(ភ្នំពេញ)៖ លោក ពេជ ពិសិដ្ឋ ត្រូវបានតំណាងអយ្យការសម្រេចដោះលែងឲ្យមានសេរីភាពវិញហើយ នៅថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់របស់លោក ប្លង់ សុផល អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News។

ករណីដែលសមត្ថកិច្ចកោះហៅបុគ្គលឈ្មោះ ពេជ ពិសិដ្ឋ ហៅ សាមុត ពិសិដ្ឋ ឱ្យចូលខ្លួនបំភ្លឺនោះ គឺមិនមែនដោយសាររឿងរូបគេជាលោក ស៉ិន ស៉ីសាមុត ចាប់ជាតិនោះទេ ប៉ុន្តែជាបទចោទប្រកាន់ពាក់ព័ន្ធនឹងការញុះញង់ឱ្យមានការរើសអើង និងការប្រមាថរាជរដ្ឋាភិបាលនិងមន្ត្រីរាជការសាធារណៈតាមបណ្ដាញសង្គម ដូច្នេះសូមសាធារណជនកុំមានការយល់ច្រឡំចំពោះសមត្ថកិច្ច និងស្ថាប័នតុលាការឱ្យសោះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។

សូមជម្រាបថា នាពេលថ្មីៗនេះ បុគ្គលឈ្មោះ ពេជ ពិសិដ្ឋ ហៅសាមុត ពិសិដ្ឋ បានផ្ដល់បទសម្ភាសជាមួយសារព័ត៌មានអនឡាញមួយ ដោយបានអះអាងថាខ្លួនជាលោក ស៉ិន ស៉ីសាមុត ចាប់ជាតិ ដែលធ្វើឱ្យសាធារណជនក្នុងបណ្ដាញសង្គមមានការភ្ញាក់ផ្អើល ដែលករណីនេះធ្វើឱ្យពាក់ព័ន្ធនឹងផ្លូវច្បាប់។

ក្រោយមក ក៏មានការកោះហៅឱ្យបុគ្គលឈ្មោះ ពេជ ពិសិដ្ឋ នេះចូលខ្លួនបំភ្លឺចំពោះមុខសមត្ថកិច្ច ខណៈសាធារណជនមួយចំនួនយល់ច្រឡំថា ការកោះហៅឱ្យបុគ្គលឈ្មោះ ពេជ ពិសិដ្ឋ រូបនេះ គឺដោយសារតែរូបគេអះអាងថាខ្លួនជាលោក ស៉ិន ស៉ីសាមុត ចាប់ជាតិ ព្រមទាំងបានបង្ហាញការអាណិតអាសូរ និងស្នើសុំទៅកាន់សមត្ថកិច្ចឱ្យគ្រាន់តែផ្ដល់ការអប់រំដល់បុគ្គលឈ្មោះ ពេជ ពិសិដ្ឋ រូបនេះបានហើយ សូមកុំយកទោសអូសដំណើររូបគេអី។

ដើម្បីបញ្ជាក់ជូនសាធារណជនឱ្យកាន់តែច្បាស់លាស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានបញ្ជាក់ថា ផ្អែកតាមលិខិតកោះហៅឱ្យចូលខ្លួនបំភ្លឺដំបូង សមត្ថកិច្ចគ្រាន់តែឱ្យបុគ្គលរូបនេះចូលខ្លួនធ្វើកិច្ចសន្យាអប់រំ និងបញ្ឈប់សកម្មភាពនានា ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសតារាចម្រៀងវប្បធម៌មរតកដើម ប៉ុន្តែបុគ្គលរូបនេះមិនបានបញ្ឈប់សកម្មភាពនោះទេ ហើយថែមទាំងបន្តផ្សព្វផ្សាយញុះញង់ប្រមាថដល់ការដឹកនាំរបស់រាជរដ្ឋាភិបាល និងមន្ត្រីរាជការសាធារណៈបន្ថែមទៀតទេ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានពន្យល់ថា ក្រោយពីទទួលបានលិខិតកោះហៅឲ្យចូលខ្លួនបំភ្លឺ បុគ្គលរូបនេះបានផ្សាយផ្ទាល់តាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដោយបានបរិយាយចោទប្រកាន់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងមន្ត្រីរាជការសាធារណៈ។

សមត្ថកិច្ចជំនាញក៏បានសម្រេចឃាត់ខ្លួនបុគ្គលឈ្មោះ ពេជ ពិសិដ្ឋ នេះ គឺធ្វើឡើងដោយចោទប្រកាន់ពាក់ព័ន្ធនឹងការញុះញង់ឲ្យមានការរើសអើង និងការប្រមាថរាជរដ្ឋាភិបាល និងមន្ត្រីរាជការសាធារណៈតាមបណ្តាញសង្គម។

ក្រោយពីការឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសួរនាំ ហើយសាមីខ្លួនបានសារភាពអំពីអំពើល្មើសច្បាប់របស់ខ្លួនពិតមែន។

ដោយសាមីខ្លួនបានទទួលស្គាល់ និងសន្យាកែខ្លួន ដោយសន្យាថាមិនប្រព្រឹត្តអំពើល្មើសច្បាប់តទៅទៀតឡើយ តំណាងអយ្យការបានសម្រេចឲ្យដោះលែងមានសេរីភាពវិញ៕