(សៀមរាប)៖ លោក ដោក សុផា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាគង និងប្រធានក្រុមការងារចុះមូលដ្ឋានឃុំមានជ័យ បានដឹកនាំក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកបាគង អញ្ជើញចូលរួមក្នុងពិធីប្រពៃណីចាប់ត្រីរួមគ្នាបែបបុរាណរបស់អ្នកស្រុកបាគង ដែលជាទំនៀមទម្លាប់មួយតាំងពីបុរាណមក នៅថ្ងៃអាទិត្យ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតក្នុងបឹងនៃភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
រមណីយដ្ឋានអង្គរ ប្រមូលផ្តុំទៅដោយបេតិកភណ្ឌរស់ ដែលសម្បូរទាំងមរតកអរូបី និងរូបីជាច្រើន ហើយត្រូវបានអ្នកស្រុកអង្គរ បន្តប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនរហូតមកដល់បច្ចុប្បន្ន។
លោក ដោក សុផា បាទថ្លែងថា ពិធីប្រពៃណីចាប់ត្រីរួមគ្នាសម្រាប់កម្មវិធីនេះ គឺជាប្រពៃណីទំនៀមទម្លាប់មួយ ដែលបងប្អូនក្នុងតំបន់អង្គរ បានប្រកាន់ភ្ជាប់មកយ៉ាងខ្ជាប់ខ្ជួន ហើយតែងតែរួមគ្នាប្រារព្ធធ្វើជារៀងរាល់ឆ្នាំ តាំងពីបុរាណកាលមកមិនដែលខកខានឡើយ។ ក្នុងពិធីចាប់ត្រីនោះ មានការអញ្ជើញប្រធានអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានឃុំមានជ័យទាំង ៩ភូមិ ប្រជាពលរដ្ឋចូលរួម មានចាស់ក្មេង ប្រុសស្រី ជាច្រើនកុះករ ក្នុងដៃមានកាន់សំណាញ់ អង្រុត ឈ្នាង និងទ្រុង បានមកជួបជុំគ្នាដោយគណៈកម្មការបានកំណត់ការជួបជុំគ្នា និងចុះចាប់ត្រី នៅម៉ោង៧ព្រឹក ដែលមានបាញ់កាំជ្រួចធ្វើជាសញ្ញ។
មិនខុសពីរៀងរាល់ឆ្នាំប៉ុន្មានឡើយ គណៈកម្មការរៀបចំកម្មវិធី បានហ៊ុមសម្រាស់មួយកន្លែងក្នុងផ្ទៃបឹង ដើម្បីទុកចាប់ត្រីរួមគ្នា។ ការចាប់ត្រីរួមគ្នា ធ្វើឡើងនៅត្រពាំងធំមួយដែលជាត្រពាំងបុរាណ មានទឹកខួបប្រាំងខួបវស្សា អ្នកភូមិបានអភិរក្សទុក ការពារមិនអនុញ្ញាតឱ្យនរណាម្នាក់ ចូលមកនេសាទផ្តេសផ្តាសឡើយ លុះត្រាតែមានការសម្រេចគ្នា ពីគណៈកម្មការរៀបចំពិធីបុណ្យជាមុន ហើយកំណត់ថ្ងៃនេសាទរួម ទើបអ្នកភូមិអាចទៅរកចាប់បាន។
លោកបានថ្លែងថា ទិដ្ឋភាពបែបនេះ ត្រូវបានគេចូលរួមក្នុងពិធីនេះជាង ១០ឆ្នាំមកហើយនោះ បានសង្កេតឃើញថា ពិធីនេះកាន់តែទទួលបានប្រជាប្រិយភាពពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែមានមនុស្សកាន់តែច្រើនបានចូលរួម។ ពិធីបុណ្យនេះ មិនត្រឹមតែជួយរក្សាប្រពៃណីប៉ុណ្ណោះទេ ថែមទាំងបានក្រើនរំលឹកប្រជាពលរដ្ឋ កុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ផងដែរ។ ដូច្នេះ ក្នុងនាមជាយុវជនជំនាន់ក្រោយ យើងត្រូវរួបរួមជួយគ្នាថែរក្សាប្រពៃណីជាតិយើង ឱ្យសកម្មបន្តទៅមុខទៀតកុំឱ្យមានការបាត់បង់ និងព្យាយាមផ្សព្វផ្សាយ ឱ្យបានកាន់តែទូលំទូលាយ។
លោកក៏បានបន្ថែមទៀតថា ឆ្នាំក្រោយៗ លោកនឹងដឹកនាំក្រុមការងារសមាជិកសមាជិកាចុះមូលដ្ឋានឃុំមានជ័យ ទាំង ៩ភូមិ មកសម្រាកបោះតង់មុនមួយយប់ ដើម្បីត្រៀមក្នុងកម្មវិធីចាប់ត្រីប្រពៃណីនោះ ឲ្យកាន់តែច្រើនកុះករថែមទៀត។
នៅក្នុងកម្មវិធីនោះដែរ លោក ដោក សុផា បានជូនថវិកាចំនួន ១០០០.០០០រៀល ទៅដល់គណៈកម្មការ ដើម្បីកសាងបន្ទប់ទឹក និងបានបន្តដឹកនាំក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំមានជ័យ ស្រុកបាគង ខេត្តសៀមរាប ចុះពិនិត្យការកសាងក្លោងទ្វារ និងរបងមណ្ឌលសុខភាពមានជ័យ និងបានប្រគល់ថវិកាថ្លៃកសាងរបង ក្លោងទ្វារមណ្ឌលសុខភាពចំនួន ៩៩៩.៩៩០០រៀល ផងដែរ៕