(ពោធិ៍សាត់)៖ កឋិនទានសាមគ្គី ក្រោមការផ្តួចឡើង របស់សមាជិកា សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ដែលបានប្រារព្ធធ្វើ នាថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០១៦ ដង្ហែទៅវេប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងព័ទ្ធសីមាវត្តស្បូវរីក ស្ថិតក្នុងភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដើម្បីប្រមូលបច្ច័យយកមកកសាងសមិទ្ធផលក្នុងវត្ត និងជួយដល់បណ្តាវត្តដែលខ្វះខាតនៅក្នុងខេត្ត។
អង្គកឋិនទាននេះ បានប្រារព្ធធ្វើពិធីនមស្សកា ព្រះរតនត្រ័យ និមន្តព្រះសង្ឃ៧អង្គ ចម្រើនព្រះបរិត្ត និងសម្តែងធម៌ទេសនា នៅមជ្ឈមណ្ឌល ប៉ុន រ៉ានី ហ៊ុន សែន ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី ហ៊ុន ចាន់ធី ប្រធានកិត្តិយស, លោកស្រី ឯម ប៉ុណ្ណា តំណាងរាស្រ្តមណ្ឌលពោធិ៍សាត់ និងជាសមាជិកាប្រតិបត្តិ ព្រមទាំងសមាជិកា សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត អស់លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរអង្គភាព មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំង៣។
ក្រោយពីបានដង្ហែអង្គកឋិនទានចេញពីមជ្ឈមណ្ឌល ប៊ុន រ៉ានី ហ៊ុន សែន ឆ្ពោះទៅកាន់វត្តស្បូវរីក លុះវេលាម៉ោង១២ថ្ងៃត្រង់ (ថ្ងៃទី២២ ខែតុលា) ម្ចាស់ដើមទានប្រធានដើមបុណ្យទាំងអស់ បានរួមគ្នាដង្ហែប្រទក្សិណព្រះវិហារ ចំនួន៣ជុំ ទៅតាមប្រពៃណី នៃពុទ្ធសាសនាយ៉ាងអធិកអធមក្រៃលែង។
ឆ្លៀតនៅក្នុងឱកាសនោះ លោកស្រី ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាសមាជិកាប្រតិបត្តិ បានសម្តែងការកោតសរសើរ ទៅដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្ត ក៏ដូចនៅចំណុះជើងវត្តស្បូវរីក ដែលបានរួបរួមជាកម្លាំងមហាសាមគ្គី បង្កើតឲ្យមានជាអង្គកឋិនទាននេះឡើង ដើម្បីវេរប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា អស់ត្រីមាស ក្នុងព័ទ្ធសីមាវត្តស្បូវរីក និងគៀងគរធនធានថវិកា សម្រាប់យកមកកសាងសមិទ្ធផលបន្ថែមនៅក្នុងវត្តនេះផង និងជួយទៅដល់វត្តផ្សេងៗ ដែលមានការខ្វះខាតតាមបណ្តាស្រុក ក្រុង ក្នុងខេត្តផង។
លោកស្រីបានលើកទៀតថា ដោយមានគុណបំណាច់ដ៏ធំធេងថ្ងៃជ័យជំនះ ៧មករា ឆ្នាំ១៩៧៩ វិស័យពុទ្ធសាសនា បានរស់រានរហូតមកដល់សព្វថ្ងៃ ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំប្រទេសជាតិ ឆ្ពោះទៅរកសុខសន្តិភាព និងការអភិវឌ្ឍន៍គ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ដោយធានាបាននូវស្ថិរភាព នយោបាយ ពន្លត់សង្រ្គាមរ៉ាំរ៉ៃ បានទាំងស្រុងនៅកម្ពុជា។ នៅក្នុងនោះដែរ លោកស្រីបានប្រសិទ្ធិពរជ័យដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សមាជិកាសាខាសមាគមនារី និងពុទ្ធបរិស័ទ ដែលមានសទ្ធាជ្រះថ្លាចូលរួមថវិកាក្នុងអង្គកឋិនទាននេះ សូមឲ្យមហាកុសលផលបុណ្យ និងវត្ថុក្នុងលោកតាមជួយថែរក្សា ជួបតែសេចក្តីសុខគ្រប់ប្រការ។
សូមបញ្ជាក់ថា បច្ច័យបានមកពីកឋិនទាន ដែលផ្តួចផ្តើមឡើងរបស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានបច្ច័យចំនួន ៥២.២០០.០០០រៀល ក្នុងនោះសម្រាប់វត្តស្បូវរីក ប្រគេនបច្ច័យជាង ២៥លានរៀល និង១៥លានរៀល សម្រាប់វត្តវិហារលួង ក្នុងឃុំអន្សាចំបក់ ស្រុកក្រគរ នៅសល់ពីនោះសម្រាប់យកទៅជួយវត្តខ្វះខាតផ្សេងៗទៀត៕