(ភ្នំពេញ)៖ កម្លាំងនគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ក្រាបក្រុមក្មេងទំនើងចំនួន ៣ក្រុមខុសៗគ្នា​ ដែលមានមនុស្សចំនួន ១៨នាក់។ នេះបើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥។

បើតាមរបាយការណ៍, នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ២៣៖៣០ នាទី កម្លាំងការិយាល័យស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាក្រុមក្មេងទំនើង ឈ្មោះ ការ៉ុតស្លុយ (KRS) និងក្រុម មនុស្សតូចៗ (MTT) ចំនួន ១៥ នាក់ នៅចំណុចមុខក្លឹបនិកអ៊ិច សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព ពាក់ព័ន្ធប្រព្រឹត្តបទល្មើស ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាយកដុំថ្មគប់ជនរងគ្រោះតែមិនត្រូវ ហើយព្រួតគ្នាយកដុំថ្មគប់ម៉ូតូបណ្តាលបែកក្បាំងម៉ូតូខាងឆ្វេង និងខូចខាតត្រង់ម៉ាស៊ីនម៉ូតូ)។

ពួកគេ បានប្រព្រឹត្តនៅចំណុចមុខផ្សារទំនើងអ៊ីអនម៉ល៣ ផ្លូវលេខ៦០ម៉ែត្រ ក្រុម៣០ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ០១៖៤០ នាទី។

អត្តសញ្ញាណជនសង្ស័យ រួមមាន៖

* ១-ឈ្មោះ សុខ ចំរើន ហៅ ជេម ភេទ ប្រុស ឆ្នាំកំណើត២០០៨ ជនជាតិខ្មែរ
* ២-ឈ្មោះ ធូ វាសនា ហៅ ចិន ភេទ ប្រុស ឆ្នាំកំណើត២០០៦ ជនជាតិខ្មែរ
* ៣-ឈ្មោះ ប៊ុន រស្មី ហៅ ប៉ែល ភេទ ប្រុស ឆ្នាំកំណើត២០០៨ ជនជាតិខ្មែរ
* ៤-ឈ្មោះ សុខ វ៉ាង ភេទ ប្រុស ឆ្នាំកំណើត២០០៧ ជនជាតិខ្មែរ
* ៥-ឈ្មោះ សុខ វណ្ណៈ ហៅ យួន ភេទ ប្រុស ឆ្នាំកំណើត២០០៨ ជនជាតិខ្មែរ
* ៦-ឈ្មោះ ស៊ុន សុភក្ត្រា ភេទ ប្រុស ឆ្នាំកំណើត២០០៨ ជនជាតិខ្មែរ
* ៧-ឈ្មោះ ម៉េង ស្រ៊ុន ភេទ ប្រុស ឆ្នាំកំណើត២០០៨ ជនជាតិខ្មែរ
* ៨-ឈ្មោះ រិទ្ធ រ៉ាយុទ្ធ ភេទ ប្រុស ឆ្នាំកំណើត២០០៨ ជនជាតិខ្មែរ
* ៩-ឈ្មោះ អ៊ិន វិបុត្រ ហៅ ជេម ភេទ ប្រុស ឆ្នាំកំណើត២០០៨ ជនជាតិខ្មែរ
* ១០-ឈ្មោះ សៅ សុមាន ហៅ ខ្មៅ ភេទ ប្រុស ឆ្នាំកំណើត២០០៦ ជនជាតិខ្មែរ
* ១១-ឈ្មោះ ជួន វុទ្ធី ភេទ ប្រុស ឆ្នាំកំណើត២០០៨ ជនជាតិខ្មែរ
* ១២-ឈ្មោះកឹម គីមហេង ហៅ អាតឿ ភេទប្រុស ឆ្នាំកំណើត២០០៨ ជនជាតិខ្មែរ
* ១៣-ឈ្មោះ គង់ ពិសិដ្ឋ ហៅ សិដ្ឋតូច ភេទប្រុស ឆ្នាំកំណើត២០០៩ ជនជាតិខ្មែរ
* ១៤-ឈ្មោះ គា សុខរដ្ឋ ហៅ រ៉ូ ភេទ ប្រុស ឆ្នាំកំណើត២០០៦ ជនជាតិខ្មែរ
* ១៥-ឈ្មោះ សាមុត សុខងី ហៅ ហុង ភេទប្រុស ឆ្នាំកំណើត២០០៧ ជនជាតិខ្មែរ។

វត្ថុតាងចាប់យក រួមមាន៖

* ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិចក្រូស ពណ៌ ក្រហមលាយខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ១LD-៤៩៣១ ចំនួន ០១ គ្រឿង
* ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខ រតនគីរី១F-០៣១៩ ចំនួន ០១ គ្រឿង
* ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ផ្លាកលេខភ្នំពេញ១BL-៨៥០២ ចំនួន ០១ គ្រឿង
* ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ សលាយលឿន សេរីឆ្នាំ២០២៥ ពាក់ផ្លាកលេខភ្នំពេញ១LH-៦៧០៦ ចំនួន ០១ គ្រឿង
* ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ ខៀវ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខស្វាយរៀង១U-៥០២១ ចំនួន ០១ គ្រឿង
* ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខ តាកែវ១AC-៦៧២១ ចំនួន ០១ គ្រឿង
* ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ ស សេរីឆ្នាំ២០២៥ ពាក់ផ្លាកលេខ ភ្នំពេញ១LG-១៣៦២ ចំនួន ០១ គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើកំពុងឃាត់ នៅការិយាល័យដើម្បីចាត់ការតាមនីតិវិធី។

នៅថ្ងៃដដែល វេលាម៉ោង ២១៖៣០ នាទី កម្លាំងការិយាល័យឃាត់ខ្លួនជនសង្ស័យ ចំនួន ០២ នាក់ នៅចំណុចមុខផ្សារកាណាឌីយ៉ា ផ្លូវវេងស្រេង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើស ហិង្សាដោយចេតនា (យកជើងធាក់ម៉ូតូបណ្តាលឲ្យដួលម៉ូតូរងរបួសដាច់ភ្នែកគោល និងជង្គង់ខាងឆ្វេង) ប្រព្រឹត្តនៅចំណុចមុខផ្សារកាណាឌីយ៉ា ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ២១៖៣០ នាទី។

ជនសង្ស័យ រួមមាន៖

* ១-ឈ្មោះ ប៉ាន ទឹប ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ
* ២-ឈ្មោះ ស៊ាង រ៉ាវី ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ។

វត្ថុតាងចាប់យក រួមមាន៖ ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ ស សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខភ្នំពេញ១JW-២៥៤២ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កំពុងឃាត់ នៅការិយាល័យដើម្បីចាត់ការតាមនីតិវិធី។

ជាមួយគ្នានេះ នៅថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ១៥៖៣០នាទី កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ក្មេងទំនើង០១ក្រុម មានគ្នា ០៣នាក់ បានប្រើដៃវាយទៅលើជនរងគ្រោះ បណ្ដាលឲ្យបាក់ឆ្អឹងខ្ទង់ច្រមុះ) ឃាត់ខ្លួននៅចំណុចលើដងផ្លូវបេតុង បូរីមនោរម្យ ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ប្រព្រឹត្តបទល្មើសនៅចំណុចមុខផ្ទះលេខ០១ ផ្លូវលេខ២២៣ ភូមិ៦ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ២២៖២៣នាទីយប់ ។

ជនសង្ស័យ ចាប់បាន ១នាក់ ឈ្មោះ គង់ មុន្នី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវបេតុង ភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះ ឈ្មោះ យឿង ម៉េងយៀក ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករលើកបន្លែ ស្នាក់នៅផ្ទះលេខ០១ ផ្លូវលេខ២២៣ ភូមិ៦ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនរងគ្រោះរងរបួសបាក់ឆ្អឹងខ្ចីខ្ទង់ច្រមុះ (ដោយសារជនសង្ស័យឈ្មោះ គង់ មុន្នី និងបក្ខពួកវាយដោយប្រើដៃនៅពេលកើតហេតុ)។ បច្ចុប្បន្ន ជនរងគ្រោះ កំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យព្រះអង្គឌួង។ ចំណែក ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕