(ភ្នំពេញ)៖ លោក ជីវ កេង ប្រធានតុលាការកំពូល បានផ្ដល់អនុសាសន៍៥ចំណុច យ៉ាងម៉ឺងម៉ាត់ ដល់មន្ត្រីតុលាការគ្រប់ជាន់ថ្នាក់ ដើម្បីពង្រឹងវិស័យយុត្តិធម៌នៅកម្ពុជា។ ការផ្ដល់អនុសាសន៍របស់ប្រធានតុលាការកំពូល នៃកម្ពុជា បានធ្វើឡើងនៅក្នុង សន្និបាតបូកសរុបលទ្ធផល ការងារសម្រាប់ឆ្នាំ២០២៤ និងកំណត់ទិសដៅការងារសម្រាប់ឆ្នាំ២០២៥ ដែលបានប្រព្រឹត្តិទៅនាថ្ងៃទី៦-៧ ខែកុម្ភៈ ឆ្នាំ២០២៥ ស្របតាមមាត្រា៧៣ នៃច្បាប់ស្តីពីការរៀបចំអង្គការតុលាការ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌ មាន Fresh News ទទួលបាននៅមុននេះបន្តិច។
ថ្លែងក្នុងពិធីបិទសន្និបាតនេះ លោក ជីវ កេង ប្រធានតុលាការកំពូល បានផ្តាំផ្ញើយ៉ាងម៉ឺងម៉ាត់ ដល់មន្ត្រីតុលាការគ្រប់ជាន់ថ្នាក់ មានជាអាទិ៍៖
១៖ ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈឱ្យបានល្អ ស្មោះត្រង់ចំពោះយុត្តិធម៌ លើកទឹកចិត្តមន្ត្រីដែលមាន គុណសម្បត្តិក្នុងការបម្រើវិស័យយុត្តិធម៌បានល្អ ដាក់វិន័យយ៉ាងតឹងរ៉ឹងនិងមិនយោគយល់ចំពោះមន្ត្រី ទាំងឡាយណាដែលប្រព្រឹត្តខុសឆ្គង ពុករលួយ បង្កការលំបាកដល់ប្រជាពលរដ្ឋដែលមានរឿងក្តីនៅតុលាការ។
២៖ បន្តគាំទ្រប្រកបដោយមនសិការវិជ្ជាជីវៈចូលរួមអនុវត្តនូវយុទ្ធនាការជំរុញនិងពន្លឿនការ ដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាម តុលាការសម្រាប់ឆ្នាំបន្ទាប់ឆ្នាំ២០២៥ ព្រមទាំងបន្តយកចិត្តទុកដាក់លើចំណាត់ការសំណុំរឿងគ្រឿងញៀន សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ សំណុំរឿងអត្រានុកូលដ្ឋាន និងសំណុំរឿងពាក់ព័ន្ធនឹងក្មេង ដែលនាពេលកន្លងមកនេះ ក្រោមការដឹកនាំដ៏មោះមុតប្រកបដោយចក្ខុវិស័យរបស់លោករដ្ឋមន្រ្តី កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ព្រមទាំងការចូលរួម សហការគ្នាជាធ្លុងមួយពីថ្នាក់ដឹកនាំតុលាការនិងអង្គការអយ្យការគ្រប់ជាន់ថ្នាក់ រួមជាមួយចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី និងមន្ត្រីរដ្ឋបាល បំពេញភារកិច្ចលើកិច្ចការកែទម្រង់ក្នុងវិស័យយុត្តិធម៌ រហូតទទួលបានផលជាវិជ្ជមានយ៉ាងធំធេង ធ្វើឱ្យការផ្តល់សេវាយុត្តិធម៌កាន់តែល្អប្រសើរ ដែលជាការ រួមចំណែកដល់ការអភិវឌ្ឍទំនុកចិត្តលើប្រព័ន្ធតុលាការ ក៏ដូចជាការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងលើកកម្ពស់យុត្តិធម៌សង្គមក្នុងគន្លងនីតិរដ្ឋ។ ការណ៍នេះ ជាមូលដ្ឋានយ៉ាងសំខាន់ដល់ការលើកកម្ពស់ សុខុមាលភាពប្រជាពលរដ្ឋ និងសង្គមជាតិ។
៣៖ បន្តយកចិត្តទុកដាក់ដោះស្រាយរឿងក្តីតាមរយៈការផ្សះផ្សាគូភាគីឱ្យសះជានឹងគ្នាស្របតាមច្បាប់ជាធរមាន និងគាំទ្រដល់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
៤៖ បន្តយកចិត្តទុកដាក់និងធានាឱ្យការផ្តល់សេវាយុត្តិធម៌នៅតាមស្ថាប័នរបស់ខ្លួន ឱ្យប្រព្រឹត្តទៅមានលក្ខណៈងាយស្រួល ឆាប់រហ័ស និងប្រកបដោយគុណភាព។
៥៖ ពង្រឹងគុណភាពនៃសេចក្តីសម្រេចរបស់តុលាការដោយធ្វើការវាយតម្លៃលើភស្តុតាង អង្គហេតុ និងអង្គច្បាប់ឱ្យបានហ្មត់ចត់និងត្រឹមត្រូវ តាមរយៈការអនុវត្តសិទ្ធិឱ្យបំភ្លឺស្របតាមច្បាប់ជាធរមាន សំដៅធ្វើយ៉ាងណាឱ្យសេចក្តីសម្រេចរបស់តុលាការអាចយកទៅអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់។
សន្និបាតបូកសរុបលទ្ធផល ការងារសម្រាប់ឆ្នាំ២០២៤ និងកំណត់ទិសដៅការងារសម្រាប់ឆ្នាំ២០២៥នេះប្រព្រឹត្តឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ជីវ កេង ប្រធានតុលាការកំពូល និងលោកស្រី ជា លាង អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល ដោយមានការចូលរួម ពីសមាជិក សមាជិកាឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ថ្នាក់ដឹកនាំ ចៅក្រមនិងព្រះរាជអាជ្ញាអម តុលាការកំពូល ថ្នាក់ដឹកនាំសាលាឧទ្ធរណ៍ និងមហាអយ្យការ ថ្នាក់ដឹកនាំសាលាដំបូងរាជធានី-ខេត្ត និងអយ្យការ អគ្គលេខាធិការ និងមន្ត្រីពាក់ព័ន្ធ។
សន្និបាតនេះបានធ្វើឡើងនៅក្នុងគោលបំណងបូកសរុបលទ្ធផលការងាររបស់តុលាការកំពូល និងមហាអយ្យការប្រចាំឆ្នាំ២០២៤ ដោះស្រាយបញ្ហាប្រឈមនានា និងកំណត់ទិសដៅការងារសម្រាប់ឆ្នាំ២០២៥ ដើម្បីលើកកម្ពស់សេវាយុត្តិធម៌ និងដោះស្រាយរឿងក្តីឱ្យបានយុត្តិធម៌ និងឆាប់រហ័ស។
សូមជម្រាបថាក្នុងឆ្នាំ២០២៤កន្លងមក តុលាការកំពូល និងមហាអយ្យការ បានទទួលសំណុំរឿង ព្រហ្មទណ្ឌចំនួន ១៦៨០រឿង ចាត់ការរួចចំនួន ១,១០៣រឿង និងសំណុំរឿងរដ្ឋប្បវេណីចំនួន ១,១៦០រឿង ចាត់ការរួចចំនួន ៧៧៤រឿង ដូច្នេះជាសរុបមានចំនួន ២,៨៤០រឿង ចាត់ការរួចចំនួន ១,៨៧៧រឿង និងនៅសល់រឿងត្រូវចាត់ការបន្តចំនួន ៩៦៣រឿង។
តាមរយៈសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤នេះ បានបង្ហាញឱ្យឃើញថា ការងារដែល តុលាការកំពូលសម្រេចបានក្នុងឆ្នាំ២០២៤ ទទួលបានលទ្ធផលរីកចម្រើនក្នុងការដោះស្រាយរឿងក្តី គ្រប់ប្រភេទដោយចំណាត់ការកើនឡើងចំនួន ៣៩៧រឿង បើធៀបនឹងឆ្នាំ២០២៣។ ជាងនេះទៅទៀត អង្គសន្និបាតបានធ្វើការពិភាក្សាយ៉ាងសកម្មដោយផុលផុស និងបានរកឃើញដំណោះស្រាយប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមនានាដើម្បីអនុវត្តក្នុងឆ្នាំ២០២៥៕