(ភ្នំពេញ)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF) អញ្ជើញជាអធិបតី ក្នុងពិធីចែកកញ្ចប់អាហារ ចំនួន៣០០កញ្ចប់ ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅរាជធានីភ្នំពេញ ដែលពិធីនេះធ្វើឡើងស្ថិត នៅបរិវេណវិហារធំគីឡូម៉្រែតលេខ៩ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥។

អំណោយខាងលើ ជាជំនួយរបស់ សមាគមសម្របសម្រួល និងអភិវឌ្ឍន៍សង្គម សហការជាមួយសមាគមពិភពលោកនៃក្តីមេត្តានៃរដ្ឋកូវ៉ែត ក្នុងឱកាសបុណ្យឯករាជ្យជាតិកូវ៉ែតលើកទី៦៤ និងខួបទី៣៤ នៃរំដោះជាតិ។

ក្នុងឱកាសនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានលើកឡើងថា នៅថ្ងៃនេះ ជាថ្ងៃដែលនឹងខិតមកដល់ នៃថ្ងៃបុណ្យឯករាជ្យជាតិរបស់ប្រជាពលរដ្ឋគុយវ៉ែត លើកទី៦៤ ដែលនឹងប្រារព្ធនៅថ្ងៃទី២៥ ខែកុម្ភៈ ខាងមុខនេះ។ ជារៀងរាល់ឆ្នាំ ប្រទេសគុយវ៉ែត បានធ្វើសកម្មភាពមនុស្សធម៍ជាច្រើន នៅក្នុងតំបន់ផ្សេងៗដូចជា អាស៊ី អាហ្វ្រិក មជ្ឈិមបូព៌ា និងបណ្តាប្រទេសផ្សេងៗ ទៀតជាពិសេស ជារៀងរាល់ឆ្នាំក៏មានបង្កើតសកម្មភាពជាច្រើន នៅតាមតំបន់នានា ក្នុងប្រទេសកម្ពុជាផងដែរ។ ជាក់ស្តែង ថ្ងៃនេះមានផ្តល់ជាអំណោយ មនុស្សធម៍ ដែលជាអំណោយរបស់សប្បុរជនកូវ៉ែត។

លោកបណ្ឌិតបានបន្តថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សហគមន៍ឥស្លាមកម្ពុជា សូមថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាល នៃប្រទេសគុយវ៉ែត ប្រជាជនគុយវ៉េត និង អង្គការ Rahmah អន្តរជាតិ និងអង្គការពាក់ព័ន្ធផ្សេងទៀត ដែលតែងតែបានផ្តល់ និងធ្វើការសហការ ជាមួយសមាគមសម្របសម្រួល និងអភិវឌ្ឍន៍ ក្នុងការធ្វើសកម្មភាពមនុស្សធម៍ និងបង្កើតសមទ្ធិផលជាច្រើន ជាបន្តបន្ទាប់ នៅតាមបណ្តារាជធានីខេត្តនានា នៅកម្ពុជា ដូចជាក្នុងការផ្តល់នូវជំនួយផ្សេងៗដូចជា អំណោយកញ្ចប់អាហារ សាលារៀន វិហារ អណ្តូងទឹក និងរ៉ឺម៉ក ជូនដល់ប្រជាជនកម្ពុជា ដែលសុទ្ធសឹកតែជាតម្រូវការចាំបាច់។

លោកបានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា តែងតែស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះជំនួយ និងអំណោយ ដែលផ្តល់ដោយអង្គការសប្បុរសធម៌ផ្សេងៗ ដើម្បីផ្តល់ផលប្រយោជន៍រួមដល់ប្រជាជនកម្ពុជា។

លោកទេសដ្ឋមន្ត្រី រំលឹកដែរថា ជាការពិតដោយសារតែយើងបានរួមរស់នៅក្រោមម្លប់សន្តិភាពរបស់កម្ពុជា ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា ទើបបានជារាល់ទុក្ខលំបាកនានារបស់ប្រជាពលរដ្ឋ តែងតែត្រូវបានទទួលការគាំពារ ការយកចិត្តទុកដាក់ពីសំណាក់ពីប្រមុខដឹកនាំរាជរដ្ឋាភិបាល ក៏ដូចជាដៃគូរអង្គការសមាគមជាតិ និងអន្តរជាតិ ស្រុះដៃគ្នា ក្នុងការចូលរួមដោះស្រាយរាល់ទុក្ខលំបាក ដោយការគៀងគរមូលនិធិមនុស្សធម៌ ចុះជួយប្រជាពលរដ្ឋបានទាន់ពេលវេលា។

ជាចុងក្រោយ លោកបណ្ឌិត សង្ឈឹមថា សមាគមសម្របសម្រួល និងអភិវឌ្ឍន៍សង្គម និងអង្គការសប្បុរសធម៌ផ្សេងៗទៀត នឹងបន្តផ្តល់ជំនួយបន្ថែមទៀត នៅតាមបណ្តាខេត្តផ្សេងៗទៀត ដែលមិនទាន់ទទួលបាន ក្នុងការបំពេញតម្រូវការចាំបាច់សម្រាប់ប្រជាពលរដ្ឋដែលខ្វះខាត។

សូមជម្រាបថា ក្នុងឱកាសបុណ្យឯករាជ្យជាតិកូវ៉ែតលើកទី៦៤ និងខួបទី៣៤ នៃការរំដោះជាតិ ឆ្នាំ២០២៥ នេះ សមាគមសម្របសម្រួល និងអភិវឌ្ឍន៍សង្គម បានសហការជាមួយសមាគម ពិភពលោកនៃក្តីមេត្តានៃរដ្ឋកូវ៉ែត រៀបចំចែកអំណោយជាកញ្ចប់អាហារដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន៥០០ កញ្ចប់ សម្រាប់៥០០គ្រួសារ។

ក្នុងនោះ ចែកជូនប្រជាពលរដ្ឋនៅ រាជធានីភ្នំពេញ ៣០០គ្រួសារ និងនៅខេត្តត្បូងឃ្មុំ ២០០គ្រួសារ។ កញ្ចប់អំណោយខាងលើ ក្នុង ១គ្រួសារទទួលបានដូចជា អង្ករ២០គីឡូក្រាម ស្ករស២គីឡូក្រាម ប្រេងឆា២លីត្រ ទឺកដោះគោ៤កំប៉ុង ត្រីខ១០កំប៉ុង និងមី១កេស៕