(ភ្នំពេញ)៖ បើគ្មានការប្រែប្រួលទេស្ពានបេតុងពីរកន្លែង ជំនួសស្ពានតូចចង្អៀតចាស់ទ្រុឌទ្រោម លើកំណាត់ផ្លូវជាតិលេខ៤៦ ដែលជាផ្លូវឡើងទៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ(ឧទ្យានជាតិគិរីរម្យ)ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នឹងបើកឱ្យប្រជាពលរដ្ឋបើកបរឆ្លងកាត់បណ្តោះអាសន្នក្នុងព្រឹត្តិការណ៍ «បុណ្យភ្នំ» នៅថ្ងៃទី១៥-១៦ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខនេះ។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ទៀត គម្រោងស្ថាបនាស្ពានបេតុង ២កន្លែងនេះ អនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺនេះ រួមមាន៖ ស្ពានទី១ ប្រវែង១៨ម៉ែត្រ ទទឹង៩ម៉ែត្រ ត្រង់គ.ម១៤+១០០(ស្ពានអូរកសេះ) និងស្ពានទី២ ប្រវែង៣៦ម៉ែត្រ ទទឹង ៩ម៉ែត្រ ត្រង់គ.ម២២+៥០០(ស្ពានអូរតាសេក)។
ស្ពានដ៏គត់មត់នេះ សម្រេចការសាងសង់ ៩៦%ហើយ ក្រោយដំណើរការបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។ ការដ្ឋានគ្រោងបញ្ចប់ការសាងសង់នៅចុងខែមីនា ឆ្នាំ២០២៥នេះ នឹងដាក់ឱ្យដំណើរការប្រើប្រាស់នៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ៕