(ពោធិ៍សាត់)៖ លោក ខូយ រីដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ និងលោក ទី នរិន្ទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកបាកាន បានផ្ដាំផ្ញើឱ្យយុវជនខិតខំបន្តចូលរួមថែរក្សា សន្តិភាព ស្ថិរភាព និងសមិទ្ធផលនានា ដែលសម្រេចបានដោយលំបាកឱ្យបានគង់វង្ស ទោះក្នុងតម្លៃណាក៏ដោយ ត្រូវរក្សាឱ្យបានជាប្រយោជន៍ដល់មនុស្សជំនាន់ក្រោយៗទៀត។

ការផ្ដាំផ្ញើនេះធ្វើឡើងក្នុងពិធីបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ របស់ក្រុមការងារយុវជនគណបក្សស្រុកបាកាន ដោយមានអ្នកចូលរួមប្រមាណ៨០០នាក់ នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅស្នាក់ការគណបក្សស្រុកបាកាន។

លោកបណ្ឌិត ទី នរិន្ទ និងលោក ខូយ រីដា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ទាំងថ្នាក់ស្រុក ថ្នាក់ឃុំ អង្គភាព និងវិស័យឯកជន ដែលកន្លងមកតែងតែបានចូលរួមសហការសាមគ្គីគ្នា ដើម្បីគោលដៅរួមតែមួយ គឺគណបក្សប្រជាជនកម្ពុជាជោគជ័យគ្រប់ការបោះឆ្នោត។ ជានិច្ចកាលយុវជនជាសកម្មជនបានអនុវត្តសកម្មភាព បម្រើប្រជាពលរដ្ឋ និងធ្វើការវាយបកទាន់ពេលវេលា តាមរយៈបណ្តាញសង្គម ព្រោះថាយុវជនគណបក្ស ជាកម្លាំងចលករ និងជាអ្នកបន្តវេណយ៉ាងសំខាន់ នាពេលនេះ ក៏ដូចទៅថ្ងៃអនាគត។

ថ្នាក់ដឹកនាំទាំង២ សូមឱ្យយុវជនតាំងពីថ្នាក់ក្រោម រហូតដល់ថ្នាក់លើ ត្រូវបន្តការខិតខំប្រឹងប្រែង សិក្សារៀនសូត្រ ដើម្បីទទួលបាននូវចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ មានក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការបម្រើផលប្រយោជន៍ជូនជាតិ និងប្រជាជន។ យុវជនទាំងអស់ត្រូវតែត្រៀមខ្លួន សម្រាប់ការរស់នៅ ការរៀនសូត្រ ត្រូវមានសកម្មភាពល្អ ទាំងវប្បធម៌ ទំនៀមទំលាប់ប្រពៃណី បន្តសាមគ្គីគ្នា ទាំងនៅក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ឱ្យកាន់តែរឹងមាំ ដើម្បីបម្រើបក្សកាន់តែទទួលបានការគាំទ្រពីប្រជាជនកាន់តែច្រើន។

លោកបណ្ឌិត ទី នរិន្ទ និងលោក ខូយ រីដាបានលើកឡើងទៀតថា ផ្អែកលើបទពិសោធន៍ដែលគណបក្សប្រជាជនកម្ពុជាបានឆ្លងកាត់ កសាង និងអភិវឌ្ឍន៍ប្រទេសរហូតមកដល់ពេលនេះជាង៤៦ឆ្នាំ ទទួលបាននូវសុខសន្តិភាព ស្ថេរភាពនិងភាពរឹងមាំ ទាំងផ្នែកសេដ្ឋកិច្ច សង្គម មានការរីកចម្រើនជាលំដាប់ នេះបញ្ជាក់ឱ្យឃើញថា យុវជនរបស់យើងមានឆន្ទះ មានបេះដូង មានការសាមគ្គីគ្នាយ៉ាងល្អ ពោលគឺធ្វើអ្វីៗសម្រាប់តែផលប្រយោជន៍ជាតិ និងប្រជាជន។

ថ្នាក់ដឹកនាំទាំង២ សូមឱ្យក្រុមយុវជន ត្រូវចេះសាមគ្គីគ្នា ជួយគ្នាទៅវិញទៅមក ធ្វើជាគម្រូល្អ សម្រាប់យុវជនជំនាន់ក្រោយទៀត។ ចំពោះទិសដៅ លោកបានផ្តល់នូវអនុសាសន៍មួយចំនួន ជូនដល់យុវជន ក្នុងស្រុកបាកាន បន្តយកចិត្តទុកដាក់ ថែរក្សា សន្តិភាព ស្ថិរភាពសង្គម សមិទ្ធផលនានា ដែលសម្រេចបានដោយលំបាក ទោះលះបង់ក្នុងតម្លៃណាក៏ដោយ ត្រូវរក្សាឱ្យបានប្រយោជន៍ ដល់មនុស្សជំនាន់ក្រោយៗទៀត ។

លោក ឆាយ គឹមម៉ុង អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានយុវជនគណបក្សស្រុក ក្រោយពីទទួលសេចក្តីសម្រេច បានប្តេជ្ញាចិត្ត គោរពប្រតិបត្តិ តាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង គាំទ្រសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រធានព្រឹទ្ធសភា នីតិកាលទី៧រដ្ឋសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានគណបក្ស និងជាប្រធានយុវជនកម្ពុជា។ គាំត្រថែរក្សា ការពារសមិទ្ធផលនានារបស់បក្ស មិនឱ្យជនណាបំផ្លិតបំផ្លាញ និងផ្តួលរំលំបានឡើយ។ បង្កើនកិច្ចសហការសាមគ្គី ជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ គ្រប់ប្រព័ន្ធ បន្តចិញ្ចឹមចលនា រួមសុខរួមទុក្ខជាមួយយុវជន និងប្រជាជនគ្រប់ស្រទាប់ ចេះគោរពស្រឡាញ់ គាំទ្រគណបក្ស ឱ្យបានកាន់តែទូលំទូលាយរីកចម្រើន និងសម្បូររុងរឿងបន្ថែមទៀត។

លោកបានឱ្យដឹងដែរថា គិតត្រឹមឆ្នាំ២០២៥នេះ រចនាសម្ព័ន្ធចាត់តាំងយុវជនគណបក្សស្រុក រួមមានអចិន្ត្រៃយ៍យុវជនមាន២១រូប យុវជនស្រុក៩៨រូប យុវជនឃុំ១៧៧រូប និងភូមិ ៣៩៦រូប។ ក្រៅពីនោះនៅមាន សហភាពសហពន្ធ័យុវជនកម្ពុជាស្រុក ចំនួន១៤៦រូប សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព៨៧រូប និងសិស្សនិស្សិតបញ្ញវន្តក្មេងវត្តស្រុក៤៥រូប។ សកម្មជនយុវជនបានចុះធ្វើសកម្មភាពការងារមនុស្សធម៌ នៅតាមបណ្តាភូមិ ឃុំ ស្រុក ដូចជាចុះសួរសុខទុក្ខពលរដ្ឋ ជួបកង្វះខាត រងគ្រោះដោយគ្រោះធម្មជាតិ អ្នកមានជំងឺ អ្នកទទួលមរណភាព ដោយបាននាំយកស្បៀង គ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនជាប់ជាប្រចាំ។ ចំពោះទិសដៅ អនុវត្តបន្ត គឺពង្រឹងពង្រីកសមាជិកថ្មី រក្សាសមាជិកចាស់ ចូលរួមគ្រប់សកម្មភាពសង្គម ព្រមទាំងបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលកន្លងមកតែងតែជួយឧបត្ថម្ភគាំទ្រ ទាំងស្មារតី សម្ភារៈ ថវិកា ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្ស ធ្វើឱ្យយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត កាន់តែមានទំនុកជឿជាក់ និងដើរតាមគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា៕