(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកគណៈអចិន្ត្រៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញផ្សព្វផ្សយខ្លឹមសារនៃលទ្ធផលនៃសន្និបាទគណៈកម្មាធិការកណ្តាល លើកទី៤៥ អណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅស្នាកការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង ដែលមានសមាសភាពចូលរួមចំនួន ៨៧៩នាក់។

សម្តេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការគ្រប់ថ្នាក់ គ្រប់ផ្នែក គ្រប់ក្រុមការងារគណបក្សចុះមូលដ្ឋាន រាជធានី ខេត្ត អង្គការយុវជន បណ្តាអង្គការមហាជនរបស់គណបក្ស មន្ត្រី និង សមាជិក សមាជិកាគណបក្សនៅគ្រប់មូលដ្ឋាន ដែលបានរួមសាមគ្គីយ៉ាងរឹងមាំជុំវិញគណៈកម្មាធិការកណ្តាល យកអស់កម្លាំងកាយ កម្លាំងចិត្ត ខិតខំអនុវត្តកម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចនានា របស់គណបក្សឱ្យសម្រេចបានលទ្ធផលល្អលើគ្រប់ផ្នែក។

ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន បានថ្លែងផ្តាំផ្ញើរដល់ក្រុមការងារគណបក្ស និងគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែកត្រូវយកចិត្តទុកដាក់ ការងារជាអាទិភាព៖ (១) ការងារគ្រប់គ្រងសមាជិកបក្ស ៖ រក្សាចាស់ បង្កើនថ្មី (២) ការងារពង្រឹងរចនាសម្ព័ន្ធចាត់តាំងបក្ស (៣) ការងារចិញ្ចឹមចលនានៅមូលដ្ឋាន។ គណបក្សឃុំ ភូមិ ត្រូវពង្រឹងរចនាសម្ព័ន្ធ អង្គការចាត់តាំងបក្ស គណៈកម្មាធិការបក្សឃុំ សាខាបក្សភូមិ មណ្ឌលសកម្មភាពបក្ស ក្រុមបក្ស ក្រុមសកម្មជន និងរបៀបរបបធ្វើការច្បាស់លាស់។

សម្តេចម៉ែន សំអនបានបន្តថា ក្រុមការងារគណបក្ស និងគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវតែប្រព្រឹត្តតែអំពើល្អ និងត្រូវផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋ បម្រើប្រជាពលរដ្ឋអស់ពីចិត្តពីថ្លើម ខិតខំចលនាប្រជាពលរដ្ឋ ជាពិសេស សមាជិក-សមាជិកា គណបក្សនៅមូលដ្ឋានឲ្យចូលរួមអនុវត្តទិសដៅភារកិច្ចរបស់គណបក្ស ព្រោះប្រជាពលរដ្ឋ និងសមាជិកគណបក្សនៅមូលដ្ឋានជាប្រភពកម្លាំងមិនចេះរីងស្ងួត និងជាកត្តាសម្រេច នៃជោគជ័យរបស់គណបក្សនៅគ្រប់កាលៈទេសៈ។

ជាមួយគ្នានេះត្រូវបន្តជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការបង្ការទប់ស្កាត់បង្ក្រាបបទល្មើសនានាក្នុងសង្គម ជាពិសេសបទល្មើសលួច ឆក់ប្លន់ ល្បែងស៊ីសងខុសច្បាប់ គ្រឿងញៀនខុសច្បាប់ អំពើហិង្សាក្នុងគ្រួសារ និងក្រុមក្មេងទំនើងនៅតាមមូលដ្ឋាន៕