(ភ្នំពេញ)៖ ផ្លូវថ្មើរជើង (Walk Street) ដែលរដ្ឋបាលរាជធានីភ្នំពេញបានដាក់ឱ្យដំណើរការសាកល្បង២ថ្ងៃ គឺថ្ងៃសៅ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់ នៅសប្ដាហ៍ទី២ ក្នុងថ្ងៃទី១ នាយប់ថ្ងៃសៅរ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ មានភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកម្សាន្តច្រើន ពោលគឺបានកើនឡើងច្រើនបន្តបន្ទាប់ នេះបានបង្ហាញឱ្យឃើញពីភាពជោគជ័យមួយជំហានហើយ ក្រោយពីបើកសាល្បងផ្លូវថ្មើរជើងកាលពីសប្តាហ៍មុននេះ។

លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅរាត្រីថ្ងៃទី៨ កុម្ភៈថា នៅផ្លូវថ្មើរជើង (Walk Street) បងប្អូនខ្មែរ និងបរទេសមកទស្សនាមានចំនួនច្រើន គិតត្រឹមម៉ោង៩យប់ ទៅហើយក៏នៅតែមានភ្ញៀវជាតិ និងអន្តរជាតិដើរកំសាន្តអ៊ូអរដដែល ជាពិសេសច្រើននៅចំណុចរូបសំណាកតេជោមាស និងតេជោយ៉ត ឬមុខវត្តឧណ្ណាលោម ពីព្រោះទីតាំងនេះរដ្ឋបាលរាជធានីភ្នំពេញបានដាក់ក្រុមតន្ត្រីប្រគំនៅទីនោះ ជាការទាក់ទាញមួយ ទាំងជនបរទេស និងខ្មែរ នាំគ្នារាំលេងយ៉ាងសប្បាយរីករាយ។

លោកស្រី អ្នកនាំពាក្យបន្តថា នៅសប្ដាហ៍ក្រោយសង្ឃឹមថា នឹងមានអ្នកមកលេងកាន់តែច្រើនជាងនេះបន្ថែមទៀត ពីព្រោះយើងអាចរៀបចំកន្លែងសប្បាយភាព និងដាក់របស់របរសម្រាប់កម្សាន្តច្រើនប្រភេទ។

សូមបញ្ជាក់ថា គម្រោងបើកផ្លូវថ្មើរជើង (Walk street) នៅតាមបណ្តោយតិរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ពីជំហរបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ អន្តរជាតិ ដោយពីមួយសប្តាហ៍ទៅមួយសប្តាហ៍ គឺត្រូវគិតគូររកគន្លឹះនៃការទាក់ទាញ។

គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​ បានបញ្ជាក់ថា ជាជំហានបន្តនេះ យើងត្រូវដោះស្រាយរកចំណតសម្រាប់ម៉ូតូសម្រាប់ប្រជាពលរដ្ឋដែលមកដើរលេងកម្សាន្តនៅផ្លូវថ្មើជើង (Walk street) នេះ។ បន្តមកទៀត ការរៀបចំឱ្យការប្រគំតន្ត្រីសម័យ បុរាណ (របាំប្រពៃណីជាតិ, ចាប៉ីដងវែង) កន្លែងគូរគំនូរ កន្លែងអានសៀវភៅ ឬបណ្ណាល័យចល័ត កន្លែងវត្ថុអនុស្សាវរីយ៍ កន្លែងលេងសៀករហ័សកម្មជាដើម។ តាមរយៈការបើកដំណើរការសាល្បងផ្លូវថ្មើរជើង (Walk street) ២ថ្ងៃកន្លងមកនេះ បើយើងបន្ថែម ការរៀបចំចំណតម៉ូតូ និងការរៀបចំការប្រគុំតន្ត្រីសម័យ បុរាណច្រើនទៀតនោះ ភ្ញៀវនឹងមកលេងកម្សាន្តកាន់តែច្រើនបន្ថែមទៀត។

លោក ឃួង ស្រេង ក្នុងកិច្ចប្រជុំនោះក៏បានជំរុញឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ដាក់ភ្លើងបំភ្លឺនៅកន្លែងដែលមានភាពងងឹត បំពាក់អំពូលភ្លើងទាក់ទាញ ជំរុញឱ្យមានការសម្អាតអនាម័យ បរិស្ថាន សំខាន់ទីតាំងនេះ ត្រូវតែស្អាត មានសោភណ្ឌភាព ជាកន្លែងទាក់ទាញ។ ជាមួយគ្នានេះត្រូវបន្ថែមខ្សែរត់ របស់រថយន្តក្រុងដឹកជញ្ជូនសាធារណៈចំនួន៣ខ្សែ ដែលមានស្រាប់មកកាន់ទីតាំងផ្លូវថ្មើរជើង (Walk street) ដោយបន្ថែមម៉ោងរហូតដល់ម៉ោង១១យប់ ដើម្បីដឹកប្រជាពលរដ្ឋទៅចំណតវិញ។ ខ្សែរត់រថយន្តក្រុង ដែលកំពុងប្រតិបត្តិការនៅក្បែរតំបន់ផ្លូវថ្មើរជើង មានចំនួន ៣ខ្សែរត់ ទី២A, ៣ និង៤A៖
* ខ្សែទី២A ចេញដំណើរ ពី ស្ថានីយ រថយន្ត ក្រុង កួច កាណុងដល់ស្ថានីយ៍រថយន្តក្រុងព្រែកសំរោង (ក្រុងតាខ្មៅ)
* ខ្សែទី៣ ចេញដំណើរពីស្ថានីយ៍សួនច្បារប្ញស្សីកែវ ដល់ ស្ថានីយ៍បុរីសន្តិភាព២។
* ខ្សែទី៤A ចេញដំណើរពីស្ថានីយ៍សួនច្បារប្ញស្សីកែវ ដល់ ស្ថានីយ៍បុរីសន្តិភាព ២។

គួរបញ្ជាក់ផងដែរថា តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ការសាកល្បងផ្លូវថ្មើរជើង (Walk Street) នេះ ត្រូវធ្វើឡើងនៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទីយប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ដើម្បីឱ្យដំណើរការបើកសាកល្បងផ្លូវថ្មើរជើង (Walk Street) ប្រកបដោយជោគជ័យ រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ ស្នើសុំបិទផ្លូវ និងពង្វាងចរាចរ ចំពោះយានយន្តគ្រប់ប្រភេទ តាមពេលវេលា និងម៉ោងដែលបានកំណត់ ដើម្បីទុកឱ្យប្រជាពលរដ្ឋធ្វើដំណើរថ្មើរជើង៕