(កណ្តាល)៖ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សខេត្តកណ្តាលសង្កាត់កោះអន្លង់ចិន បានរៀបចំពិធីផ្សព្វផ្សាយលទ្ធផលមហាសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤៥ អាណត្តិទី៥ ក្រោមអធិបតីភាពលោក នុត ពុធដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់កោះអន្លង់ចិន។

បន្ទាប់ពីបានស្តាប់សេចក្តីជូនដំណឹងស្តីពីលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជារួចមក លោក នុត ពុធដារ៉ា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ និងមន្រ្តីគណបក្សគ្រប់ថ្នាក់នៅមូលដ្ឋាន ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ស្មារតី និងធនធានផ្ទាល់ខ្លួន បម្រើប្រជាពលរដ្ឋសម្រេចបានសមិទ្ធផលគួរជាទីមោទនៈ ក្នុងរយៈពេលកន្លងមកនេះ។

លោកបានគូសបញ្ជាក់ពីការដាក់ចេញទិសដៅរបស់សន្និបាតឆ្នាំ២០២៥ ក្នុងការពង្រឹងធ្លុងមហាសាមគ្គីជាតិក្រោមដំបូងរដ្ឋធម្មនុញ ការពាររឹងមាំឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ការពារដាច់ខាត សុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ មិនឲ្យកម្លាំងអមិត្ត ឬក្រុមជ្រុលនិយមណាមកបំផ្លាញការអភិវឌ្ឍ និងសេចក្តីសុខរបស់ប្រជាជនបានឡើយ។

លោកក៏បានផ្តាំផ្ញើដល់គណៈកម្មាធិការបក្សសង្កាត់បង្កើន និងពង្រឹងសមាជិកគណបក្សទាំងបរិមាណ គុណភាព ដោយឈរលើគោលការណ៍សាមគ្គីឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ ជាពិសេសបន្ត ការកសាង អភិវឌ្ឍន៍មាតុភូមិកម្ពុជា។

លើសពីនេះ លោកក៏បានផ្តាំផ្ញើមន្រ្តីបក្សចុះពង្រឹងមូលដ្ឋាន និងមន្រ្តីគណបក្សគ្រប់ថ្នាក់ បន្តធ្វើអំពើល្អ ខិតខំយកអស់កម្លាំងកាយចិត្តនិងស្មារតីទទួលខុសត្រូវ បម្រើប្រជាជន ការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងបង្រ្កាបទាន់ពេលវេលារាល់បទល្មើស ការប្រើប្រាស់គ្រឿងញឿន ការបន្តថែរក្សាសុខសន្តិភាព អនុវត្តភូមិ-ឃុំ មានសុវត្ថិភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕