(បន្ទាយមានជ័យ)៖ លោក សេរី កុសល តំណាងរាស្ដ្រខេត្ដបន្ទាយមានជ័យ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកភ្នំស្រុក នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ ចុះផ្សព្វផ្សាយអំពីលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ ជូនសមាជិក-សមាជិកា ទូទាំងស្រុកភ្នំស្រុក ខេត្ដបន្ទាយមានជ័យ ប្រមាណជាង៥០០នាក់ ។
ក្នុងឱកាសនោះ លោក សេរី កុសល បានលើកឡើងអំពីលទ្ធផល ដែលទទួលបាននាពេលកន្លងមក រួមទាំងកិច្ចការងារតទៅមុខទៀត រហូតដល់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ និងបង្ហាញអំពីចំណុចសំខាន់ៗ នៅក្នុងអង្គសន្និបាតគណៈកម្មាធិការថ្នាក់កណ្ដាល។
លោក សេរី កុសល ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារមន្ត្រីគណបក្សគ្រប់ថ្នាក់នៅមូលដ្ឋាន និងសមាជិកសមាជិកាទាំងអស់ ដែលបានខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ស្មារតី និងធនធានផ្ទាល់ខ្លួន បម្រើប្រជាពលរដ្ឋសម្រេចបានសមិទ្ធផល គួរជាទីមោទនៈក្នុងរយៈពេលកន្លងមកនេះ។
លោកបានលើកឡើងថា អង្គសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា បានវាយតម្លៃចំពោះការកែទម្រង់ និងការពង្រីកអភិបាលកិច្ចស្របតាមអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។
បន្ថែមលើនេះ លោក សេរី កុសល បានផ្តាំផ្ញើដល់មន្ត្រីចុះមូលដ្ឋាន និងមន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់ បន្តធ្វើអំពើល្អ ខិតខំយកអស់កម្លាំងកាយចិត្តនិងស្មារតីទទួលខុសត្រូវ បម្រើប្រជាជន ការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព។
សូមជម្រាបថា អង្គសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា បានប្រព្រឹត្តទៅតាមរបៀបវារៈដែលបានកំណត់ ក្នុងស្មារតីឯកភាព ប្រជាធិបតេយ្យ និងការទទួលខុសត្រូវខ្ពស់ ដោយអង្គសន្និបាតបានសម្រេចការងារដូចជា៖
ទី១៖ ពិភាក្សា និងអនុម័តរបាយការណ៍ស្តីពី «សភាពការណ៍ទូទៅ និងការងារគណបក្ស ឆ្នាំ២០២៤ និងទិសដៅភារកិច្ច ឆ្នាំ២០២៥»។
ទី២៖ បោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ចំនួន ៤ រូប រួមមាន សម្តេចមហាមន្ត្រី គុយ សុផល, ឯកឧត្តម ធន់ វឌ្ឍនា, ឯកឧត្តម ម៉ម សារិន និងឯកឧត្តម តាក ស៊ុនអ៊ី ។
ទី៣៖ គាំទ្រទាំងស្រុងរបាយការណ៍បន្ថែមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណ និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអំពី ស្ថានការណ៍ទូទៅ ជាពិសេសការងារសេដ្ឋកិច្ច សង្គម។
ទី៤៖ បានជ្រួតជ្រាបយ៉ាងស៊ីជម្រៅនូវមតិដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន ប្រធានគណបក្ស ស្តីពីទស្សនៈសភាពការណ៍ជាតិ សភាពការណ៍អន្តរជាតិ និងទិសដៅការងារម៉ូន របស់គណបក្សសម្រាប់រយៈពេលបន្ត៕