួប២០ឆ្នាំ នៃការធ្វើសមារណកម្មរបស់ខ្មែរក្រហមចូលរាជរដ្ឋាភិបាលផងនោះ អ្នកយកព័ត៌មានអង្គភាពព័ត៌មាន Fresh News លោក វ៉ាន់ សារាយ ក៏បានជួបសម្ភាសន៍ដោយផ្ទាល់ជាមួយអតីតកូនទាហានខ្មែរក្រហមស្ថិតនៅក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ អតីតកូនទាហានខ្មែរក្រហមនៅតំបន់ នេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក សុខ ភាព នៃក្នុងកងពលលេខ៤៥០។
អតីតកូនទាហានខ្មែរក្រហម ដែលបានផ្តល់បទសម្ភាសន៍បានរំលឹកពីទុក្ខវេទនា និងផលលំបាកអំឡុងពេលវាយប្រយុទ្ធជាមួយកងទ័ព របស់រដ្ឋកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។ អតីតកូនទាហានខ្មែរក្រហម បានបញ្ជាក់ថា ដោយសារកងកម្លាំងរបស់ពួកគេមានចំនួនតិចជាង កងទ័ពរបស់រដ្ឋាភិបាលរដ្ឋកម្ពុជា ធ្វើឲ្យពួកគេត្រូវផ្លាស់ទីពីមួយកន្លែងទៅមួយកន្លែង ហើយត្រូវបង្ខំចិត្តប្រថុយ ចូលសមរភូមិស្ទើររៀងរាល់ថ្ងៃ ក្រោមការគំរាមផ្តាច់របបពីថ្នាក់ដឹកនាំរបស់ពួកគេ។
លោក សូ ង៉ាន់ បានបញ្ជាក់ដូច្នេះ «លំបាកណាស់ពេលណុង! ឃើញខ្មែរយើង បាញ់សម្លាប់គ្នារាល់ថ្ងៃ ហើយចេះតែគិតថា កាលណា បានសុខសន្តិភាពដូចប្រទេសគេជិតខាង ហើយវេទនាណាស់ជួនណាភ្លៀងផ្គរចេះតែដើរតាមបទបញ្ជាការចេះតែទៅ។ គិតថាជីវិតគង់នឹងស្លាប់នៅថ្ងៃណាមួយ មិនខានបើនៅតែបាញ់គ្នារាល់ថ្ងៃ តែបានរស់មកដល់សព្វថ្ងៃ គឺទឹកដោះម្តាយថ្លៃណាស់»។
មិនខុសពីលោក សូ ង៉ាន់ កូនទាហានខ្មែរក្រហមម្នាក់ទៀត គឺលោក ម៉ម ថាន់ ក៏បានត្អូញត្អែរពីភាពលំបាកវេទនាក្នុងអំឡុងពេលធ្វើជាកូនទាហានខ្មែរក្រហមផងដែរ។ លោក ម៉ម ថាន់ ជាអតីតទាហានខ្មែរក្រហមម្នាក់ ដែលធ្វើការនៅក្នុងរាជធានីភ្នំពេញ ក្នុងសម័យកម្ពុជា ប្រជាធិបតេយ្យ ក្រោយពេលរបបនេះត្រូវបានវាយដួលរលំនៅថ្ងៃ៧ មករា ១៩៧៩ លោក ម៉ម ថាន់ ក៏បានរត់ទៅពួនសម្ងំនៅក្នុងស្រុកម៉ាឡៃ ដើម្បីធ្វើសកម្មភាពវាយឆ្មក់កងទ័ពរបស់រដ្ឋកម្ពុជា។
លោក ម៉ម ថាន់ បានថ្លែងបញ្ជាក់ដូច្នេះ «ស្ថានភាពពីមុននៅតំបន់នេះ ជាតំបន់ព្រៃ ហើយបងប្អូន (ខ្មែរក្រហម) ចូលមករស់នៅហ្នឹង គឺព្រៃស្រោង ព្រៃស្វា សត្វសព្វបែបយ៉ាងទាំងអស់។ ពេលចូលមករស់នៅទីនេះ សង់ជាខ្ទមតស៊ូរបស់ខ្មែរក្រហមគ្រប់គ្រងនៅកន្លែងហ្នឹង ហើយប្រមូលទាហានកងទ័ពឲ្យចេញទៅតតាំងធ្វើសង្រ្គាម។ បើសិនអ្នកមិនបានទៅ គឺផ្តាច់របបការហូបចុកដូចជាបើកអង្ករ ស្បៀងម្ហូបអាហារ គឺមិនឲ្យទេ បើមិនបានទៅរួមចំណែកច្បាំងទេនោះ»។
លោក ម៉ម ថាន់ បានឲ្យដឹងថា កងទ័ពខ្មែរក្រហមនាពេលនោះ ត្រូវបានកងទ័ពរបស់រដ្ឋាភិបាលរដ្ឋកម្ពុជា វាយឲ្យរត់ជាបន្តបន្ទាប់ដោយ សារតែកម្លាំងទ័ពតិចជាងកងទ័របស់រដ្ឋាភិបាល តែក៏តែងលួចវាយឆ្មក់លើកងទ័ពរដ្ឋាភិបាលជាហូរហែវិញផងដែរ។ បើតាមលោក ម៉ម ថាន់ ទោះបីជារូបលោកជាទាហានខ្មែរក្រហម ឆ្លងកាត់សមរភូមិសង្រ្គាមរាប់មិនអស់ តែពេលនោះលោក ក៏ចង់ឃើញសុខសន្តិភាពបញ្ចប់ ការបាញ់គ្នារវាងខ្មែរ និងខ្មែរផងដែរ។
លោក ម៉ម ថាន់ បានអះអាងថា រូបលោកបានរីករាយជាខ្លាំងពេលឮសម្តេចតេជោ ហ៊ុន សែន ប្រកាសអនុញ្ញាតឲ្យកងទ័ពខ្មែរក្រហមធ្វើសមាហរណកម្មចូលរួមរស់ក្រោមដំបូលរាជរដ្ឋាភិបាលតែមួយ។ លោក ម៉ម ថាន់ បានហៅស្មារតី នៃការរួបរួមរវាងសម្តេចព្រះ បរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាការដាក់ចេញនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ជាស្មារតីប្រកបដោយទំនួលខុសត្រូវខ្ពស់លើជោគវាសនារបស់ប្រទេសជាតិ។
លោក ម៉ម ថាន់ បានថ្លែងដូច្នេះ «ខ្ញុំគិតថា ប្រសិនបើគ្មានការចរចាទេ គឺមិនងាយរំលត់ភ្លើងសង្រ្គាមទេ ខ្ញុំយល់ថា អ៊ីចឹង។ ព្រោះអីកងទ័ពអតីតចាស់ (កងទ័ពខ្មែរក្រហម) ពង្រាយតាមព្រំដែនរហូត ដូច្នេះបើសិនជារដ្ឋាភិបាលមិនដាក់គោលនយោបាយបង្រួបបង្រួម ឬខ្មែរក្រហមធ្វើសមាហរណកម្មទៅហើយរាជរដ្ឋាភិបាល មិនបន្ទន់ឥរិយាបថបង្រួបបង្រួមជាតិឲ្យរួបរួមគ្នាទេ ខ្ញុំថាសង្រ្គាមមិនអាចចប់ទេនៅតែមានបន្តទៀត»។
«គោលនយោបាយរបស់សម្តេចនាយករដ្ឋមន្រ្តី ដែលប្រកាសថា បងប្អូននៅជួរព្រំដែនភាគីខាងខ្មែរក្រហមទាំងអំបាលមាណ ដែលធ្វើសមាហរណកម្មចូលរាជរដ្ឋាភិបាល គឺសម្តេចនាយករដ្ឋមន្រ្តីគាំទ្រទាំងអស់តែម្តង។ ខ្ញុំស្តាប់ឮតាមវិទ្យុទៅ ខ្ញុំអរណាស់ ខ្ញុំរីករាយក្នុងចិត្តណាស់ ព្រោះអីបើសម្តេចនាយកប្រកាសអ៊ីចឹងមានន័យថា សង្រ្គាមនៅប្រទេសយើងត្រូវបញ្ចប់ហើយពេលនេះ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ម៉ម ថាន់។
ក្រោយការធ្វើសមាហរណកម្មបញ្ចប់សង្រ្គាមរយៈពេល ២០ឆ្នាំមកនេះ តំបន់សមរភូមិប្រយុទ្ធទាំងស្រុកម៉ាឡៃ សំពៅលូន ភ្នំព្រឹក កំរៀង ដែលដើមឡើយជាតំបន់ព្រៃគ្មានផ្លូវ និងមិនសូវមានមនុស្សរស់នៅនោះ បាននិងកំពុងប្រែក្លាយមុខមាត់ថ្មីដោយមានផ្លូវកៅស៊ូធំទូលាយងាយស្រួលធ្វើដំណើរ។ ប្រជាពលរដ្ឋ ដែលមានទាំងអតីតទាហានខ្មែរក្រហម និងអ្នកចំណូលស្រុកថ្មី មានឱកាសប្រកបរបរចិញ្ចឹមជីវិត ដោយគ្រួសារខ្លះមានជីវភាពធូរធារ និងមានផ្ទះធំ តែខ្លះទៀតក៏មានជីវភាពនៅមានកម្រិតផងដែរ។
អតីតទាហានខ្មែរក្រហមថ្លែងថា ពួកគេមិនដែលនឹកស្មានតំបន់សមរភូមិប្រយុទ្ធទាំងនេះ មានការអភិវឌ្ឍដូចពេលបច្ចុប្បន្ននេះឡើយ។ លោក ម៉ម ថាន់ «ខុសប្លែកឆ្ងាយណាស់ ខុសប្លែកត្រង់ថាមានការអភិវឌ្ឍ ផ្ទះសម្បែងលំនៅឋាន បងប្អូនបានកសាងលំនៅឋានបានល្អស្អាត មានដីចំការបង្កបង្កើនផល ហើយមានផ្លូវខ្វាត់ខ្វែង។ មិននឹកឃើញថា មានផ្លូវជាតិនៅពីមុខផ្ទះរបៀបអ៊ីចឹងទេ ហើយឥឡូវវាបាន មានសាលារៀន មន្ទីរពេទ្យអីមានឲ្យកូនឲ្យចៅរៀនសូត្រ»។
លោក ម៉ម ថាន់ បានបន្តថា «រីកចម្រើនហ្នឹងមូលហេតុមកពីអត់មានសង្រ្គាម វាបញ្ចប់សង្រ្គាម ហើយរាជរដ្ឋាភិបាល លោកផ្តល់សិទ្ធិឲ្យប្រជាពលរដ្ឋប្រកបអាជីវកម្មរស់នៅ ដើរហើរបានពេញលេញចំណុចនេះហើយវាមានការអភិវឌ្ឍ។ ដោយសារការដឹកនាំមានចក្ខុវិស័យល្អទើបឆ្ពោះទៅរកការអភិវឌ្ឍ»។
ទាំងលោក ម៉ម ថាន់ និង លោក សូ ង៉ាន់ បានមើលឃើញពីតម្លៃដ៏ជ្រាលជ្រៅ នៃសន្តិភាព ដែលកំពុងគ្របដណ្តប់លើប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ អតីតអ្នកឆ្លងកាត់សមរភូមិប្រយុទ្ធអស់ជាច្រើនសមរភូមិនេះ បានទទូចឲ្យកូនខ្មែរ ដែលកំពុងរស់នៅក្នុងសុខសន្តិភាព ប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាពប្រឹងប្រែងរៀនសូត្រ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។
តែទោះជាយ៉ាងណាអតីតកូនទាហានខ្មែរក្រហមនេះ ក៏មិនភ្លេចផ្តាំផ្ញើ និងទទូចទៅដល់អ្នកនយោបាយ និងកូនខ្មែរទាំងអស់ ឲ្យចេះដោះ ស្រាយបញ្ហាផ្សេងៗដោយការជជែកគ្នាក្រោមធម៌អហិង្សា ជាពិសេសរួមគ្នាថែរក្សាសុខសន្តិភាពបញ្ចៀសភ្លើងសង្រ្គាមកុំឲ្យមកលងបន្លាច ដែនដីកម្ពុជាជាថ្មី៕