(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បាន បានអញ្ជើញជាអធិបតីកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូន ដំណឹងស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៥-២៦ ខែមករា ឆ្នាំ២០២៥ នៅវិមាន ៧មករា រាជធានីភ្នំពេញ។

កិច្ចប្រជុំនេះបានប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ នាទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីអនុប្រធាន សមាជិក សមាជិកា ក្រុមការងារចុះជួយមូលដ្ឋានខេត្ត ក្រុង ស្រុក-ឃុំ-សង្កាត់ ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស ខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ ក្នុងខេត្តក្រចេះ។

លោក ធុន គ្រី អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈប្រចាំការគណៈកម្មាធិការគណបក្សខេត្តក្រចេះ បានអានលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៥-២៦ ខែមករា ឆ្នាំ២០២៥ នៅវិមាន៧មករា ដោយបានបង្ហាញនូវលទ្ធផលជោគជ័យសំខាន់ៗជាច្រើនដែល គណបក្ស ប្រជាជនកម្ពុជាសម្រេចបានក្នុងការបំរើជាតិ និងមាតុភូមិ ពិសេសបានធ្វើការអកសាង និងអភិវឌ្ឍប្រទេសជាតិអោយកាន់តែរីកចម្រើន។

អង្គសន្និបាតបានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការគ្រប់ថ្នាក់ គ្រប់ផ្នែក គ្រប់ក្រុមការងារគណបក្សចុះមូលដ្ឋាន រាជធានី ខេត្ត អង្គការយុវជន បណ្តាអង្គការមហាជនរបស់គណបក្ស មន្ត្រី និង សមាជិក សមាជិកាគណបក្សនៅគ្រប់មូលដ្ឋាន ដែលបានរួមសាមគ្គីយ៉ាងរឹងមាំជុំវិញគណៈកម្មាធិការកណ្តាល យកអស់កម្លាំងកាយ កម្លាំងចិត្ត ខិតខំអនុវត្តកម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចនានា របស់គណបក្សឱ្យសម្រេចបានលទ្ធផលល្អលើគ្រប់ផ្នែក។ អង្គសន្និបាតសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនជនរួមជាតិនៅគ្រប់ទិសទី ដែលមានការជឿជាក់ និងការគាំទ្រយ៉ាងមុតមាំដល់ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជារយៈពេល ៤៦ឆ្នាំកន្លងមកនេះ ធ្វើឱ្យគណបក្សមានលទ្ធភាពពេញលេញក្នុងការបម្រើជាតិ និងប្រជាជន ប្រកបដោយជោគជ័យ។

គណបក្សប្រជាជនកម្ពុជាសូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងមូល សូមបន្តរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីសម្រេចសមិទ្ធផលធំៗថ្មីៗទៀតក្នុងការកសាង និងការពារមាតុភូមិកម្ពុជា ឆ្ពោះទៅរកអនាគតដ៏រុងរឿងលើមាគ៌ា សន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍៕