(កោះកុង)៖ លោក ឥត សារ៉ាត់ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកគីរីសាគរ ខេត្តកោះកុង នៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ដល់សមាជិក សមាជិកា គណបក្សមូលដ្ឋានស្រុកគិរីសាគរ ខេត្តកោះកុង ដែលមានសមាជិកបក្សមកពីឃុំទាំងបី និងក្រុមការងារថ្នាក់កណ្ដាលចុះជួយមូលដ្ឋានប្រមាណជាង ៣០០នាក់។

ក្នុងឱកាសនោះ បន្ទាប់ពីបានស្តាប់សេចក្តីជូនដំណឹងស្តីពីលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា រួមនឹងវឌ្ឍនភាពនៃការរីកចម្រើនលើគ្រប់វិស័យក្នុងភូមិ ឃុំ ស្រុកប្រជាពលរដ្ឋនៅទូរទាំងស្រុកគីរីសាគរ ដែលអានដោយលោក ចេង មុន្នីរិទ្ធ ប្រធានគណបក្សស្រុក រួចមក, លោក ឥត សារ៉ាត់ ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស, សម្ដេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា លោកបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះចិត្តខិតខំប្រឹងប្រែងបំពេញការងារបម្រើប្រជាពលរដ្ឋ របស់ក្រុមការងារ និងមន្រ្តីគណបក្សគ្រប់ថ្នាក់ ពិសេសសមាជិកក្រុមការងារចុះជួយមូលដ្ឋានស្រុកគីរីសាគរ ដែលរហូតមកបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ស្មារតី និងធនធានផ្ទាល់ខ្លួន បម្រើប្រជាពលរដ្ឋសម្រេចបានសមិទ្ធផលគួរជាទីមោទនៈ។

លោកបានលើឡើងថា អង្គសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា បានវាយតម្លៃចំពោះដំណើរការនៃការកែទម្រង់និងការពង្រឹងអភិបាលកិច្ច ​ស្របតាមអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត»​។ ជាពិសេសតាមរយៈការអនុវត្តវិធានការគន្លឹះទាំង៥ បានធ្វើឱ្យមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការកសាងរដ្ឋបាលសាធារណៈប្រកបដោយសមត្ថភាព និងភាពស្អាតស្អំ, ការកសាងធនធានមនុស្សប្រកបដោយចំណេះដឹង ចំណេះធ្វើគុណធម៌ និងកាយសម្បទា, ការពង្រីកវិសាលភាព និងប្រសិទ្ធភាពនៃប្រព័ន្ធគាំពារសង្គម, ការបង្កើតការងារ និងជំរុញផលិតកម្ម ព្រមទាំងការពង្រឹងសន្តិសុខ សុវត្ថិភាព និងយុត្តិធម៌សង្គម។

លោក ឥត សារ៉ាត់ បានគូសបញ្ជាក់អំពីការដាក់ចេញទិសដៅរបស់សន្និបាតឆ្នាំ២០២៥ ក្នុងការពង្រឹងធ្លុងមហាសាមគ្គីជាតិ ក្រោមដំបូងរដ្ឋធម្មនុញ ការពាររឹងមាំឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ការពារដាច់ខាត សុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ មិនឱ្យកម្លាំងអមិត្ត ឬក្រុមជ្រុលនិយមណាមកបំផ្លាញការអភិវឌ្ឍ និងសេចក្តីសុខសាន្តរបស់ប្រជាជនបានឡើយ។

លោកប្រធានបានធ្វើការផ្តាំផ្ញើដល់គណៈកម្មាធិការបក្សស្រុក គណបក្សឃុំឱ្យយកចិត្តទុកដាក់បង្កើន និងពង្រឹងសមាជិកគណបក្សទាំងបរិមាណ គុណភាព ដោយឈរលើគោលការណ៍សាមគ្គីឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ ជាពិសេសបន្ត ការកសាង អភិវឌ្ឍន៍មាតុភូមិកម្ពុជា។

ដោយឡែកសម្រាប់មន្ត្រីក្រុមការងារចុះពង្រឹងគណបក្សមូលដ្ឋាន, លោក ឥត សារ៉ាត់ ក៏បានផ្ដល់ការលើកទឹកចិត្ត ឱ្យមន្រ្តីបក្សចុះពង្រឹងមូលដ្ឋាន និងមន្រ្តីគណបក្សគ្រប់ថ្នាក់ទាំងអស់ បន្តធ្វើអំពើល្អ ខិតខំយកអស់កម្លាំងកាយចិត្តនិងស្មារតីទទួលខុសត្រូវ បម្រើប្រជាជន ការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងបង្រ្កាបទាន់ពេលវេលារាល់បទល្មើសនានា ក្មេងទំនើង ការប្រើប្រាស់គ្រឿងញឿន ការបន្តថែរក្សាសុខសន្តិភាព ពិសេសអនុវត្តឱ្យបានជាប្រចាំ នូវភូមិ-ឃុំ មានសុវត្ថិភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរ។

ឆ្លើយតបទៅនឹងសំណូមពរ និងកង្វះខាតរបស់គណបក្សមូលដ្ឋាន និងប្រជាពលរដ្ឋ ព្រះសង្ឃក្នុងស្រុកគីរីសាគរ, លោក ឥត សារ៉ាត់ បានប្រគេនស៊ីម៉ង់ត៍ និងបច្ច័យកសាង ដែលបានពីការចូលរួមចែករំលែកនូវធនធានផ្ទាល់ខ្លួនរបស់សមាជិកក្រុមការងារថ្នាក់កណ្ដាលចុះជួយមូលដ្ឋានស្រុកគិរីសាគរ ប្រគេនដល់ព្រះសង្ឃគង់នៅវត្តគីរីតេជោ ហៅវត្តកូនកុក ឃុំកោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុង មានស៊ីម៉ង់ចំនួន ៧៤តោន និងបច្ច័យកសាង ១០០០ដុល្លារ សម្រាប់បន្តការងារកសាងព្រះវិហារ ដែលបច្ចុប្បន្នកំពុងមមាញឹកកសាងបានប្រមាណជាជាង ៥០% ហើយនោះ៕