(តាកែវ)៖ ពលរដ្ឋសម្តែងកី្តអាណិតស្រលាញ់ចំពោះលំផាត់ និងកោតសរសើរការអភិរក្សសត្វនៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។
ប្រជាពលរដ្ឋដែលបានទៅទស្សនាកម្សាន្តនៅឧទ្យានសួនសត្វភ្នំតាម៉ៅ បានសម្តែងរីករាយដែលបានឃើញកូនដំរីលំផាត់ មានសុខភាពល្អ មានការយកចិត្តទុកដាក់ពីមន្ដ្រីជំនាញនៃមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ និងអង្គការដៃគូ។
លំផាត់ បានទទួលការជួយសង្គ្រោះពីការជាប់អន្ទាក់ នៅក្បែទីស្នាក់ការកណ្តាលដែនជម្រកសត្វព្រៃលំផាត់ ក្នុងខេត្តមណ្ឌលគិរី ហើយបានបញ្ជូនមកព្យាបាលនៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។
ក្រៅពីអាណិតលំផាត់ដែលរងរបួសជើង និងស្រឡាញ់លំផាត់ដែលជាកូនដំរីរពឹស ចេះប្រលែងលេងជាមួយហ្មដំរី ព្រមទាំងរួសរាយរាក់ទាក់ដាក់ភ្ញៀវ ប្រជាពលរដ្ឋក៏បានថ្លែងការកោតសរសើរ និងអរគុណដល់មន្ត្រីអភិរក្សសត្វនៅភ្នំតាម៉ៅ ដែលបានយកចិត្តទុកដាក់មើលថែ បីបាច់លំផាត់ និងសត្វផ្សេងៗទៀតបានយ៉ាងល្អប្រសើរ ដើម្បីរក្សាការពារសត្វទាំងនោះឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយបានស្គាល់ និងចូលរួមការពារថែរក្សាបន្តទៀត។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ខានស្អែកនេះ «លំផាត់» បានផ្លាស់លំនៅ មកស្នាក់អាស្រ័យនៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ បាន២ខែគត់។
តាមរយៈការថែរក្សា និងព្យាបាលយ៉ាងយកចិត្តទុកដាក់ពីមន្ដ្រីជំនាញរបស់យើង សហការជាមួយអង្គការដៃគូ របួសជើងរបស់លំផាត់ មានសភាពធូរស្រាលជាងមុនច្រើន និងឈានទៅជាសះស្បើយទាំងស្រុងនាពេលខាងមុខដ៏ខ្លីនេះ។ មិនដល់២ខែស្រួលបួលផង លំផាត់ឡើងទម្ងន់ពី ១៣៨គីឡូក្រាម ដល់ ១៧២គីឡូក្រាម។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះបងប្អូនគ្រប់មជ្ឈដ្ឋាន ដែលអាណិតស្រឡាញ់លំផាត់ និងបានជួយឧបត្ថម្ភថវិកា ទឹកដោះគោ និងសម្ភារៈបរិក្ខាផ្សេងៗ ដើម្បីសម្រួលដល់ដំណើរការព្យាបាល និងការសម្របខ្លួនរបស់លំផាត់ ដែលផ្លាស់មករស់នៅកន្លែងថ្មី។
ការអញ្ជើញទៅទស្សនាលំផាត់ និងសត្វព្រៃដទៃទៀត ដែលកំពុងស្ថិតនៅក្រោមការសង្គ្រោះ ថែរក្សារបស់មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅរបស់ប្រជាពលរដ្ឋ ក៏ជាកម្លាំងចិត្តសម្រាប់មន្ដ្រីទាំងអស់ និងជាការគាំទ្រមួយដ៏សំខាន់មិនអាចខ្វះបានសម្រាប់ទ្រទ្រង់ដំណើរការទូទៅរបស់មជ្ឈមណ្ឌលយើង។
តាមរយៈករណីលំផាត់ ក្រសួងនិងមជ្ឈមណ្ឌល សង្ឃឹមថា ប្រជាពលរដ្ឋទាំងអស់ បានយល់កាន់តែច្បាស់អំពីធនធានសត្វព្រៃនៅកម្ពុជា និងការប្រឈមមួយចំនួន ដែលទាមទារការយកចិត្តទុកដាក់ និងរួមគ្នាលុបបំបាត់ឲ្យខាងតែបាន ដើម្បីថែរក្សាសត្វព្រៃកម្រនៅកម្ពុជាឲ្យមាននិរន្ដរភាពជារៀងដរាប៕