(កំពង់ចាម)៖ សាខាសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តកំពង់ចាម នៅរសៀល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ នេះបានរៀបចំសន្និសីទស្តីពី សកម្មភាពរបស់ខ្ញុំ អនាគតរបស់ខ្ញុំ ក្រោមអធិបតីភាព លោកបណ្ឌិត ស្តើង សុខុម សាកលវិទ្យាធិការសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា។
លោកបណ្ឌិត ស្តើង សុខុម បានថ្លែងក្នុងសន្និសីទនោះថា ជាផ្នែកមួយនៃផែនការប្រចាំឆ្នាំ ដើម្បីពង្រឹងគុណភាពបណ្តុះបណ្តាល ធ្វើឡើងនៅគ្រប់ទីតាំង និងសាខាសាកលវិទ្យាល័យ ដែលមានសរុបចំនួន ៨ នៅទូទាំងប្រទេស។
លោក បណ្ឌិត បានបង្ហាញអំពីប្រវត្តិនិងការរីកចំរើន របស់សាកលវិទ្យាល័យ ឈានពីវិទ្យាសា្ថនតូចមួយ មានទីតាំងមួយកន្លែង មាននិស្សិត និងសាស្រ្តាចារ្យចំនួនតិចតួច មកជាសាកលវិទ្យាល័យមួយក្នុងចំណោមសាកលវិទ្យាល័យល្បីៗ នៅក្នុងព្រះរាជាណាចក្រមកម្ពុជា។
សាកលវិទ្យាល័យ បានទទួលស្គាល់ដោយរាជរដ្ឋាភិបាល និងមាននិស្សិតជាង ១០០០០ នាក់កំពុងបន្តការសិក្សានៅក្នុងមហាវិទ្យាល័យចំនួន ៥ និងគ្រប់កម្រិត ពីបរិញ្ញាបត្ររង ដល់កម្រិតបណ្តុះបណ្តាលថ្នាក់បណ្ឌិត។
លោក បណ្ឌិត បានថ្លែងថា សាកលវិទ្យាល័យតែងតែយកចិត្តទុកដាក់ជាខ្លាំង លើការពង្រឹងគុណភាព បង្រៀន រៀន អនុវត្ត ស្រាវជ្រាវ និងតាមរយៈការរៀបចំសិក្ខាសាលា សន្និសីទជាដើម។ ជាក់ស្តែងសន្និសីទថ្ងៃនេះ គឺជាភស្តុតាងមួយដ៏ជាក់លាក់ដែលវាគ្មិនក្នុងកម្មវិធីនេះ សុទ្ធតែជាបុគ្គលមានបទពិសោធន៍ និងជោគជ័យក្នុងអាជីព និងជីវិតរួចមកហើយ។
លោកបណ្ឌិត សឿ យ៉ាន សាកលវិទ្យាធិការរង ក៏បានធ្វើបទបង្ហាញអំពី វិធីសាស្រ្តក្នុងការជ្រើសរើសឯកទេស សម្រាប់សិក្សានៅឧត្តមសិក្សា។ លោកបានបញ្ជាក់ថា នេះគឺជារឿងសំខាន់ណាស់ដែលនិស្សិតត្រូវធ្វើការសម្រេចចិត្ត ឲ្យបានត្រឹមត្រូវក្នុងការជ្រើសរើសជំនាញ។
ការសម្រេចត្រូវថ្ងៃនេះ នឹងទទួលបាននូវការងារត្រឹមត្រូវ នាពេលអនាគតហើយសិស្ស-និស្សិតត្រូវពិចារណា លើកត្តាមួយចំនួន ក្នុងការជ្រើសរើសជំនាញដូចជា ឧបនិស្ស័យរបស់ខ្លួន ជំនាញឆ្លើយតបនឹងទីផ្សារការងារជាដើម។
លោក ហឿន ហុន្នី នាយកនាយកដ្ឋានបុគ្គលិកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់បានធ្វើបទឧទ្ទេសនាមអំពី ប្រាសាក់ និងឱកាសការងារ ក្នុងនោះលោកនាយកបានរៀបរាប់អំពីប្រវត្តិរបស់ប្រាសាក់ សេវាកម្មដែលបានផ្តល់ជូនចំណេះជំនាញ និងបុគ្គលិកលក្ខណៈរបស់បុគ្គល ដែលមានបំណងចង់ធ្វើការងារនៅស្ថាប័នប្រាសាក់ ដើម្បីចាប់យកឱកាសនេះ សិស្ស-និស្សិតត្រូវខិតខំរៀនសូត្ររៀបចំបុគ្គលិកលក្ខណៈឲ្យបានល្អ និងមានវិន័យ។ ប្រាសាក់នឹងទទួល ព្រមទាំងផ្តល់អាទិភាពដល់និស្សិតរបស់សាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា ក្នុងការធ្វើកម្មសិក្សា និងការងារ។
ចំណែកលោកបណ្ឌិត មាស បូរ៉ា បានបង្ហាញអំពីវិធីសាស្រ្តក្នុងការសិក្សាស្រាវជ្រាវ ដែលមានវិធីជាច្រើន ក្នុងការទទួលបានចំណេះដឹង ដូចជាការអានសៀវភៅជំនាញជាដើម។ លោកបណ្ឌិតបានថ្លែងថា ជាទ្រឹស្តីជោគជ័យ និងការទទួលបានចំណូលខ្ពស់ វាចាប់ផ្តើមពីការសិក្សា និងស្រាវជ្រាវ ដែលចូលរួមក្នុងការអភិវឌ្ឍបុគ្គល និងសង្គម សិស្ស-និស្សិតត្រូវចាត់ទុកការសិក្សាស្រាវជ្រាវជាការងារអាទិភាពក្នុងអំឡុងជីវិតក្នុងសាកលវិទ្យាល័យ ដោយព្យាយាមចងក្រងឯកសារជំនាញ អាន ដកស្រង់ ធ្វើបទបង្ហាញ បោះពុម្ពផ្សាយស្នាដៃ ធ្វើខ្លួនឲ្យក្លាយជាមនុស្សពូកែគិតពិចារណា ក្លាយជាបុគ្គលមានជំនាញជាក់លាក់ ដើម្បីមានឧត្តមប្រកួតប្រជែងខ្ពស់ទទួលបានការងារល្អ។
ក្នុងឱកាសនោះផងដែរ លោក ហ៊ួ ឈុនគ្រី អគ្គលេខាធិការរងនៃក្រុមប្រឹក្សាជាតិដើម្បីអភិវឌ្ឍយុវជន និងជាអគ្គាធិការរងនៃអគ្គាធិការដ្ឋានក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងអំពី បទពិសោធន៍ស្តីពីកត្តាជោគជ័យក្នុងជីវិត។
មនុស្សជាច្រើនដែលធ្វើការមិនបានសម្រេចតាមគោលដៅ និងមិនអាចទទួលជោគជ័យបាន ដោយសារតែគំនិតរបស់គេនោះឯង។ ពាក្យសម្តីរបស់អ្នកចិត្តវិទ្យាម្នាក់បាននិយាយថា «ជោគជ័យនឹងមករកអ្នកដែលមានគំនិតថា ខ្លួននឹងបានទទួលជោគជ័យ ហើយបរាជ័យនឹងមករកអ្នកដែលខ្ជិលច្រអូស»។ វិធីដែលធ្វើឲ្យជីវិតទទួលបានជោគជ័យគឺមានមូលដ្ឋានបណ្តាលមកពីឧបនិស្ស័យ បុគ្គលិកលក្ខណៈផ្ទាល់ខ្លួន ទាំងនេះជាបច្ច័យជួយរុញច្រាន ឲ្យទទួលបាននូវជោគជ័យ។ ចំណេះដឹងតែម៉្យាងមិនអាចសាងជោគជ័យ ដល់ជីវិតនោះទេ។ បុគ្គលខ្លះមានចំណេះដឹងច្រើន ប៉ុន្តែពួកគេបរាជ័យក្នុងការកសាងអនាគត ឬមិនឈានដល់គោលដៅដែលខ្លួនចង់បាន។ ឧបនិស្ស័យល្អ និងមិនល្អ មានចំណែកជួយធ្វើឲ្យកើតមានជោគជ័យ ឬបរាជ័យបាន ម៉្យាងទៀតវាបានធ្វើឲ្យកើតមានសេចក្តីសុខ ឬទុក្ខនៅក្នុងជីវិតរបស់មនុស្សម្នាក់នោះទៀតផង។ ឧទាហរណ៍ងាយៗនៃឧបនិស្ស័យល្អដូចជា ការព្យាយាម ក្តីមេត្តា ភាពក្លាហាន ភាពរឹងប៉ឹង ហើយ និស្ស័យដែលគួរបោះចោលគឺ ការរាថយ ភាពប្ញស្យា ភាពកំសាក និងកម្សោយ។
នៅចុងបញ្ចប់ លោក បណ្ឌិត ស្តើង សុខុម បានកត់សំគាល់ថា សន្និសីទនេះទទួលបានផ្លែផ្កាដ៏ជាទីមោទនៈ។ សិស្ស-និស្សិត និងសាស្រ្តាចារ្យបានស្តាប់លឺនូវវាគ្មិនដ៏មានបទពិសោធន៍ដែលបានរៀបរាប់អំពីកត្តាគន្លឹះក្នុងការជ្រើសរើសប្រធានបទ ការសិក្សាជោគជ័យ ការត្រៀមលក្ខណៈដើម្បីទទួលបានការងារ និងកត្តារួមផ្សំបន្ថែមនាំឲ្យជីវិតជោគជ័យ ពាក់ព័ន្ធចំណុចនេះលោក បណ្ឌិត បានថ្លែងអំណរគុណចំពោះ ប្រាសាក់នៅក្នុងតំបន់ខេត្តកំពង់ចាម ដែលបានសន្យាទទួលយកនិស្សិត ជំនាញពាក់ព័ន្ធនៃសាកលវិទ្យាល័យ ដែលមានបំណងចង់ចូលធ្វើការនៅប្រាសាក់។ ក្នុងចំណុចនេះ លោក បណ្ឌិត បានសង្កត់ធ្ងន់ថា សាកលវិទ្យាល័យមានបេសកកម្ម ក្នុងការនាំឲ្យនិស្សិតទទួលបានជោគជ័យ។
ជាមួយគ្នានោះ លោក បណ្ឌិត បានបង្ហាញនូវរូបភាពពន្យល់រៀបរាប់ ដែលមាននៅក្នុងខិតប័ណ្ណ របស់សាកលវិទ្យាល័យ ហើយសាកលវិទ្យាល័យមានចេតនាយ៉ាងមុតមាំ ផ្តល់ការបណ្តុះបណ្តាលដើម្បីការងារ និងមុខរបរ។
លោក បណ្ឌិតបន្តថា សាកលវិទ្យាល័យបានកំណត់ថា និស្សិតដែលបញ្ចប់ការសិក្សាត្រូវមានសមត្ថភាពវិជ្ជាជីវៈ បុគ្គលិកលក្ខណសម្បត្តិល្អ បន្ថែមពីលើនេះ និស្សិតនឹងទទួលបានទ្រឹស្តីជំនាញ ចំណេះធ្វើ ដើម្បីសម្រេចទិសដៅនោះ បាន សាកលវិទ្យាល័យ នឹងផ្តល់នូវសេវាកម្ម ការស្រាវជ្រាវ ការបង្រៀន និងរៀនប្រកបដោយគុណភាព ដែលទាំងអស់នេះពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងគុណភាពសរុប ដែលសាកលវិទ្យាល័យ បានធ្វើ និងកំពុងធ្វើប្រកបដោយឆន្ទះមោះមុត។ អាស្រ័យហេតុនេះ និស្សិតនិងអាណាព្យាបាល ត្រូវផ្តល់ការជឿទុកចិត្ត និងគាំទ្រដល់សាកលវិទ្យាល័យ៕